កីឡាអន្តរជាតិ
អន្តរជាតិ
លោក Arnold លាលែងពីតំណែង CEO មុនពេល Man Utd លក់ហ៊ុនឱ្យមហាសេដ្ឋី Ratcliffe
16, Nov 2023 , 10:49 am        
រូបភាព
លោក Richard Arnold នាយកប្រតិបត្តិក្រុមបិសាចក្រហម Manchester United សម្រេចចិត្តចុះចេញពីតំណែង ក្រោយរួមរស់រយៈពេល ១៦ឆ្នាំ។ នេះបើតាមការប្រកាសរបស់ក្លិបស្ថិតនៅក្របខណ្ឌ ​Premier League នាថ្ងៃទី១៥ ខែវិច្ឆិកា ស្របពេលក្លិបបានរាយការណ៍ថានឹងលក់ភាគហ៊ុនមួយចំនួនឱ្យមហាសេដ្ឋីអង់គ្លេសលោក Sir Jim Ratcliffe។



ដើម្បីជំនួសតំណែងដែលលោក Arnold បានចាកចេញ លោក Patrick Stewart ដែលមានមុខតំណែងជាទីប្រឹក្សាទូទៅ និងជានាយកប្រតិបត្តិក្រុមប្រឹក្សាភិបាល ដែលនៅជាមួយនឹងក្រុម Man United រយៈពេលជាង ១៧ឆ្នាំ នឹងកាន់តំណែង CEO បណ្តោះអាសន្ន។ នាយកប្រតិបត្តិក្លិបនាពេលអនាគតនឹងត្រូវជ្រើសរើសសារជាថ្មី និងយូរអង្វែង ដោយម្ចាស់ក្លិបថ្មី។
 
ទោះយ៉ាងណា អនាគតរបស់បិសាចក្រហម នៅតែមិនទាន់ច្បាស់លាស់ បន្ទាប់ពីក្រុមគ្រួសារ Glazer ជាជនជាតិអាម៉េរិកកាលពីឆ្នាំមុខ បាននិយាយថាពួកគេកំពុងសម្លឹងមើលជម្រើសល្អក្នុងការកែប្រែ សម្រាប់ម្ចាស់ក្លិបជើងឯក​ ២០សម័យរបស់អង់គ្លេស រួមទាំងការវិនិយោគថ្មី និងការលក់ភាគហ៊ុនក្លិបមួយចំនួន។
 
កាលពីខែតុលា បើតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters លោក ​Ratcliffe អាចនឹងបង់ប្រាក់ចំនួន ១,៥ពាន់លានដុល្លារ ដែលស្មើនឹង ២៥ភាគរយ សម្រាប់ទិញយកចំណែកភាគហ៊ុនរបស់ក្លិប Man United។ ទោះយ៉ាងណា រវាងគ្រួសារ Glazer និងមហាសេដ្ឋីអង់គ្លេស មិនទាន់ឈានដល់កិច្ចព្រមព្រៀងអ្វីទៀតឡើយ ប៉ុន្តែកិច្ចព្រមព្រៀងទាំងនេះ ត្រូវបានគេរំពឹងថានឹងអាចឈានដល់សម្រេចគោលដៅ នៅប៉ុន្មានសប្តាហ៍បន្ទាប់ទៀត។
 
ចំណែកលោក ​Arnold កាន់កាប់តំណែងជា CEO ក្លិប Man United រយៈពេល ២ឆ្នាំចុងក្រោយមកនេះ បន្ទាប់ពីលោកបានកាន់តំណែងជាអនុប្រធានប្រតិបត្តិរបស់លោក ​Ed Woodward ហើយក៏បានបំពេញតួនាទីដែលនៅទំនេរតាំងពីឆ្នាំ ២០១៣។ លោក Arnold ជាបុរសមួយរូបដែលបានរួមចំណែកជួយស្តារក្លិបឡើងវិញ ហើយក៏ជាអ្នកនាំយកលោក​ ​Erik ten Hag ឱ្យបានកាន់តំណែងជាអ្នកចាត់ការក្រុម Man United ដែលកំពុងរងសម្ពាធខ្លាំងក្នុងប៉ុន្មានខែចុងក្រោយមកនេះ។
 
​អតីត CEO ក្លិបបិសាចក្រហម បានជួយរកបានប្រាក់ចំណូលដល់ក្លិបជាកំណត់ត្រា និងបាននាំយកកិច្ចព្រមព្រៀងឧបត្ថម្ភធំមួយចំនួន រួមទាំងកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុន Adidas ចំនួន ១,១ពាន់លានដុល្លារ សម្រាប់រយៈពេល ១០ឆ្នាំ បន្ថែមទៀត៕

Tag:
 Richard Arnold
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com