អន្តរជាតិ
ទស្សនៈ​អ្នកនិពន្ធម្នាក់​អំពី​កេរដំណែល​លោកស្រី Rosalynn Carter​ ក្នុង​សហគមន៍​​ខ្មែរ​អាមេរិកាំង
05, Dec 2023 , 8:29 am        
រូបភាព
អ្នកស្រី Rosalynn Carter បានសំពះជនរងគ្រោះនៅមន្ទីរពេទ្យមួយនៅ Khao-I-Dang កាលពីថ្ងៃទី០៥ មិថុនា ឆ្នាំ១៩៨៥
អ្នកស្រី Rosalynn Carter បានសំពះជនរងគ្រោះនៅមន្ទីរពេទ្យមួយនៅ Khao-I-Dang កាលពីថ្ងៃទី០៥ មិថុនា ឆ្នាំ១៩៨៥
ដោយ: VOA
នៅ​ពេល​ដែល​របបប្រល័យពូជសាសន៍​ខ្មែរ​ក្រហម​របស់ ប៉ុល ពត បាន​ដួល​រលំ​នៅ​ឆ្នាំ ១៩៧៩ ហើយការសម្លាប់​មនុស្ស​យ៉ាង​រង្គាល​បាន​បញ្ចប់ ពលរដ្ឋកម្ពុជា​រាប់​សែន​នាក់​ដែល​អត់ឃ្លាន​និងគ្មានផ្ទះសម្បែង ដែលនាំគ្នាស្វែង​រក​ទីជម្រក​និង​ស្បៀង​អាហារ​បាននាំ​គ្នា​ធ្វើ​ដំណើរ​ឆ្លង​កាត់​ដី​ដែល​ពោរពេញ​ដោយ​គ្រាប់​មីន​ឆ្ពោះ​ទៅ​កាន់​ប្រទេស​ថៃ។ នៅ​ពេល​នោះ លោកប្រធានាធិបតីសហរដ្ឋ​អាមេរិក Jimmy Carter បាន​ស្នើ​ភរិយា​របស់​លោក​គឺ​លោកស្រី Rosalynn Carter ឱ្យ​ធ្វើ​ដំណើរ​ទៅប្រទេសថៃ ដើម្បី​ពិនិត្យ​មើល​ស្ថានការ​នៅទីនោះ។

 
លោកស្រី​បានរៀបរាប់​អំពី​ទស្សនកិច្ច​របស់​លោកស្រី​ទៅ​កាន់​ជំរំ​ជនភៀសខ្លួន​មួយ​ក្នុង​ប្រទេស​ថៃ​នៅ​ក្នុង​សៀវភៅ​អំពីជីវប្រវត្តិ​របស់លោក​ស្រី កាល​ពីឆ្នាំ១៩៨៤ ដែល​មាន​ចំណង​ជើង​ថា First Lady from Plains ។ លោកស្រី​និយាយថា​គ្មាន​អ្វីដែល«បានជួយ​ខ្ញុំឱ្យ​ត្រៀម​ខ្លួន​ជាមុន ពេល​មើលឃើញ​ទុក្ខ​លំបាក​របស់​មនុស្ស​ទេ‍»។ លោកស្រី Carter ដែល​បាន​ស្លាប់​កាល​ពី​ថ្ងៃទី ១៩ ខែវិច្ឆិកា ក្នុង​អាយុ ៩៦ ឆ្នាំ បាន​ពិពណ៌នា​ជនភៀស​ខ្លួន​ថា «ដេក​លើ​ដី លើ​កន្ទេល ឬ​ភួយ​កខ្វក់ ឬក្រណាត់​កខ្វក់។ ពួកគេ​ទាំងអស់​សុទ្ធ​តែ​ឈឺ​និង​ស្ថិត​ក្នុង​ដំណាក់កាល​ផ្សេងៗ​គ្នា​នៃ​ភាព​អត់ឃ្លាន អ្នកខ្លះ​នៅ​សល់​តែ​ស្បែក​ដណ្ដប់​ឆ្អឹង អ្នក​ខ្លះ​ហើម​ពោះ ដូច​ជា​រៀប​នឹង​ផ្ទុះ និង​ប្រេះជើង។ ពួកគេ​ទាំង​អស់​សុទ្ធ​តែ​មាន​ជំងឺ​គ្រុន​ចាញ់ ជំងឺ​រាគរូស ឬ​ជំងឺ​របេង ហើយ​កំពុង​ក្អួត មាន​ជំងឺ​គ្រុន​ក្ដៅ និង​មិន​និយាយ​ស្តី»។
 
