សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
វៀតណាមឈ្នះពានរង្វាន់អង្ករល្អជាងគេលើពិភពលោកឆ្នាំ២០២៣ រូបភាព ៖ Thanh Nien
× អង្ករប្រភេទ ST25 របស់វៀតណាមបានឈ្នះពានរង្វាន់ជើងឯក ក្នុងកម្មវិធីប្រកួតអង្ករល្អបំផុតរបស់ពិភពលោកលើកទី១៥ ដែលប្រព្រឹត្តនៅហ្វីលីពីនក្នុងឆ្នាំនេះ។
ការប្រកួតអង្ករល្អបំផុតរបស់ពិភពលោកក្នុងក្របខ័ណ្ឌនៃសន្និសីទពាណិជ្ជកម្មអង្ករសកលដែលរៀបចំដោយ The Rice Trader នៅហ្វីលីពីនទើបតែបានប្រកាសលទ្ធផលនៅថ្ងៃទី ៣០ខែវិច្ឆិកា។ ក្នុងនោះអង្កររបស់វៀតណាមបានទទួលជ័យលាភីលេខមួយ ខណៈលេខ២ បានមកលើកម្ពុជា និងឥណ្ឌាទទួលបានលេខ៣។
បើតាមសារព័ត៌មាន VnExpress នេះជាលើកទី២ហើយដែលអង្ករប្រភេទ ST25 បានជាប់ជាអង្ករល្អបំផុតរបស់ពិភពលោក ខណៈដែលលើកទី១ នៅឆ្នាំ២០១៩។ វៀតណាមក៏បានជាប់ចំណាត់ថ្នាក់លេខ២ក្នុងការប្រកួតនៅឆ្នាំ ២០២០។
ការប្រលងនៅឆ្នាំនេះមានការចូលរួមពីជាង១០ ប្រទេស ហើយសំណាកអង្ករចំនួន៣០ប្រភេទត្រូវបានដាក់ក្នុងការប្រកួត។
កាលពីឆ្នាំ២០២២ កម្ពុជាបានឈ្នះពានរង្វាន់លេខមួយក្នុងការប្រលងអង្ករល្អបំផុតរបស់ពិភពលោកដែលធ្វើឡើងនៅភូកេត ប្រទេសថៃ។ ចំណែកថៃ វៀតណាម និងឡាវស្ថិតក្នុងលំដាប់កំពូលទាំង៤ ។
កម្មវិធីប្រកួតអង្ករល្អបំផុតរបស់ពិភពលោក ជាព្រឹត្តិការណ៍អន្តរជាតិប្រចាំឆ្នាំដែលរៀបចំដំបូងឡើងដោយសមាគមអង្ករអាម៉េរិក The Rice Trader ក្នុងឆ្នាំ២០០៩ ក្នុងគោលដៅស្វែងរកទីផ្សារអង្ករ។
គួរបញ្ជាក់ថា ប្រទេសដែលទទួលបានចំណាត់ថ្នាក់អង្ករល្អបំផុត ៦ប្រាំចុងក្រោយមានដូចជា អង្ករ Hom Mali ថៃប្រចាំឆ្នាំ២០១៦ និង២០១៧ ខណៈឆ្នាំ២០១៨ អង្ករម្លិះកម្ពុជា។ ចំណែកឆ្នាំ២០១៩ បានទៅលើ ST25 របស់វៀតណាម ហើយឆ្នាំ២០២០ និង២០២១ បានទៅលើ Hom Mali និងម្លិះ105 របស់ថៃវិញ៕
Tag:
អង្ករ
វៀតណាម
កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com