អន្តរជាតិ
លោក Henry Kissinger ម្ចាស់ពានណូបែលសន្តិភាពដ៏ចម្រូងចម្រាសដោយសារសង្រ្គាមវៀតណាម
30, Nov 2023 , 3:19 pm        
រូបភាព
អតីតរដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក Henry Kissinger។ រូបភាព AFP
អតីតរដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក Henry Kissinger។ រូបភាព AFP
លោក Henry Kissinger អតីតរដ្ឋមន្រ្តីការបរទេសអាម៉េរិក បានទទួលមរណភាពនៅអាយុ ១០០ឆ្នាំ នៅផ្ទះរបស់លោកក្នុងរដ្ឋ Connecticut។​ នេះបើតាមការប្រកាសរបស់ក្រុមហ៊ុន Kissinger Associates នៅថ្ងៃទី២៩ ខែវិច្ឆិកា។ អតីតប្រមុខការទូតអាម៉េរិករូបនេះ ធ្លាប់រងការរិះគន់ពាក់ព័ន្ធនឹងសង្រ្គាមអាម៉េរិកនៅវៀតណាម និងការទម្លាក់គ្រាប់បែកនៅកម្ពុជា និងឡាវផងដែរ។

 
ប្រវត្តិលោក Henry Kissinger មុនកាន់តំណែងជារដ្ឋមន្រ្តីការបរទេស
 
នៅក្នុងថ្ងៃទី២៣ ខែឧសភា ឆ្នាំ១៩២៣ លោក Henry Kissinger បានចាប់កំណើតឡើងនៅក្នុងគ្រួសារជ្វីហ្វឋានៈកណ្តាលមួយ ក្នុងរដ្ឋ Bavaria អាល្លឺម៉ង់។ ដោយសារមានការតាមប្រមាញ់ពីសំណាក់ក្រុមណាហ្ស៊ីលើជនជាតិជ្វីហ្វ ក្នុងអំឡុងសង្រ្គាមលោកលើកទីពីរ គ្រួសាររបស់លោក Kissinger​ បានគេចខ្លួនមកអាម៉េរិក និងបានរស់នៅក្នុងសហគមន៍ជនជាតិជ្វីហ្វ ក្នុងក្រុងញូវយ៉ក។ 
 
ជាក្មេងម្នាក់ដែលអៀនច្រើន លោក Kissinger មានការតស៊ូយ៉ាងខ្លាំង។ លោក Kissinger ត្រូវរៀននៅវិទ្យាល័យ ក្នុងពេលយប់ និងធ្វើការនៅរោងចក្រផលិតជក់កោរពុកមាត់នៅពេលថ្ងៃ។ លោក Kissinger បានទទួលសញ្ជាតិអាម៉េរិក នៅក្នុងឆ្នាំ១៩៤៣ និងបានបម្រើការក្នុងយោធាអាម៉េរិក ក្នុងនាមជាអ្នកបកប្រែភាសាអាល្លឺម៉ង់ នៅសម័យសង្រ្គាមលោកលើកទីពីរ។ ក្នុងឆ្នាំ១៩៤៥ ទាហានអាម៉េរិករូបនេះ បានទទួលមេដាយ Bronze Star ក្នុងតួនាទីប្រឆាំងចារកិច្ច។ 

លោក Zhou Enlai នាយករដ្ឋមន្រ្តីចិន (ឆ្វេង) ជាមួយលោកHenry Kissinger ក្នុងឆ្នាំ១៩៧១។ រូបភាពLibrary of Congress
 
បន្ទាប់ពីបញ្ចប់កិច្ចការនៅអាល្លឹម៉ង់ លោក Kissinger បានវិលត្រលប់មកអាម៉េរិកវិញ និងបានសិក្សាផ្នែកវិទ្យាសាស្រ្តនយោបាយ នៅសកលវិទ្យាល័យ Harvard ដោយទទួលបានបរិញ្ញាបត្រ នៅឆ្នាំ១៩៥០ និងបណ្ឌិត នៅឆ្នាំ១៩៥៤។ 
 
ពីចន្លោះឆ្នាំ១៩៥៤ ដល់ឆ្នាំ១៩៦៩ បណ្ឌិតរូបនេះ បានបម្រើការនៅសកលវិទ្យាល័យ Harvard ក្នុងនាមជាសាស្រ្តាចារ្យរដ្ឋាភិបាលមួយរូប និងជាអ្នករៀបចំផែនការនៅនាយកដ្ឋានរដ្ឋាភិបាល និងមជ្ឈមណ្ឌលកិច្ចការអន្តរជាតិរបស់សកលវិទ្យាល័យ Harvard។ ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៥០ និង១៩៦០ លោក Kissinger ក៏បានបំពេញការងារផ្សេងទៀតផងដែរ ក្នុងនោះមាន ទីប្រឹក្សារបស់ទីភ្នាក់ងាររដ្ឋាភិបាលអាម៉េរិកមួយចំនួនដូចជា ក្រសួងការបរទេសអាម៉េរិក, ការិយាល័យស្រាវជ្រាវប្រតិបត្តិការ និងទីភ្នាក់ងារកាត់បន្ថយអាវុធ និងការគ្រប់គ្រងអាវុធជាដើម។ 
 
