អន្តរជាតិ
លុយគ្រីបតូ Bitcoin ហក់ឡើងដល់ជាង ៤ម៉ឺនដុល្លារលើកដំបូង ក្នុងរយៈពេល ១៩ខែចុងក្រោយ
04, Dec 2023 , 7:29 pm        
រូបភាព
រូបិយប័ណ្ណ Bitcoin។ រូបភាព AFP
រូបិយប័ណ្ណ Bitcoin។ រូបភាព AFP
រូបិយប័ណ្ណគ្រីបតូ (cryptocurrency) Bitcoin បានហក់ឡើងរហូតដល់ ៤០៧២០ដុល្លារ នៅព្រឹកថ្ងៃទី៤ ខែធ្នូ ខណៈរូបិយប័ណ្ណគ្រីបតូផ្សេងទៀត កំពុងកើនតម្លៃរបស់ខ្លួនផងដែរ។ នេះជាការកើនឡើងលើកដំបូងរបស់កាស Bitcoin រហូតដល់ជាង ៤ម៉ឺនដុល្លារ ក្នុងរយៈពេល ១៩ខែចុងក្រោយ។

 
ចាប់តាំងពីពាក់កណ្តាលខែតុលាមក តម្លៃលុយគ្រីបតូ Bitcoin បានងើបឡើងយ៉ាងគំហុក ដោយកើនពីតម្លៃប្រមាណ ២៨០០០ដុល្លារ ដល់ជាង ៤ម៉ឺនដុល្លារ។ នេះជាតម្លៃដ៏ខ្ពស់មួយនៅក្នុងពេលបច្ចុប្បន្ន និងខ្ពស់បំផុតក្នុងរយៈពេល ១៩ខែចុងក្រោយ។ 
 
តាមទិន្នន័យរបស់ទីផ្សារ​ Binance នៅត្រឹមម៉ោង១០ព្រឹក ថ្ងៃទី៤ ខែធ្នូ កាសBitcoin មានតម្លៃប្រមាណ ៤០៨០០ដុល្លារ។ រូបិយប័ណ្ណគ្រីបតូមួយនេះ ធ្លាប់កើនឡើងខ្ពស់បំផុត គឺនៅថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០២១ ដោយវាមានតម្លៃរហូតដល់ ៦៩០០០ដុល្លារណឯណោះ។ ប៉ុន្តែចាប់តាំងពីពេលនោះមក តម្លៃរបស់ Bitcoin បានដាំក្បាលចុះយ៉ាងខ្លាំង។ 
 
បន្ថែមពីនេះ ទីផ្សាររូបិយប័ណ្ណគ្រីបតូផ្សេងទៀត ក៏កំពុងហក់ឡើងផងដែរ។ ត្រឹមថ្ងៃទី៤ ខែតុលាដដែល តម្លៃរូបិយប័ណ្ណគ្រីបតូ Ethereum បានកើនដល់ ២២១៥ដុល្លារ ខណៈនៅពាក់កណ្តាលខែតុលា វាតម្លៃក្រោម ១៧០០ដុល្លារប៉ុណ្ណោះ។
 
ការកើនឡើងតម្លៃនៃកាស Bitcoin អាចបណ្តាលមកពីលទ្ធភាពគណៈកម្មការមូលបត្រអាម៉េរិក អាចអនុម័តទីផ្សារសម្រាប់ជួយដូររូបិយប័ណ្ណគ្រីបតូមួយនេះ ក្នុងពេលឆាប់ៗ។ កន្លងមក អាម៉េរិកមិនមានគោលនយោបាយគ្រប់គ្រងរូបិយប័ណ្ណគ្រីបតូឡើយ ហើយលុបគ្រីបតូ ក៏មិនត្រូវបានរដ្ឋាភិបាលប្រទេសមួយនេះទទួលស្គាល់ជាផ្លូវការដែរ។ ហេតុផលមួយទៀត គឺដោយសារធនាគារកណ្តាលអាម៉េរិក អាចកាត់បន្ថយអត្រាការប្រាក់នៅក្នុងឆ្នាំ២០២៤ ក៏ជាហេតុផលហក់ឡើងនៃរូបិយប័ណ្ណគ្រីបតូ Bitcoin ផងដែរ។ 
 
សូមបញ្ជាក់ថា រូបិយប័ណ្ណគ្រីបតូ ត្រូវបានប្រើប្រាស់ស្រដៀងនឹងរូបិយប័ណ្ណផ្សេងទៀតដែរ ដើម្បីជួយដូរទំនិញផ្សេងៗ ដោយផ្អែកលើការកំណត់របស់ប្រទេស ឬតំបន់ ប៉ុន្តែលុយគ្រីបតូនេះ មិនបានឆ្លងកាត់ធនាគារកណ្តាលរបស់បណ្តាប្រទេសនីមួយៗឡើយ។ កន្លងមក បណ្តាប្រទេសមួយចំនួន បានហាមឃាត់រូបិយប័ណ្ណគ្រីបតូនៅក្នុងប្រទេសខ្លួន ដើម្បីការពារប្រជាជនពីការបាត់បង់ទ្រព្យសម្បត្តិ និងលុយរបស់ខ្លួន៕ 
 

Tag:
 គ្រីបតូ
  Bitcoin
© រក្សាសិទ្ធិដោយ thmeythmey.com