លោកស្រី Carter ដែល​បាន​បី​ទារក​ម្នាក់​ដែល​មិន​យូរ​ប៉ុន្មាន​ក្រោយ​មក​បាន​ស្លាប់​នោះ បាន​ត្រឡប់​មកសហរដ្ឋអាមេរិក​វិញ ពោរពេញ​ទៅ​ដោយការ​រំជួល​ចិត្ត​អំពី​សេចក្តី​ត្រូវការ​របស់​ជនភៀស​ខ្លួន។ លោកស្​រីក៏បាន​ជម្រុញ​ឱ្យ​រដ្ឋបាល​របស់​ស្វាមី​លោកស្រី​បង្កើន​ការ​គាំទ្រ​ចំពោះ​ជនភៀសខ្លួន​កម្ពុជា។
 
លោកស្រី​បាន​បញ្ចុះបញ្ចូល​អង្គការ​សហប្រជាជាតិ​និង​បាន​ជួយ​បង្កើត​គណៈកម្មាធិការ​ជាតិ​សម្រាប់​ដោះស្រាយ​វិបត្តិ​កម្ពុជា ដែល​បាន​ផ្តោត​លើ​កិច្ចប្រឹងប្រែង​របស់​មនុស្ស​និង​អង្គការ​ជាច្រើន ឱ្យ​យក​ចិត្ត​ទុកដាក់​និង​ជួយ​ទទួលយក​ជន​ភៀសខ្លួន ដោយ​រួមមាន​ទាំង​ពលរដ្ឋ​កម្ពុជា​ចំនួន​ប្រមាណ ១​សែន ៥ ម៉ឺន​នាក់​ដែល​បាន​ភៀសខ្លួន​មក​កាន់​សហរដ្ឋ​អាមេរិក​ផង​ដែរ។
 
លោក អួន លើត ដែល​ក្រោយមក​បាន​ក្លាយ​ជា​មន្ត្រី​ការពារសន្តិសុខ​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក និង​បាន​ការពារ​ប្រធានាធិបតី ភរិយា​ប្រធានាធិបតី និង​អនុប្រធានាធិបតី​ក្នុង​រដ្ឋបាល​ចំនួន ៤ ជា​ជនភៀសខ្លួន​កម្ពុជាម្នាក់ ដែលទើបមាន​អាយុ ១៣ ឆ្នាំ នៅ​ពេល​ដែល​លោកស្រី Carter ធ្វើ​ទស្សនកិច្ច។ លោក​និង​ម្ដាយ​របស់​លោក​និង​បងស្រី​របស់​លោក​ឈ្មោះ ឌី ពេលនោះ​កំពុង​រស់​នៅ​ក្នុង​ជំរំ​ជនភៀសខ្លួន​បណ្ដោះអាសន្ន​មួយ​ក្នុង​ប្រទេស​កម្ពុជា ដែល​ស្ថិត​នៅ​ជិត​ព្រំដែន​ថៃ។

អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Jimmy Carter កាត់ខ្សែរបូនៅជិតភរិយាគឺអ្នកស្រី Rosalynn Carterដើម្បីសម្ភោធសហគមន៍ជីវិតថ្មីនៅភូមិឧត្តុងក្នុងខេត្តកណ្តាល កាលពីថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០០៩
 
ឪពុក​របស់​លោក លើត ដែល​ជា​អនុសេនីយ៍ទោ​មួយរូប​ក្នុងកងទ័ព​សាធារណរដ្ឋខ្មែរ ត្រូវ​បាន​ពួកខ្មែរក្រហមយក​ទៅ​សម្លាប់​ចោលមិនយូរប៉ុន្មាន ក្រោយពួកគេបានឡើង​កាន់អំណាច​នៅខែមេសា ឆ្នាំ១៩៧៥។ លោក លើត ម្ដាយ​របស់​លោក និង​បងស្រី​របស់​លោក នៅ​រស់រាន​មានជីវិត​ពី​ការធ្វើពលកម្ម​ធ្ងន់ៗ និង​ភាព​សាហាវ​យង់ឃ្នង​របស់​របប​វាល​ពិឃាត​ ដែលបានធ្វើឱ្យមនុស្ស​ជាង១លាន៧សែននាក់ ស្លាប់​ដោយសារការ​យក​ទៅ​សម្លាប់​ចោល ការអត់ឃ្លាន និង​ជំងឺដម្កាត់។
 
