ជាតិ
សេដ្ឋកិច្ច
១០ខែ​ កម្ពុជាបានចំណូលជាង៨០០លានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅ ធ្លាក់ចុះ១៦ភាគរយ
30, Nov 2023 , 9:29 pm        
រូបភាព
១០ខែមកនេះ​ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ទីផ្សារអន្តរជាតិបានត្រឹមជាង៦១ម៉ឺនតោន ដោយទទួលបានចំណូលប្រមាណ៨៣០លានដុល្លារ។ ទំហំនេះ​ បានធា្លក់ចុះដល់១៦,៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០២៣ ខណៈការនាំចេញគ្រាប់ចន្ទីកែច្នៃ មានការកើនឡើងឱ្យកត់សម្គាល់ទៅវិញ។

 
​លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា​ បានបញ្ជាក់សារព័ត៌មានថ្មីៗ(ThmeyThmey)  ការធ្លាក់ចុះនៃការនាំចេញគ្រាប់ចន្ទីឆៅនេះ ក៏ព្រោះកសិករមួយចំនួន បានកាប់ដើមចន្ទីចោលកាលពីឆ្នាំ២០២១ និង ឆ្នាំ២០២២ ដោយសារជួបប្រទះនូវការប្រែប្រួលអាកាសធាតុ។  ជាពិសេស សហគ្រាសក្នុងស្រុកបានប្រមូលទិញចន្ទីឆៅ ពីកសិករច្រើនជាងសព្វដង ដើម្បីកែច្នៃសម្រាប់នាំចេញ។ 
 
«សហគ្រាសក្នុងស្រុកបានប្រជែងទិញចន្ទីពីកសិករ​ ដែលធ្វើការឱ្យនាំគ្រាប់ស្វាយចន្ទីឆៅ​មានការថយចុះ។ នេះជាសញ្ញាមួយវិជ្ជមាន ដែលបង្ហាញពីសកម្មភាពកែច្នៃគ្រាប់ចន្ទីក្នុងស្រុកកំពុងតែងើបឡើង»។  នេះជាអះអាងរបស់លោក អួន ស៊ីឡុត ដោយបន្តរៀបរាប់ថា ចាប់ពីខែមករាដល់តុលា ឆ្នាំ២០២៣ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីកែច្នៃបានប្រមាណ៨០០តោន ដោយទទួលបានចំណូល ៧លានដុល្លារ  បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ មានត្រឹម៥០០តោនប៉ុណ្ណោះ។ 
 
គ្រាប់ស្វាយចន្ទី

លោកប្រធានសមាគមស្វាយចន្ទីកម្ពុជាមើលឃើញពីលទ្ធភាពនៃការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុក​​ នឹងកំណើនជាបន្តបន្ទាប់ ស្របពេលមានក្រុមហ៊ុនបរទេសមួយចំនួនបានសម្រេចវិនិយោគលើវិស័យកសិ-ឧស្សាហកម្ម មួយនេះ។ បើតាមលោក អួន ស៊ីឡុត នៅដើមខែធ្នូ មានក្រុមហ៊ុនមួយរបស់សិង្ហបុរី នឹងបើកដ្ឋានសាងសង់រោងចក្រកែច្នៃគ្រាប់ចន្ទីនៅខេត្តកំពង់ធំ និងក្រុមហ៊ុនចំនួន២ទៀតរបស់ឥណ្ឌា ក៏ត្រៀមបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅដើមឆ្នាំ២០២៤ ផងដែរ។ លោកបានសង្ឃឹមយ៉ាងដូច្នេះ៖ « តាមរយៈក្រុមហ៊ុនទាំងនេះ នឹងជួយជំរុញកំណើននាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរួចរបស់កម្ពុជា ឱ្យកាន់តែប្រសើរថែមទៀត»។ 
 
ស្វាយចន្ទី គឺដំណាំយុទ្ធសាស្រ្ត ដែលរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ និងជំរុញការនាំចេញ ជាពិសេសការនាំចេញនូវផលិតផលចន្ទីកែច្នៃឱ្យបានច្រើន ទៅកាន់ទីផ្សារអន្តរជាតិ។ រដ្ឋាភិបាល បានដាក់ឱ្យអនុវត្តនូវគោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ២០២២-២០២៧ ដែលផ្តោតលើលើយុទ្ធសាស្ត្រធំៗចំនួន៣។ ក្នុងនោះ គឺសំដៅលើការផលិត ការកែច្នៃ និង ការនាំចេញ ប្រកបដោយនិរន្តភាព ភាពប្រកួតប្រជែង និងឈានមុខគេលើទីផ្សារ។
 
តាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជា ផ្ទៃដីដាំដុះស្វាយចន្ទីនាបច្ចុប្បន្ន មានប្រមាណ៧០ម៉ឺនហិកតា ដោយក្នុងចន្ទីដែលផ្តល់ទិន្នផលមាន៦៥ហិកតា។ ដោយឡែក ខេត្តដែលមានផ្ទៃដាំដុះចន្ទីច្រើនជាង គឺមាន កំពង់ធំ ខេត្តរតនគីរី ខេត្តកំពង់ចាម មណ្ឌលគិរី ត្បូងឃ្មុំ ស្ទឹងត្រែង សៀមរាប ក្រចេះ កំពង់ឆ្នាំង និងខេត្តព្រះវិហារ៕

Tag:
 កសិកម្ម
  ស្វាយចន្ទី
© រក្សាសិទ្ធិដោយ thmeythmey.com