ជាតិ
ស្ត្រីម្នាក់ នៅកំពត ឆ្លងជំងឺផ្ដាសាយបក្សី
24, Nov 2023 , 10:52 am        
រូបភាព
រូបតំណាំង (ប្រភពរូបពី United Nations in Cambodia)
រូបតំណាំង (ប្រភពរូបពី United Nations in Cambodia)
ភ្នំពេញ៖ ក្រសួងសុខាភិបាល ប្រកាសរកឃើញស្ត្រីវ័យ២១ឆ្នាំម្នាក់ នៅភូមិត្រពាំងឫស្សី ឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត មានផ្ទុកជំងឺផ្ដាសាយបក្សី។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញថ្ងៃទី២៤វិច្ឆិកា។

 
ក្រុមគ្រូពេទ្យនៅវិទ្យាស្ថានជាតិសុខាភិបាលសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានរកឃើញករណីឆ្លងជំងឺផ្ដាសាយនេះ នៅថ្ងៃទី២៣វិច្ឆិកា។ ដើមហេតុនៃការឆ្លង គឺនៅក្នុងផ្ទះ និងភូមិ របស់អ្នកជំងឺ មានករណីងាប់មាន់យ៉ាងច្រើនជាបន្តបន្ទាប់ កាលពីមួយសប្ដាហ៍មុន។ 
 
លុះដល់ថ្ងៃទី១៩វិច្ឆិកា ស្ត្រីវ័យ២១ឆ្នាំខាងលើ បានចាប់ផ្ដើមឈឺ ដោយមានរោគសញ្ញាផ្លូវដង្ហើម រួមទាំងគ្រុនក្ដៅ ពិបាកដកដង្ហើម និងក្អក។ ក្រោយមក ក៏បានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នៅថ្ងៃទី២៣វិច្ឆិកា និងពិនិត្យឃើញថាមានផ្ទុកជំងឺផ្ដាសាយបក្សី។ យ៉ាងណា នៅពេលនេះ ក្រុមគ្រូពេទ្យ បានបន្តយកចិត្តទុកដាក់លើអ្នកជំងឺ ដែលស្ថិតក្នុងសង្គ្រោះបន្ទាន់។ 
 
ករណីរកឃើញជំងឺឆ្លងផ្ដាសាយបក្សីនេះ ក្រសួងសុខាភិបាល ក្រសួងកសិកម្ម និងក្រសួងបរិស្ថាន បានចុះទៅស្រាវជ្រាវរកប្រភពចម្លង ទាំងលើសត្វនិងមនុស្ស។ លើសពីនេះ គឺស្វែងរកអ្នកសង្ស័យ និងអ្នកប៉ះពាល់ផ្ទាល់ជាមួយសត្វដែលងាប់ និងអ្នកជំងឺ ដើម្បីទប់ស្កាត់ការឆ្លងផងដែរ។ 
 
ជុំវិញការឆ្លងជំងឺផ្ដាសាយបក្សីនេះ ក្រសួងអំពាវនាវឱ្យពលរដ្ឋ យកចិត្តទុកដាក់បង្ការ ហើយបើពលរដ្ឋមានអាការៈក្ដៅខ្លួន ក្អក ឬពិបាកដកដង្ហើម ត្រូវទៅពិនត្យសុខភាពឱ្យបានទាន់ពេល ជៀសវាងទៅចូលរួមក្នុងកម្មវិធី ឬប្រជុំជន ដែលមានមនុស្សច្រើន៕ 

Tag:
 H5N1
© រក្សាសិទ្ធិដោយ thmeythmey.com