កីឡាជាតិ
ជាតិ
បុណ្យអុំទូក
៣២ឆ្នាំហើយ ដែលលោក ចាន់ហេង ធ្វើជាអ្នកបញ្ជាក្បាលទូកនាងតាវត្តីសែនមានជ័យ
28, Nov 2023 , 8:29 am        
រូបភាព
ដោយសារការស្រលាញ់ថែរក្សាវប្បធម៌ និងប្រពៃណីជាតិផងនោះ លោក​ ចិន ចាន់ហេង ​មានបទពិសោធន៍បញ្ជាក្បាលទូក ង ឈ្មោះ នាងតាវត្តីសែនមានជ័យ រយៈពេល ៣២ឆ្នាំហើយ។



លោក ចាន់ហេង បាននិយាយបញ្ជាក់មកកាន់អ្នកសារព័ត៌មានថ្មីៗដូច្នេះ ៖​«ខ្ញុំជាអ្នកបញ្ជាក្បាលទូក បើនិយាយអំពីប្រវត្តិវិញ បើតាមរយៈពេលមក វាចូល ៣២ឆ្នាំហើយ។ ទីមួយទូកចាស់ខ្ញុំឈរ ៣០ឆ្នាំ និងទូកថ្មីចុងក្រោយ ២ឆ្នាំ។»។ 
 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាង ទស្សនាកិច្ចសម្ភាសខាងក្រោមនេះ រវាង លោក ជា យូគៀង នៃសារព័ត៌មានឌីជីថលថ្មីៗ និងលោក ចិន ចាន់ហេង ដូចតទៅ៖



ជាអ្នកបញ្ជាក្បាលទូក ង ម្នាក់ដែលរស់នៅស្ថិតក្នុងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល លោក ចាន់ហេង បានរៀបរាប់ប្រាប់បន្ថែមអំពីការហ្វឹកហាត់របស់ក្រុមកីឡាករចំណុះទូក ង នាងតាវត្តីសែនមានជ័យ ថាក្រុមលោក សមដៃច្រវ៉ាគ្នាយ៉ាងស្វាហាប់ សម្រាប់ត្រៀមខ្លួនចូលរួមការប្រណាំង។
 
លោក ចាន់ហេង ក៏បានបង្ហាញអារម្មណ៍ត្រេកអរ ដែលបានដឹកនាំទូកចូលរួមការប្រកួតក្នុងស្រុកល្វាឯម មុននឹងចូលរួមការប្រកួតនៅរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ ២០២៣។ 
 
ដោយឡែក ទូក ង ឈ្មោះ នាងតាវត្តីសែនមានជ័យ មានអាយុកាល ២៩ឆ្នាំ ហើយ ក្រោយបានកសាងឡើងនៅក្នុងឆ្នាំ ១៩៩៤។ នេះបើតាមការបញ្ជាក់​របស់លោក អ៊ួង សំកន ដែលជាប្រធានទូក ង ស្ថិតនៅក្នុងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ប្រាប់មកកាន់សារព័ត៌មានថ្មីៗ។ 
 
មានប្រវត្តិក្នុងការដឹកនាំទូក ចាប់តាំងពីឆ្នាំ ១៩៩៣មក លោក សំកន មានបទពិសោធន៍គ្រប់គ្រង និងថែរក្សាទូក ង ដែលស្ថិតនៅក្នុងវត្តថ្មគរ ចាប់តាំងពីទូក ង ត្រូវបានកសាងឡើងដំបូងមកដល់បច្ចុប្បន្ន។ 
 
បើតាមការអះអាងរបស់ ប្រធានទូក ដដែលជាអ្នករស់នៅក្នុងឃុំថ្មគរ ស្រុកល្វាឯម ទូក ង ឈ្មោះនាងតាវត្តីសែនមានជ័យ ដំបូងចាប់ផ្តើមកសាងឡើងដំបូង និងបានមានឈ្មោះថា នាងតាវត្តីស្រីមានរិទ្ធិ ចាប់តាំងពីឆ្នាំ ១៩៩៤​ ក្រោយសម័យអ៊ុនតាក់ពីឆ្នាំ ១៩៩២-៩៣ ហើយបន្ទាប់មកក៏បានប្តូរដាក់ឈ្មោះ នាងតាវត្តីសែនមានជ័យ នៅក្នុងសម័យកាលក្រោយ រហូតដល់បច្ចុប្បន្ន។
 
គួររំលឹកថាព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ នៅរាជធានីភ្នំពេញ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ដល់ ២៨ ខែវិច្ឆិកា ក្រោយខកខានការប្រណាំងរយៈពេល ៣ឆ្នាំ ដោយសារតែវិបត្តិជំងឺកូវីដ-១៩ និងការរៀបចំធ្វើម្ចាស់ផ្ទះប្រធានអាស៊ានក្នុងឆ្នាំ ២០២២៕

Tag:
 បុណ្យអុំទូក
© រក្សាសិទ្ធិដោយ thmeythmey.com