បុគ្គលដំបូងដែលកាន់តំណែងសំខាន់ៗពីរក្នុងពេលតែមួយ
 
រហូតដល់ឆ្នាំ១៩៦៩ លោកប្រធានាធិបតី Richard Nixon បានតែងតាំងលោក Kissinger ជាទីប្រឹក្សាសន្តិសុខជាតិដល់ឆ្នាំ១៩៧៥។ បន្ថែមពីលើតួនាទីដ៏សំខាន់ក្នុងសេតវិមាន មន្រ្តីអាម៉េរិករូបនេះ ត្រូវបានតែងតាំងជារដ្ឋមន្រ្តីការបរទេស នៅក្នុងឆ្នាំ១៩៧៣។ ជុំវិញបញ្ហានេះ វាបានធ្វើឱ្យ លោក Kissinger ក្លាយជាបុគ្គលដំបូង ដែលកាន់តំណែងសំខាន់ៗរហូតដល់ទៅពីរ ពោលគឺទីប្រឹក្សាសន្តិសុខជាតិ និងរដ្ឋមន្រ្តីការបរទេសក្នុងពេលតែមួយ។ 
 
ស្នាដៃ និងការរិះគន់លើលោក Kissinger ក្នុងពេលជាទីប្រឹក្សាសន្តិសុខជាតិ និងរដ្ឋមន្រ្តីការបរទេស
 
ក្នុងឋានៈជាទីប្រឹក្សាសន្តិសុខជាតិ លោក Kissinger បានជួយកាត់បន្ថយភាពតាងតឹងរវាងអាម៉េរិក និងសហភាពសូវៀត ដែលកំពុងប្រកួតប្រជែងគ្នា ក្នុងសម័យសង្រ្គាមត្រជាក់ និងជួយឱ្យមាន កិច្ចចរចាកម្រិតអាវុធយុទ្ធសាស្រ្ត(SALT) ក្នុងឆ្នាំ១៩៦៩ ដែលជាកិច្ចចរចាទ្វេភាគី ធ្វើឡើងក្នុងគោលបំណងកាត់បន្ថយចំនួនមីស៊ីលបាលីស្ទីកចម្ងាយឆ្ងាយ។ 
 
នៅពីរឆ្នាំបន្ទាប់ ទីប្រឹក្សាសន្តិសុខជាតិរូបនេះ បានបន្តកិច្ចការរបស់ខ្លួន ដើម្បីស្តារទំនាក់ទំនងចិន-អាម៉េរិកថែមទៀត តាមរយៈដំណើរទស្សនកិច្ចនៅទីក្រុងប៉េកាំង ក្នុងខែកក្កដា ឆ្នាំ១៩៧១។ ក្រោយពីមានការត្រួសត្រាយផ្លូវ លោកប្រធានាធិបតី Richard Nixon បានបំពេញទស្សនកិច្ចទៅចិនជាលើកដំបូង ដើម្បីស្តារទំនាក់ទំនងទ្វេភាគី ក្រោយពេលសង្រ្គាមត្រជាក់មានភាពរបត់ដ៏សំខាន់មួយ ដោយសារភាពបាក់បែករវាងកុម្មុយនីស្តចិន និងរុស្ស៊ី។ 
 
បន្ទាប់ពីការកែលម្អទំនាក់ទំនងទ្វេភាគី រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានទទួលស្គាល់រដ្ឋាភិបាលក្រុងប៉េកាំងជាផ្លូវការ និងជារដ្ឋាភិបាលតែមួយប៉ុណ្ណោះរបស់ចិន។ លើសពីនេះ អាម៉េរិក បានកាត់ផ្តាច់ទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់នៅឆ្នាំដដែល ប៉ុន្តែក៏មិនទុករដ្ឋាភិបាលក្រុងតៃប៉ិឱ្យនៅម្នាក់ឯងដែរ។ នៅឆ្នាំ១៩៧៩ អាម៉េរិក បានអនុម័តច្បាប់ទំនាក់ទំនងតៃវ៉ាន់ ដើម្បីអាចឱ្យខ្លួនមានទំនាក់ទំនងសេដ្ឋកិច្ចជាមួយមិត្តចាស់បានដដែល។ 
 
