ជាតិ
ប្រមុខរដ្ឋាភិបាល ប្រកាសដាក់ចេញយុទ្ធនាការសាលារៀនស្អាតគ្មានសំរាម ដើម្បីឱ្យប្រឡងទូទាំងប្រទេស
30, Nov 2023 , 7:39 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកផេកសម្ដេច ហ៊ុន ម៉ាណែត
រូបភាពពីហ្វេសប៊ុកផេកសម្ដេច ហ៊ុន ម៉ាណែត
ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត បានប្រកាសឱ្យតាមសាលានីមួយៗ ចូលរួមអនុវត្តយុទ្ធនាការសាលារៀនស្អាតគ្មានសំរាម ចាប់ពីឆ្នាំសិក្សា២០២៣-២០២៤ ដើម្បីប្រឡងប្រជែងសាលាស្អាតទូទាំងប្រទេស និងលើកកម្ពស់គុណភាពអប់រំផងដែរ។



ក្នុងសារលិខិតនាឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៣-២០២៤ សម្ដេច ហ៊ុន​ ម៉ាណែត បានបញ្ជាក់ថា យុទ្ធនាការសាលារៀនស្អាតគ្មានសំរាម មានគោលដៅ ធ្វើឱ្យសាលារៀនក្លាយជាសេវាសាធារណៈ ដែលមានប្រសិទ្ធភាពខ្ពស់ និងអភិបាលកិច្ចល្អ​ក្នុងសហគមន៍។ ទន្ទឹមនឹងនេះ សាលារៀនត្រូវអនុវត្តតួនាទី ដោយការទទួលខុសត្រូវខ្ពស់លើការបង្រៀន និងការរៀនផ្អែកលើលទ្ធផលសិក្សារបស់សិស្ស។ 
 
សម្ដេច ហ៊ុន ម៉ាណែត បានបន្ថែមថា យុទ្ធនាការនេះនឹងជំរុញដល់ការលើកកម្ពស់គុណភាពអប់រំ ដោយសាលារៀនត្រូវផ្តល់បរិស្ថានល្អ សម្រាប់គ្រូបង្រៀន និងសិស្ស តាមរយៈការគ្រប់គ្រងមានប្រសិទ្ធភាព ហេដ្ឋារចនាសម្ព័ន្ធ អនាម័យ និងសុវត្ថិភាព ថវិកាដើម្បីគាំទ្រការរៀន និងបង្រៀន ស្វ័យភាពក្នុងការអនុវត្តកម្មវិធីសិក្សា និងគណនេយ្យភាពរបស់សាលារៀនជាដើម។
 
ក្រៅពីនេះ គ្រូបង្រៀនត្រូវមានគុណវុឌ្ឍិខ្ពស់ និងការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ ក៏ដូចជាមានវិធីសាស្ត្របង្រៀនថ្មី ការប្រើប្រាស់បច្ចេកវិទ្យា មានឥរិយាបថល្អ ​ទទួលបានឱកាសសម្រាប់ការសិក្សាស្រាវជ្រាវ និងសហគមន៍សិក្សាវិជ្ជាជីវៈផងដែរ។ សម្រាប់សិស្សត្រូវមានការលូតលាស់រាងកាយ ខួរក្បាល សតិបញ្ញា មានឥរិយាបថល្អ មានពេលវេលាគ្រប់គ្រាន់សម្រាប់ការសិក្សារៀនសូត្រ និងការត្រៀមខ្លួនសម្រាប់ការសិក្សា។ នេះបើតាមសារលិខិតរបស់ប្រមុខរដ្ឋាភិបាល ចុះថ្ងៃទី២៩ វិច្ឆិកា។ 
 
ម្យ៉ាងទៀត សាលារៀនទាំងនៅទីជនបទ និងតំបន់ជួបការលំបាក ត្រូវមានកម្មវិធីបំប៉នអាហារូបត្ថម្ភ ការផ្ដល់អាហារូបករណ៍ និងផ្តល់អាហារតាមសាលារៀនសម្រាប់សិស្ស។​ មួយវិញទៀត កត្តាគ្រួសារក៏សំខាន់ក្នុងការជួយគាំទ្រ ខាងផ្នែកស្មារតី និងសម្ភារៈសម្រាប់សិស្ស ដើម្បីជំរុញការអប់រំឱ្យកាន់តែប្រសិទ្ធភាពផងដែរ។
 
សម្ដេច ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ក្រសួងអប់រំ​​ យុវជន​ និងកីឡា បានរៀបចំយន្តការគាំទ្រដល់សាលារៀនមានស្តង់ដា និងប្រសិទ្ធភាព ដើម្បីដាក់ឱ្យអនុវត្ត «ស្ដង់ដា សាលារៀនគំរូ» និង «ពានរង្វាន់ សាលាគំរូ សម្ដេចមហាបវរធិបតី» នៅទូទាំងប្រទេសចាប់ពីឆ្នាំសិក្សា២០២៣-២០២៤។
 
មិនតែប៉ុណ្ណោះប្រមុខរដ្ឋាភិបាល ក៏បានដាក់ចេញគោលដៅលើកកម្ពស់ការគុណភាពអប់រំ តាមរយៈពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា រួមមាន ពង្រឹងអភិបាលកិច្ចសាលារៀន, ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ឱ្យស្របតាមតម្រូវការ ក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស, ការយកចិត្តទុកដាក់លើសុខភាពសិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារ នៅតាមសាលា , ការជំរុញ និងលើកទឹកចិត្តឱ្យមាតាបិតា អាណាព្យាបាល និងសហគមន៍ឱ្យចូលរួមសកម្មភាពអប់រំ ស្របតាមពាក្យស្លោក«ភាពជាដៃគូ រដ្ឋ និងសហគមន៍ដើម្បីការអប់រំ»។
 
«ឆ្លើយតបស្មារតីខាងលើនេះ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបញ្ចូលចំណុចគន្លឹះទាំង៤ខាងលើ ទៅក្នុងស្ដង់ដារសាលារៀនគំរូ ចំនួន៥ សម្រាប់មត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សា ។ ជាងនេះទៅទៀត ដើម្បីបង្កើនការយកចិត្តទុកដាក់ពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ និងឥរិយាបថល្អរបស់បុគ្គលិកអប់រំ សិស្សានុសិស្ស ក្រសួងបានដាក់ឱ្យអនុវត្តការផ្ដល់ពិន្ទុ៨០ភាគរយ លើចំណេះដឹង, ១០ភាគរយលើបំនិន និង១០ភាគរយ លើសីលធម៌ ចរិយាធម៌»។ នេះបើតាមសម្ដេច ហ៊ុន ម៉ាណែត៕

Tag:
 ហ៊ុន ម៉ាណែត
 សាលារៀនស្អាតគ្មានសំរាម
© រក្សាសិទ្ធិដោយ thmeythmey.com