កីឡាជាតិ
ជាតិ
បុណ្យអុំទូក
ថ្វាយភ្លេង ៤ទីតាំង ជូនដំណើរទូក ង នរិន្ទរង្សីពិជ័យចិត្របុត្រ ឬអធិរាជស្ទឹងសង្កែ មកភ្នំពេញ
24, Nov 2023 , 11:18 am        
រូបភាព
រូបភាព៖-នរិន្ទរង្សីពិជ័យចិត្របុត្រ-
រូបភាព៖-នរិន្ទរង្សីពិជ័យចិត្របុត្រ-
ទូក ង នរិន្ទរង្សីពិជ័យចិត្របុត្រ ស្ថិតក្នុងវត្តឯករង្សី នៅឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានចេញដំណើរមកភ្នំពេញនៅថ្ងៃទី២៣ ខែវិច្ឆិកា ដើម្បីចូលរួមប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក ពីថ្ងៃទី២៦ ដល់ ២៨​ ខែវិច្ឆិកា។ មុនចេញដំណើរមករាជធានី មានការថ្វាយភ្លេង៣បទផ្សេងគ្នា នៅ៤ទីតាំងទៅតាមទំនៀម ដើម្បីជាការគោរព និងសុំសេចក្តីសុខ។

បើតាមសង្ឃដីការបស់ព្រះចៅអធិការវត្តឯករង្សី ព្រះនាម ចម ចិត្រ ដែលជាគណៈកម្មាការទូកនរិន្ទរង្សីពិជ័យចិត្របុត្រ ការថ្វាយភ្លេងដែលមានបទ ជ្រងនិមន្ត បទប្រគុំគ្រូ និងបទចុះអូរ ឬប្របកៃ នេះជាទំនៀមរបស់វត្តស្ថិតនៅតាមដងស្ទឹងសង្កែ យូរមកហើយ ពោលគឺតៗគ្នាតាំងពីសម័យលោកម្ចាស់ ជាង១០០ឆ្នាំមុនម្លេះ។ ការថ្វាយភ្លេង មុនចេញពីបាត់ដំបង ទៅកាន់រាជធានី ដល់ទៅ៤ទីតាំង រួមមាននៅទីតាំងវត្តឯករង្សី វត្តក្តុល សារមន្ទីរខេត្ត និងនៅរូបសំណាកតាដំបងក្រញូង។
 
ចៅអធិការពន្យល់ថា ការថ្វាយភ្លេងនៅមុខវត្តក្តុលជាការរលឹកនឹកដល់គុណគ្រូបាធ្យាយពីបុរាណ និងជាជំនឿរបស់អ្នកស្រុកឯកភ្នំ អំពីអនុភាពរបស់ព្រះអង្គមុខបួន។ ថ្វាយភ្លេងនៅមុខវត្តក្តុល ធ្វើឡើងបន្ទាប់ពីថ្វាយភ្លេងនៅវត្តឯករង្សីដែលជាវត្តម្ចាស់ទូក ដើម្បីសម្តែងការគោរព និងសុំសេចក្តីសុខ។
 
ការថ្វាយភ្លេង នៅមុខសាលាខេត្ត ដែលសព្វថ្ងៃជាសារមន្ទីរខេត្តបាត់ដំបង និងជាអតីតផ្ទះលោកម្ចាស់ កថាថន ឈុំ ក៏ដើម្បីសុំសេចក្តីសុខពីអ្នកជំនាន់មុន ក៏ដូចជាការគោរពគារវកិច្ច ព្រោះអតីតកាលលោកម្ចាស់ជាម្ចាស់ទឹកដីខេត្តបាត់ដំបង ហើយក៏មានមន្តវិជ្ជាការខ្ពង់ខ្ពស់ដោយជាសិស្សលោកគ្រូចាន់ ត្រោស្ស ម្យ៉ាងជាការគោរពដល់ថ្នាក់ដឹកនាំខេត្តបាត់ដំបង។
 
និងចុងក្រោយនៅតាដំបូងក្រញ៉ូង ដែលជាទីតាំងដែលប្រជាជនក្នុងខេត្តទាំងមូលគោរព និងបន់ស្រន់ផ្សេងៗ។ លោកតាញូងជាម្ចាស់ទឹកដីខេត្តបាត់ដំបង ជាការគោរព សុំពរជ័យ ពីលោក ដឹងគុណដូនតាជារឿងចំបងដែលព្រះគ្រូចៅអធិការវត្តឯករង្សី តែងតែប្រៀនប្រដៅកងពលអោយធ្វើ និង គោរពតាំងពីដើមរៀងមក។
 
ទូក ង នរិន្ទរង្សីពិជ័យចិត្របុត្រ ដែលគេឱ្យរហស្សនាមថា អធិរាជដងស្ទឹងសង្កែ ដោយសារប្រណាំងមិនស្គាល់ចាញ់សោះនៅទឹកដីបាត់ដំបង។ ទូកនេះ ជាកម្មសិទ្ធរបស់វត្តឯករង្សី ដែលមានទីតាំងនៅឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង៕
 
 

Tag:
 ទូកង អុំទូក
© រក្សាសិទ្ធិដោយ thmeythmey.com