អន្តរជាតិ
វៀតណាម លើកកម្ពស់ទំនាក់ទំនង ជាមួយជប៉ុនដល់កម្រិតខ្ពស់បំផុត
28, Nov 2023 , 11:59 am        
រូបភាព
វៀតណាម​ និង​ជប៉ុន​ ​បាន​ដំឡើង​ទំនាក់ទំនង​ជា​ផ្លូវការ នៃ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​​គ្រប់​ជ្រុងជ្រោយ​ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​វៀតណាម ​លោក Vo Van Thuong នៅ​ទីក្រុង​តូក្យូ នា​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា។

 
ការផ្លាស់ប្តូរកម្រិតទំនាក់ទំនងនេះ បានបញ្ជាក់អំពីតួនាទីយុទ្ធសាស្ត្រកាន់តែខ្លាំងឡើង របស់វៀតណាមដែលជាតំណភ្ជាប់ដ៏សំខាន់នៅក្នុងខ្សែច្រវ៉ាក់
ផ្គត់ផ្គង់ពិភពលោក ចំពេលដែលមានភាពតានតឹងពាណិជ្ជកម្មរវាងចិន និងលោកខាងលិច។ ការណ៍នេះ ក៏កំពុងជួយនាំយកការ វិនិយោគបរទេសមកកាន់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ខណៈក្រុមហ៊ុនមួយចំនួនផ្លាស់ប្តូរទីតាំងប្រតិបត្តិការ ពីចិន។
 
«នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលបើកទំព័រថ្មីក្នុងទំនាក់ទំនងវៀតណាម-ជប៉ុន»។ លោក Thuong បានថ្លែងបែបនេះក្នុងសន្ទរកថាដែលបានចាក់ផ្សាយតាមទូរទស្សន៍ជាតិ។
 
ការកើនឡើងនៃទំនាក់ទំនងជាមួយជប៉ុនបានធ្វើឡើងបន្ទាប់ពីវៀតណាមបានធ្វើឱ្យប្រសើរ ឡើងនូវទំនាក់ទំនងជាប្រវត្តិសាស្ត្រ ជាមួយអាម៉េរិកកាលពីខែកញ្ញា  ឆ្នាំ២០២៣ នៅពេលដែលអតីត សត្រូវមួយនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើន រួមទាំងលើឧបករណ៍ សឺមីកុងឌុចទ័រ និងសារធាតុរ៉ែសំខាន់ៗ។ 
 
ឯជប៉ុន គឺជាប្រភពនៃការវិនិយោគបរទេសធំជាងគេទី ៣ របស់វៀតណាម និងជាដៃគូពាណិជ្ជ កម្មធំបំផុតទី ៤ របស់ខ្លួនជាមួយនឹងពាណិជ្ជកម្មទ្វេភាគីឈានដល់ ៥០ ពាន់លានដុល្លារ កាលពីឆ្នាំ២០២២។ ក្រុមហ៊ុនចម្រុះជាតិសាសន៍របស់ជប៉ុនមួយចំនួនដូចជា Canon, Honda, Panasonic និង Bridgestone ស្ថិតក្នុងចំណោមអ្នកវិនិយោគបរទេសធំជាងគេនៅវៀតណាម ដោយបានប្រែ ក្លាយវាទៅជាមជ្ឈមណ្ឌលផលិតកម្មក្នុងតំបន់ជាមួយនឹងសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុត មួយនៅអាស៊ី។ 
 
ម្យ៉ាងវិញទៀត ទាំងវៀតណាម ទាំងជប៉ុន សុទ្ធតែជាប់ពាក់ព័ន្ធក្នុង ជម្លោះដែនសមុទ្រជាមួយចិនក្នុងតំបន់ផ្សេងគ្នាក្នុងឆ្នាំ ២០២០ ដែលវៀតណាមបានឈាន ដល់កិច្ចព្រមព្រៀងកម្ចីជប៉ុនចំនួន ៣៤៨ លានដុល្លារ ដើម្បីសាងសង់នាវាល្បាតចំនួន ៦ គ្រឿង។
 
គួរបញ្ជាក់ថា មកទល់ពេលនេះ វៀតណាមបានកំណត់ប្រទេសចំនួនប្រាំជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ រួមមានចិន ឥណ្ឌា រុស្ស៊ី កូរ៉េខាងត្បូង និងអាម៉េរិក៕
 

© រក្សាសិទ្ធិដោយ thmeythmey.com