ប្រហែល​៤ ខែ ក្រោយ​ទស្សនកិច្ច​របស់​លោកស្រី Carter ក្រុម​គ្រួសារ​របស់​លោក លើត ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​បុគ្គលិក​ជួយ​សង្គ្រោះ​របស់​អង្គការ​សហប្រជាជាតិ ហើយ​ក៏​បាន​ទៅ​រស់នៅក្នុងជំរំ​ជនភៀសខ្លួន​ក្នុង​ប្រទេស​ថៃ។ ប្រហែល​ជិត ៤ ឆ្នាំ​ក្រោយ​ពី​ផ្លាស់ប្ដូរ​ទីលំនៅពី​ជំរំ​មួយ​ទៅ​ជំរំ​មួយ ពួកគេ​ត្រូវ​បានជាប់​ឈ្មោះ​ទៅរស់នៅ​សហរដ្ឋ​អាមេរិក។ លោក លើត បានទៅដល់​សហរដ្ឋ​អាមេរិក នៅ​ឆ្នាំ ១៩៨៣។ លោក​បាន​រស់នៅ​អស់ពេល ១៧ ឆ្នាំ នៅ​ក្នុង​រដ្ឋ Maryland និង​ក្រោយ​មក​នៅ​រដ្ឋ Philadelphia ។ លោ​កបានខំ​រៀនភាសា​អង់គ្លេស រៀបការ និង​ធ្វើ​ការ​ងារ​ពីរបី​កន្លែង​ដែល​មាន​ប្រាក់​ខែ​តិច ស្រប​ពេល​ដែល​លោក​ខំរៀន។ នៅទីបញ្ចប់​លោកបាន​ទទួល​សញ្ញាបត្រ​ពី​មហាវិទ្យាល័យ​សហគមន៍​នៅ​ក្នុង​រដ្ឋ Philadelphia និង​ពី​សាកល​វិទ្យាល័យ Widener។
 
លោក លើត បាន​ចូលធ្វើការជា​មន្ត្រី​ការពារសន្តិសុខ​ក្នុងពន្ធនាគារ របស់​ក្រសួង​យុត្តិធម៌​នៅ​ឆ្នាំ ២០០០ ហើយ​ ២ ឆ្នាំ​ក្រោយ​មក លោក​បាន​ក្លាយ​ជា​មន្ត្រី​ម្នាក់​នៅ​ក្នុង​កងការពារ​សន្តិសុខ​ប្រធានាធិបតី​របស់​សហរដ្ឋ​អាមេរិក​ដែលហៅថា Secret Service ។ កាល​ពី​ខែ​តុលា ឆ្នាំ ២០២៣ លោក​បាន​ចូល​និវត្តន៍ បន្ទាប់​ពី​បម្រើការងារ​អស់ពេល​ជាង២០ឆ្នាំ ដើម្បី​ការពារ​ប្រធានាធិបតីនៃ​ប្រទេសមួយ​ដែល​បាន​ផ្ដល់​ទីលំនៅ​ឱ្យលោក។
 
ខ្ញុំ​បាន​ដឹង​អំពី​កិច្ចប្រឹងប្រែង​របស់​លោកស្រី Rosalynn Carter តាំង​នាម​ឱ្យ​ជនភៀសខ្លួន​កម្ពុជា នៅ​ពេល​ខ្ញុំពីរនាក់​លោក លើត សរសេរ​សៀវភៅ​អំពីជីវិតរបស់​លោកជិតចប់ ដែល​មាន​ចំណងជើង​ថា «A Refugee’s American Dream: From the Killing Fields of Cambodia to the U.S. Secret Service‍» ដែល​រោង​ពុម្ពសៀវភៅ នៃសាកល​វិទ្យាល័យ Temple បាន​បោះពុម្ព​ផ្សាយ​កាល​ពី​ខែ​កុម្ភៈឆ្នាំ២០២៣ ហើយក្រុមហ៊ុន Tantor Media បាន​ចេញ​ផ្សាយជា​សៀវភៅថត​ជាសំឡេង audiobook កាល​ពី​ខែ​តុលា។
 