យ៉ាងណាក៏ដោយ ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិករូបនេះ ក៏មានរឿងអាស្រូវ ចម្រូងចម្រាស និងរងការរិះគន់ច្រើនដែរ តាមរយៈសង្រ្គាមនៅឥណ្ឌូចិន និងការលាក់បាំងសភាពីការទម្លាក់គ្រាប់បែកនៅនៅកម្ពុជា និងឡាវ ក្នុងឆ្នាំ១៩៦៩។ ក្រោមការជួបចរចារហូតដល់ ៦៨លើក រវាងលោក Le Duc Tho មន្រ្តីជាន់ខ្ពស់វៀតណាមខាងជើង និងលោក Kissinger ដោយជំនួបខ្លះជាជំនួបសម្ងាត់ កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ដែលបញ្ចប់សង្រ្គាមនៅវៀតណាម ត្រូវបានធ្វើឡើង។ 
 
ដោយសារតែកិច្ចខិតខំក្នុងកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមវៀតណាមនោះ លោក លោក Kissinger និងលោក Le Duc Tho ត្រូវបានផ្តល់ពានរង្វាន់ណូបែលសម្រាប់សន្តិភាព។ ប៉ុន្តែមានតែលោក Kissinger ប៉ុណ្ណោះបានទទួលយកមេដាយនេះ ខណៈលោក Le Duc Tho បានបដិសេធ។ 
 
តាមការចុះផ្សាយរបស់សារព័ត៌មាន BBC ការទម្លាក់គ្រាប់បែករបស់អាម៉េរិកលើទឹកដីកម្ពុជា ធ្វើឡើងក្នុងគោលបំណងបង្អត់កម្លាំងកុម្មុយនីស្ត និងកាត់ផ្តាច់ស្បៀងអាហារ។ គោលនយោបាយបែបនេះ បានធ្វើឱ្យប្រជាជនស៊ីវិលយ៉ាងហោចណាស់ ៥ម៉ឺននាក់ស្លាប់បាត់បង់ជីវិត និងបង្កអស្ថិរភាព ហើយថែមទាំងទាញកម្ពុជាឱ្យធ្លាក់ក្នុងសង្រ្គាមស៊ីវិល និងរបបប៉ុល ពតថែមទៀត។ 
 
ក្រោយការលាលែងពីតំណែងរបស់លោក Nixon ដោយសាររឿងអាស្រូវ Watergate ពាក់ព័ន្ធនឹងការរំលោភអំណាច លោក Gerald Ford បានចូលកាន់តំណែងជាប្រធានាធិបតីម្តង។ ក្នុងអាណត្តិរបស់លោក Ford លោក Kissinger នៅតែបន្តតំណែងជារដ្ឋមន្រ្តីការបរទេសរហូតដល់ឆ្នាំ១៩៧៧ ដែលជាពេលលោក Jimmy Carter ជាប់ឆ្នោតជាប្រធានាធិបតី។ 
 
តួនាទីក្រោយបញ្ចប់តំណែងជារដ្ឋមន្រ្តីការបរទេស
 
បើទោះលែងជាប្រមុខការទូតអាម៉េរិកក៏ដោយ ប៉ុន្តែលោក Kissinger នៅតែបន្តផ្តល់ប្រឹក្សាដល់រដ្ឋបាលអាម៉េរិកក្រោយៗ។ នៅចន្លោះឆ្នាំ១៩៨៣ ដល់១៩៨៥ លោក Kissinger ត្រូវបានតែងតាំងជាប្រធានគណៈកម្មការទ្វេបក្សជាតិលើអាម៉េរិកកណ្តាល ហើយចន្លោះឆ្នាំ១៩៨៤ ដល់១៩៩០ លោកបានកាន់តំណែងជាសមាជិកក្រុមប្រឹក្សាចារកិច្ចបរទេសរបស់ប្រធានាធិបតីអាម៉េរិកផងដែរ។ ក្នុងឆ្នាំ២០០២ លោកGeorge W. Bush បានតែងតាំងលោក Kissinger ជាប្រធានគណៈកម្មការលើការវាយប្រហារភេរវករនៅអាម៉េរិក។ យ៉ាងណាមិញ នៅប៉ុន្មានសប្តាហ៍បន្ទាប់ លោកបានលាលែងពីតំណែងដ៏សំខាន់មួយនេះ។ 
 
កន្លងមក លោក Kissinger បានសរសេរសៀវភៅជាច្រើនក្បាលដូចជាសៀវភៅ Diplomacy, សៀវភៅ On China, សៀវភៅ Does America Need a Diplomacy, សៀវភៅ World Order, សៀវភៅ The Age of A.I., និងសៀវភៅ American Foreign Policy ជាដើម៕

Tag:
 អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com