ជាតិ
ក្រៅពីរុក្ខជាតិ និងផ្ការាប់ម៉ឺនដើម «សួនរុក្ខជាតិអង្គរ» ក៏មានសួនសត្វដ៏ទាក់ទាញ
20, Nov 2023 , 7:59 am        
រូបភាព
សៀមរាប៖​ សួនរុក្ខជាតិអង្គរ ជារមណីយដ្ឋានកែច្នៃមួយ ដែលមានរុក្ខជាតិជាង៥០០ប្រភេទ ដែលស្ថិតនៅភូមិត្រពាំងសេះ ឃុំគោកចក ក្រុងសៀមរាប។ ក្រៅពីមានរុក្ខជាតិរាប់ម៉ឺនដើម សួនរុក្ខជាតិអង្គរ ក៏មានសួនសត្វ ដែលមានសត្វជាង១០ប្រភេទ ដើម្បីកាន់តែផ្ដល់ភាពទាក់ទាញដល់ទេសចរ។



ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 



សួនរុក្ខជាតិអង្គរ មានទំហំ១៥ហិកតា មាន៥សួន រួមមានសួនឱសថគ្រឿងទេស, សួនផ្កាស្មៅ , សួនផ្កាស្មៅ និងផ្កាចម្រុះ,​សួនអម្បូរត្នោត , សួនសំនៅដ្ឋានខ្មែរ និងសួនព្រៃឈើ និងសត្វព្រៃ ។

  ក្នុងពេលថ្មីៗនេះ រុក្ខជាតិអង្គរ បានរៀបចំសួនសត្វព្រៃដែលជាសួនចុងក្រោយគេរួចរាល់។ លោក មាឃ បូរ៉ា ជាមន្រ្តីគ្រប់គ្រងនៅសួនរុក្ខជាតិអង្គរ  បានឱ្យដឹងថា  សួនព្រៃឈើ និងសត្វព្រៃ មានទំហំ៥ហិកតា ដោយមានសត្វរហូតដល់ជាង១០ប្រភេទ ដូចជា​ក្ងោក អូទ្រីន មាន់ព្រៃ ទន្សោយ ត្រីច្រើនប្រភេទ អណ្ដើក  និងសត្វស្លាបជាដើម។
 
លោក មាឃ បូរ៉ា បានរៀបរាប់ដូច្នេះ៖  «ក្រៅពីសួនទាំង៤ ដែលមានស្រាប់ សាធារណៈជន មានចំណាប់អារម្មណ៍នៅសួនសត្វ  ដោយសារសួនសត្វ វាមានសកម្មភាពប្លែកពីសួនរុក្ខជាតិដែលយើងដាំ ។ វាជាការទាក់ទាញមួយសម្រាប់សាធារណៈជនចូលទស្សនា គាត់ទទួលបាននូវចំណីអារម្មណ៍ប្លែក។ ក្នុងសួនសត្វនេះ ក៏យើងបន្ថែមនូវការបាញ់ព្រួញកម្សាន្តផងដែរ»។ 
 
លោក មាឃ បូរ៉ា បានបន្ថែមថា គ្រោងនឹងបន្ថែមនាំចូលសត្វប្លែកៗបន្ថែមទៀត  ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិ៕ 
 

Tag:
 សួនរុក្ខជាតិអង្គរ
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com