ជាតិ
សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់ជំហរមិនសាងសង់វារីអគ្គិសនីតាមបណ្តោយទន្លេមេគង្គ
30, Nov 2023 , 9:13 am        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រដ្ឋាភិបាលអណត្តិទី៧ នៅតែរក្សាជំហរមិនធ្វើវារីអគ្គិសនីណាមួយ នៅផ្ទាល់ដងទន្លេមេគង្គនោះឡើយ។ ថ្លែងក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង សម្តេចបានអះអាង រដ្ឋាភិបាលតែងតែគិតគូរយកចិត្តទុកដាក់ជានិច្ចលើការការពារបរិស្ថាន។



ពីការគិតគូររហូតឈានដល់ការសាងសង់ គឺត្រូវចំណាយអស់រយៈពេល១៨ឆ្នាំ។ ប្រមុខរដ្ឋាភិបាលបានលើកឡើងយ៉ាងដូច្នេះ ដើម្បីបញ្ជាក់ថាគ្មានការអភិវឌ្ឍណា ដែលមិនមានការយកចិត្តទុកដាក់លើបញ្ហាបរិស្ថាន ជីវិតមនុស្ស សត្វនោះឡើយ។ «យើងត្រូវគិតគ្រប់ គិតសព្វ.. មនុស្សបានផល បរិស្ថាន ត្រូវការពារ»។ សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជា ត្រូវមានសមត្ថភាពខ្លួនឯងក្នុងការកសាងបណ្តាញអគ្គិសនីដោយខ្លួនឯង ដើម្បីចៀសវាងហានិភ័យណាមួយ ក្នុងករណីប្រទេសជិតខាងមានបញ្ហាលើបញ្ហាអគ្គិសនី។

ក្រោមការវិនិយោគរបស់ក្រុមហ៊ុនចិន China National Heavy Machinery Corporation (CHMC) ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ជាគម្រោងមួយដែលប្រើប្រភពទឹកស្ទឹងចំនួន ២ គឺ ស្ទឹងកែប និងស្ទឹងតាតៃ ដោយសាងសង់ទំនប់២ កាត់ស្ទឹងទាំង២ បង្កើតជាអាងស្តុកទឹក២ ភ្ជាប់គ្នាទៅវិញទៅមក ដែលមានអានុភាពសរុប ១៥០មេហ្គាវ៉ាត់។

គម្រោងនេះ ត្រូវធ្វើឡើងក្រោមរូបភាពជាគម្រោង វិនិយោគសាងសង់ -ដំណើរការ -ផ្ទេរ (Build-Operation-Transfer) ក្នុងទំហំវិនិយោគសរុបជិត៤០០លានដុល្លារអាម៉េរិក។ គម្រោងនេះ ផ្ដល់សម្បទានរយៈពេល ៣៩ឆ្នាំ ក្នុងនោះរយៈពេល ៤ឆ្នាំ សម្រាប់ការសាងសង់ និង ៣៥ឆ្នាំ សម្រាប់ការធ្វើអាជីវកម្ម។ បរិមាណមូលដ្ឋាន នៃថាមពលអគ្គិសនីផលិតប្រចាំឆ្នាំលក់ឱ្យអគ្គិសនីកម្ពុជា គឺជាមធ្យមប្រមាណ ៥២៧លាន គីឡូវ៉ាត់ម៉ោង៕



© រក្សាសិទ្ធិដោយ thmeythmey.com