Lionel Messi ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនថា ខ្លួនមិនទាន់បានគិតអំពីអនាគត នៅក្នុងក្រុមជម្រើសជាតិឡើយ ប៉ុន្តែកីឡាករវ័យ ៣៦ឆ្នាំ អះអាងចង់ផ្តោតលើការការពារតំណែងជើងឯក Copa America នៅឆ្នាំ ២០២៤ ដែលការប្រកួតនឹងត្រូវធ្វើឡើងនៅក្នុងប្រទេសអាម៉េរិក។
កាលពីដើមឆ្នាំ ២០២៣ កីឡាករវ័យ ៣៦ឆ្នាំ ធ្លាប់បាននិយាយក្រោយឈ្នះពានរង្វាន់ World Cup 2022 ក្នុងប្រទេសកាតាថា ការជួយក្រុមអាហ្សង់ទីនឈ្នះពានរង្វាន់ពិភពលោកទី៣ នឹងក្លាយជាការប្រកួតចុងក្រោយរបស់គេ។ តែការប្រកួតបន្តបន្ទាប់ទាំងមិត្តភាព និងជម្រុះ World Cup 2026 កីឡាករក្រុម Inter Miami នៅតែមានវត្តមានជាមួយអាហ្សង់ទីន។
ក្រុមអាហ្សង់ទីនជាក្រុមស្ថិតនៅចំណាត់ថ្នាក់កំពូលតារាងក្នុងការប្រកួតជម្រុះពានរង្វាន់ World Cup 2026 ទ្វីបអាម៉េរិកខាងត្បូង (CONMEBOL) ហើយ Messi ក៏បានបញ្ជាក់ថា រូបគេរីករាយក្នុងការចំណាយពេលជាមួយនឹងក្រុមអាហ្សង់ទីន។
«ដរាបណាខ្ញុំមានអារម្មណ៍ល្អ ហើយខ្ញុំនឹងអាចបន្តចែករំលែកបន្តបាន ខ្ញុំនឹងធ្វើឱ្យជាមួយនឹងក្រុមអាហ្សង់ទីន។ អ្វីដែលខ្ញុំគិតក្នុងថ្ងៃណេះគឺការទៅកាន់ពានរង្វាន់ Copa America ហើយខ្ញុំនៅតែអាចលេងបានល្អ ហើយបន្ទាប់មកជាពេលវេលានឹងប្រាប់ថាតើខ្ញុំនឹងលេងនៅ World Cup ឬអត់ ខ្ញុំនឹងមានអាយុ ៣៩ ដែលជាធម្មតាមិនអនុញ្ញាតឱ្យខ្ញុំលេងក្នុង World Cup បានឡើយ។»។ Messi បាននិយាយប្រាប់ទូរទស្សន៍ ESPN បែបនេះ។
ម្ចាស់ពាន Ballon d’Or ៨សម័យ បាននិយាយអះអាងបន្ថែមថា ចង់ចំណាយពេលវេលាលេងពេញលេញជាមួយនឹងក្រុមអាហ្សង់ទីន ដោយមិនគិតអំពីអនាគត ២ ឬ ៣ឆ្នាំ ខាងមុខទៀតនោះទេ។
ការប្រកួត Copa America ស្ថិតនៅក្នុងប្រទេសអាម៉េរិក គឺជាទីកន្លែងនៃការចងចាំដ៏អាក្រក់មួយ សម្រាប់អតីតខ្សែប្រយុទ្ធក្រុម Barcelona ដោយរូបគេតែងតែចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅទីនោះ។ កាលពីឆ្នាំ ២០១៥, ២០១៦ និងឆ្នាំ ២០១៩ អាហ្សង់ទីនដែលមាន Messi ជាប្រធានក្រុមតែងចាញ់វគ្គផ្តាច់ព្រ័ត្រ Copa America ដែលធ្វើនៅក្នុងប្រទេសអាម៉េរិក មុនពេលអាចគ្រង់តំណែងជើងឯកប្រចាំទ្វីបនៅក្នុងឆ្នាំ ២០២១។
បន្ទាប់ពីជួយក្រុមឈ្នះ Copa America ក្នុងឆ្នាំ ២០២១ Messi បានបន្តនាំក្រុមឈ្នះពានរង្វាន់ Finalissima ដោយយកឈ្នះលើអ៊ីតាលី មុនពេលទៅបំបាក់បារាំងដោយបាល់កាត់សេចក្តី ១១ម៉ែត្រលើបារាងលទ្ធផល ៤-២ ក្រោយប្រកួត ១២០នាទីស្មើ ៣-៣ ដើម្បីលើពាន World Cup 2022។
Messi ក៏បានបង្ហាញក្តីរំពឹងថារូបគេនឹងក្រុមអាហ្សង់ទីនធ្វើបានល្អនៅ Copa America 2024។ កីឡាករវ័យ ៣៦ឆ្នាំបាននិយាយដូច្នេះ ៖ «ប្រហែលជាយើងនឹងធ្វើបានល្អនៅ Copa America ហើយអ្វីៗនឹងដំណើរការល្អសម្រាប់ខ្ញុំដើម្បីបន្ត ប្រហែលមិនពិបាកទេ។ ការក្លាយជាជើងឯកពិភពលោកបានផ្លាស់ប្តូរខ្ញុំដោយសន្តិភាពនៃចិត្តដោយដឹងថានៅក្នុងការងាររបស់ខ្ញុំ ខ្ញុំអាចសម្រេចបានអ្វីគ្រប់យ៉ាង។»។
ពានរង្វាន់ Copa America 2024 ជាការប្រកួតរវាងក្រុមមកពីតំបន់អាម៉េរិកខាងត្បូង (CONMEBOL) និងតំបន់អាម៉េរិកខាងជើង (CONCACAF) ហើយក្រុមចំនួន ៦ មកពីតំបន់អាម៉េរិកខាងជើងដែលរួមមានក្រុមអាម៉េរិក និង ម៉ិកស៊ិក ជាដើម។ ក្រុមអាហ្សង់ទីននឹងដឹងអំពីគូប្រកួតរបស់ខ្លួនបន្ទាប់ពីការចាប់ឆ្នោតនៅថ្ងៃទី៧ ខែធ្នូរួច៕