អន្តរជាតិ
ជនជាតិថៃចំនួន ៤១នាក់ ដែលជាប់នៅក្នុងការប្រយុទ្ធនៅមីយ៉ាន់ម៉ាបានធ្វើមាតុភូមិនិវត្តន៍
19, Nov 2023 , 3:39 pm        
រូបភាព
ដោយ៖ ងួនសៅ​ ពុទ្ធិឫទ្ធិ
 
ជនជាតិថៃចំនួន៤១នាក់បានធ្វើមាតុភូមិនិវត្តន៍នៅថ្ងៃទី១៨ ខែវិច្ឆិកា ក្រោយពីជាប់ខ្លួននៅភាគខាងជើងមីយ៉ាន់ម៉ា ជិតព្រំដែនចិន ខណៈដែលការប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋាភិបាល និងក្រុមជនជាតិភាគតិចប្រដាប់អាវុធនៅតំបន់នោះមានការកើនឡើង។ 
 
ការប្រយុទ្ធរវាងរដ្ឋាភិបាលយោធា និងក្រុមជនជាតិភាគតិចប្រដាប់អាវុធ ហើយក្រុមអ្នកតស៊ូគាំទ្រលទ្ធិប្រជាធិបតេយ្យបានធ្វើឱ្យប្រជាជនរាប់ម៉ឺននាក់ត្រូវផ្លាស់ទីលំនៅនៅទូទាំងប្រទេស។
 
«ជនជាតិថៃចំនួន៤១នាក់បានធ្វើដំណើរចេញពីរដ្ឋ Shan នៅច្រកព្រំដែន Tachileik-Mae Sai តាមរយៈការសម្របសម្រួលរវាងអាជ្ញាធរថៃ និងកងទ័ពមីយ៉ាន់ម៉ា» ។ កងទ័ពថៃបាននិយាយបែបនេះនៅក្នុងសេចក្តីថ្លែងការណ៍។ 
 
ជាមួយគ្នានេះ កងទ័ពថៃក៏បានបន្ថែមទៀតថា អាជ្ញាធរថៃកំពុងធ្វើការដើម្បីជួយដល់ជនជាតិថៃយ៉ាងតិចណាស់ចំនួន ២៦៤ នាក់ដែលជាប់នៅជិតទីក្រុង Laukkai ឱ្យធ្វើមាតុភូមិនិវត្តន៍។  
 
អាជ្ញាធរ​ថៃក៏បានបញ្ជាក់បន្ថែមថា ​ប្រជាជន​មួយចំនួនដែល​ជាប់​ក្នុងមីយ៉ាន់ម៉ា​គឺ​ជា ជនរងគ្រោះ​នៃ​ការ​ជួញ​ដូរ​មនុស្សហើយ​ខ្លះ​ទៀត​អាច​ពាក់ព័ន្ធ​នឹង​ក្រុម​ចោរ​បន្លំ​ទូរគមនាគមន៍។
 
ជាការពិត តាមការបញ្ជាក់របស់អង្គការ UN តំបន់អាស៊ីអាគ្នេយ៍ រួមទាំងមីយ៉ាន់ម៉ា បានក្លាយជាមជ្ឈមណ្ឌលសម្រាប់ទូរគមនាគមន៍ និងការក្លែងបន្លំតាមអ៊ីនធឺណិតផ្សេងទៀត ដែលក្នុងនោះមានមនុស្សរាប់សែននាក់ត្រូវបានជួញដូរដោយក្រុមឧក្រិដ្ឋជន និងបង្ខំឱ្យធ្វើការនៅក្នុងមជ្ឈមណ្ឌលបោកប្រាស់ និងប្រតិបត្តិការអនឡាញខុសច្បាប់ផ្សេងទៀតៗ៕ 

Tag:
 ថៃ
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com