កីឡាជាតិ
ជាតិ
FFC ត្រូវប្តូរកៅអីស្តាតអូឡាំពិកឡើងវិញ ដើម្បីស្របតាមស្តង់ដា AFC និង FIFA
× ដើម្បីឱ្យស្របតាមលក្ខខណ្ឌរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) និងអាស៊ី (AFC) សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ត្រូវផ្លាស់ប្តូរកៅអីក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកជាថ្មីម្តងទៀត។ AFC និង FIFA តម្រូវឱ្យ FFC ដកកៅអីចាស់ដែលទើបបំពាក់អំឡុងស៊ីហ្គេម ហើយបញ្ចូលកៅអីដែលមានបង្អែកវិញ ដើម្បីអាចរៀបចំប្រកួតកម្រិតអន្តរជាតិ។ FFC ប្រកាសរកអ្នកចង់បញ្ចេញស្នាដៃ រចនាលើហេដ្ឋារចនាសម្ព័ន្ធ ពហុកីឡដ្ឋានជាតិអូឡាំពិកនេះ។
តាមរយៈការបង្ហោះលើផេកហ្វេសប៊ុកផ្លូវការរបស់ FFC នៅថ្ងៃទី១ ខែធ្នូ ស្ថាប័ន FFC ត្រូវកែសម្រួលកៅអីដែលបានដាក់នៅពហុកីឡដ្ឋានជាតិដោយគណៈកម្មការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅពហុកីឡដ្ឋានជាតិអូឡាំពិក ឱ្យស្របតាមស្តង់ដារបស់ AFC និង FIFA។
តាមលក្ខខណ្ឌរបស់ AFC និង FIFA ដើម្បីអាចឱ្យពហុកីឡដ្ឋានជាតិនេះ ទទួលធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតអន្តរជាតិបាន តម្រូវឱ្យកីឡដ្ឋាននេះ មានកៅអីដែលមានបង្អែក ដោយរុះរើកៅអីដែលមានសព្វថ្ងៃចេញវិញ។ ដំណើរការបំពាក់កៅអីថ្មី FFC បានស្នើទៅសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) ដើម្បីសុំកញ្ចប់ថវិកាឧបត្ថម្ភ។
កៅអីដែលគ្មានបង្អែកសព្វថ្ងៃ ត្រូវបានបំពាក់នៅមុនការប្រកួតកីឡាស៊ីហ្គេមលើកទី៣២។ បើទោះអាចទទួលរៀបចំស៊ីហ្គេមបានក្តី ប៉ុន្តែដោយសារទទួលបានការអនុគ្រោះពី AFC ប៉ុណ្ណោះ។ បើមានកៅអីផ្អែក នោះ FFC មិនបាច់ស្នើសុំ AFC ទៀតឡើយ នៅពេលរៀបចំប្រកួតអន្តរជាតិ។
ក្នុងដំណើរការផ្លាស់ប្តូរកៅអីនេះ FFC ក៏បានប្រកាសរកអ្នកចង់បញ្ចេញស្នាដៃលើការរចនាប្លង់ក្នុងកីឡដ្ឋានផងដែរ។ សម្រាប់អ្នកដែលទទួលបានការជ្រើសរើសក្នុងការរៀបចំកៅអីឡើងវិញនៅពហុកីឡាដ្ឋានជាតិនេះ នឹងទទួលបានការលើកទឹកចិត្តពី FFC៕
Tag:
(FFC
ពហុកីឡដ្ឋានជាតិអូឡាំពិក)
© រក្សាសិទ្ធិដោយ thmeythmey.com