លោក លើត កាល​ពីមុនក៏​មិន​បាន​ដឹង​អំពី​កិច្ច​ប្រឹងប្រែង​របស់​លោកស្រី Carter តាំង​នាម​ឱ្យ​ប្រជាជន​ខ្មែរ​ដូចខ្ញុំ​អ៊ីចឹងដែរ។ ប៉ុន្តែ​មិនមែន​តែយើង២នាក់​អត់ដឹងនោះទេ។ ទស្សនកិច្ចជា​ប្រវត្តិសាស្ត្រ​របស់​លោកស្រី Carter ទៅ​កាន់​ជំរំ​ជនភៀស​ខ្លួន និង​ការ​គាំទ្រ​របស់​លោកស្រី​ចំពោះ​ពលរដ្ឋ​កម្ពុជា ជា​ព័ត៌មាន​ដែល​គេ​ផ្សាយ​នៅទូទាំង​សហរដ្ឋ​អាមេរិក នៅ​ពេល​នោះ ក៏ប៉ុន្តែ​មនុស្សជា​ច្រើន​បានភ្លេច។ នៅ​ពេល​នោះ និស្សិត​អ៊ីរ៉ង់​មួយ​ក្រុម​បានលុក​លុយ​ចូលស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុង​ប្រទេស​អ៊ីរ៉ង់ ហើយ​បាន​ចាប់​បុគ្គលិក​ស្ថានទូត និង​មនុស្សជាង​៥០នាក់ ធ្វើជា​ចំណាប់​ខ្មាំង។ វិបត្តិនេះ បាន​ចាប់​ផ្ដើម​នៅចំថ្ងៃលោកស្រី Carter បាន​សម្រេច​ចិត្ត​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេសថៃ។
 
មន្ត្រី Secret Service អាមេរិកលោក Leth Oun ដែលបានចូលនិវត្តឆ្នាំនេះបានថតរូបជាមួយសមាជិកសហគមន៍ខ្មែរអាមេរិកាំង

លោកស្រី Carter បាន​សរសេរ​ថា នៅ​ពេល​ដែល​លោកស្រី​លើក​ពរ​ទារក ដែល​បាន​ស្លាប់​មិនយូរប៉ុន្មាន​ក្រោយមកនោះ លោកស្រី​នឹក​ឃើញ​ការ​ពរ​កូនស្រី​របស់​លោកស្រី​ខ្លួន​ឯង​ឈ្មោះ Amy ហើយលោកស្រី​ខំទប់ទឹកភ្នែក។ លោកស្រី​ថ្លែង​ថា៖ «ខ្ញុំ​បាន​គិត​អំពី​ប្រទេស​របស់​យើង​និង​អំពី​អ្វី​ដែល​យើង​បាន​ដឹង​តិចតួច​អំពីការរងគ្រោះ ទុក្ខលំបាក និងភាព​សោកសៅ​នៅ​ក្នុង​ពិភពលោក‍»។
 
ខ្ញុំ​មាន​អារម្មណ៍​ដូចលោកស្រី Carter ដែរ​នៅ​ពេលដែលខ្ញុំដឹងអំពី​រឿងរ៉ាវ​របស់​លោក លើត ក្នុង​រយៈពេល ៦ ឆ្នាំ​ដែល​ខ្ញុំ​បាន​ចំណាយ ក្នុងការ​សរសេរសៀវភៅ​ជាមួយ​លោក​អំពីប្រវត្តិ​របស់លោក។ លើត​និង​ខ្ញុំ​មាន​អាយុ​ខុសគ្នា តែ៤ខែ ប៉ុន្តែ​កុមារភាព​របស់​យើង​ខុស​គ្នា​ដូចមេឃនិងដី។ នៅ​រដូវ​ក្ដៅនៃ​ឆ្នាំ ១៩៧៦ នៅ​ពេល​ដែលលោក លើត ​និង​ខ្ញុំ​មាន​អាយុ ៩ ឆ្នាំ​ដូចគ្នា ខ្ញុំ​ពាក់​អាវ​យឺត​មួយ​ដើម្បី​ប្រារព្ធ​ខួប​ទី ២០០ ឆ្នាំ​របស់​សហរដ្ឋ​អាមេរិក ហើយ​លេង​កីឡាវាយសី និង​ទៅហែល​ទឹក ក្នុង​អាងហែល​ទឹកនៅ​ស្រុក​កំណើត​របស់​ខ្ញុំ​ក្នុង​ក្រុង Cedartown រដ្ឋ Georgia។
 
