សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
តម្លៃមាសឡើងខ្ពស់ ព្រោះលុយដុល្លារចុះថោក?
04, Dec 2023 , 8:29 pm        
រូបភាព
រូបភាព ៖ Xinhua
រូបភាព ៖ Xinhua
គិតត្រឹមព្រឹកថ្ងៃទី៤ ខែធ្នូ តម្លៃមាសបានងើបឡើងដល់ជិត២១២០ដុល្លារក្នុងមួយអោន​ស៍។ ការហក់ឡើងនៃតម្លៃមាសនេះ កើតមាន នៅពេលលេចដំណឹងថា ធនាគារកណ្តាលអាម៉េរិកអាចបញ្ចុះអត្រាការប្រាក់នៅខែមីនាឆ្នាំក្រោយ។ ប៉ុន្តែនៅរសៀលថ្ងៃទី៤ ខែធ្នូ តម្លៃមាស ធ្លាក់ចុះបន្តិចដល់ជិត ២០៥០ដុល្លារក្នុងមួយអោន​ស៍។

 
តម្លៃមាសដែលជួញដូរនៅទីផ្សារអន្តរជាតិ គិតត្រឹមព្រឹកនៅថ្ងៃទី៤ ខែធ្នូ ​បានកើនឡើងដល់ជិត ២១២០ដុល្លារក្នុងមួយអោនស៍។ យ៉ាងណាមិញអ្នកជំនាញរំពឹងថា តម្លៃមាសអាចនឹងហក់ឡើងដល់ ២២០០ដុល្លារក្នុងមួយអោនស៍នៅដំណាច់ឆ្នាំ ២០២៤។ 
 
សញ្ញាណនៃការឡើងថ្លៃមាសខ្លាំងនាពេលបច្ចុប្បន្ន ព្រោះតែអតិផរណានៅលើពិភពលោកបានថយចុះ និងទីផ្សារការងារមានភាពប្រសើរឡើង។ បន្ថែមពីនេះ ការហក់ឡើងនៃតម្លៃមាស កើតមានក្រោយមានព័ត៌មាន ធនាគារកណ្តាលអាម៉េរិក (Fed) គ្រោងទម្លាក់អត្រាការប្រាក់នៅឆ្នាំក្រោយ។
 
បើតាមសេចក្តីថ្លែងការណ៍មួយរបស់ Fed នៅសប្តាហ៍មុន ធនាគារកណ្តាលអាម៉េរិកទំនងមិនដំឡើងអត្រាការប្រាក់ក្នុងខែធ្នូទេ ហើយអាចនឹងចាប់ផ្តើមបញ្ចុះអត្រាការប្រាក់នៅខែមីនា ឆ្នាំ២០២៤។ លទ្ធភាពនៃការបន្ទាបអត្រាការប្រាក់របស់ Fed បានផ្តល់សន្ទុះសម្រាប់តម្លៃមាស ដោយសារអ្នកវិនិយោគយល់ថាប្រាក់ដុល្លារនឹងចុះថោក។
 
គិតត្រឹមរសៀលថ្ងៃទី៤ ខែធ្នូ សម្រាប់ទីផ្សារមាសនៅកម្ពុជា មាសមានតម្លៃ១ជី ២៤៨ដុល្លារ ដោយធ្លាក់ចុះពីតម្លៃ ២៥០ដុល្លារក្នុងមួយជី។ តម្លៃធ្លាក់ចុះនេះ កើតមាននៅពេលតម្លៃមាសលើពិភពលោកថយចុះ៕

Tag:
 មាស
  ធនាគារកណ្តាលអាម៉េរិក
 ​ Fed
© រក្សាសិទ្ធិដោយ thmeythmey.com