ខ្ញុំបាន​ញ៉ាំ hot dogs និង​ការ៉េម​យ៉ាងច្រើន។ ប៉ុន្តែ លើត​ នៅពេលនោះ ធ្វើការ​ ៧ ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​នៅ​ក្នុង​វាល​ស្រែ។ លោកញាំតែ​បបរ​រាវដូចទឹក​រាល់ថ្ងៃ ដូច្នេះដើម្បីបាន​អាហារ​បន្ថែម លោក លើត ត្រូវរកចាប់សត្វល្អិត កណ្តុរស្រែ និង​ផ្សិត​ព្រៃ មកញាំ​បន្ថែម។ កុមារភាព​របស់លោក ដូច​ដែលលោក​បាន​ប្រាប់​ខ្ញុំ កាលពីពេល​ថ្មីៗ​នេះ គឺ​គ្មាន​ទេ។ ចំណែក​ឯ​កុមារភាព​របស់​ខ្ញុំ​វិញ ខ្ញុំ​ទើបបាន​ឃើញ​យ៉ាង​ជាក់​ច្បាស់​នៅ​ពេល​នេះ ថា​ជា​កុមារភាព​ដ៏​ល្អ​មួយ។
 
រឿង​រ៉ាវ​របស់​លោក លើត ​បាន​កែប្រែទស្សនៈរបស់​ខ្ញុំ​អំពី​ពិភពលោក។ ខ្ញុំ​បាន​ចូលរួម​ជាមួយ​លោក លើត នៅ​ក្នុង​ការ​តាំង​ចិត្ត​ថា នឹង​បរិច្ចាគ​រាល់​ប្រាក់កាស​ដែល​យើង​រក​បាន​ពីការលក់​សៀវភៅ​របស់លោក ទៅ​ជួយ​ដល់​កិច្ចប្រឹងប្រែង​សប្បុរសធម៌​នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​គឺ​ជា​ជំនួយ​តិចតួច​បើ​ធៀប​ទៅ​នឹងសេចក្តីត្រូវការ ប៉ុន្តែ​ខ្ញុំ​មាន​ការ​លើកទឹក​ចិត្ត​ដោយការអត់ធ្មត់​របស់​លោក​និង​ការ​យក​ចិត្ត​ទុកដាក់​របស់​លោកស្រី Rosalynn Carter។
 
សារ​របស់​លោកស្រី​គឺ អ្នក​ដែល​មានទ្រព្យសម្បត្តិ​ច្រើន​ដូចយើង គួរតែ​ធ្វើអ្វីតាមដែល​យើង​អាច​ធ្វើ​បាន ដើម្បី​ជួយអ្នក​ដែល​មាន​តិចតួច។ លោក លើត​ ដែល​បាន​រស់នៅ​ក្នុង​ប្រទេស​នេះ​អស់​ពេលជាង៤០ឆ្នាំ មកទល់នឹងខែ​តុលា​កន្លង ទៅនេះ ប្រហែល​ជាគ្មានអ្វី​ដូចលោកមាន​សព្វថ្ងៃ​នេះ​ទេ ប្រសិន​បើ​គ្មាន​ការប្រឹងប្រែង​របស់​លោកស្រី Rosalynn Carter កាល​ពី​ ៤៤ ឆ្នាំ​មុននោះ៕
 
លោក Joe Samuel “Sam” Starnes ជា​អ្នក​និពន្ធ​រស់នៅ​ក្នុង​ក្រុង Haddon Township រដ្ឋ New Jersey។ សម្រាប់​រឿងរ៉ាវ​លម្អិត​អំពី​លោក អួន លើត សូម​ចូល​ទៅ​កាន់​វេបសាយ​ lethounbook.com។
 
ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា

© រក្សាសិទ្ធិដោយ thmeythmey.com