កីឡាអន្តរជាតិ
អន្តរជាតិ
Haaland ប្រឈមជាប់បម្រាម ជុំវិញបទចោទប្រមាថអាជ្ញាកណ្តាល ក្នុងជំនួប Man City-Spurs
04, Dec 2023 , 5:12 pm        
រូបភាព
ខ្សែប្រយុទ្ធ Erling Haaland អាចនឹងត្រូវរងការចោទប្រកាន់ពីសំណាក់ពីសំណាក់សមាគមបាល់ទាត់អង់គ្លេស (FA) សម្រាប់ការរិះគន់លើអាជ្ញាកណ្តាលដោយប្រើពាក្យប្រមាថ «Wtf» លើបណ្តាញសង្គម X ក្រោយការប្រកួតដែល Manchester City ស្មើ Tottenham Hotspur ៣-៣ នាថ្ងៃទី៣ ខែធ្នូ។



Man City ហៀបក្រសោបបានជ័យជម្នះ បន្ទាប់ពីបាននាំមុខដោយលទ្ធផល ៣-២ នៅត្រឹមនាទី៨៤ ដែលជាការស៊ុតបាល់បញ្ចូលទី ពីសំណាក់ខ្សែប្រយុទ្ធ Jack Grealish។ យ៉ាងណាកីឡាករ Dejan Kulusevski បានស៊ុតបាល់តាមស្មើ ៣-៣ នៅក្នុងនាទី៩០ បញ្ចប់ក្តីសង្ឃឹមរបស់ក្រុមដឹកនាំដោយលោក Pep Guardiola។ 
 
អំឡុងការប្រកួត Haaland ត្រូវបានខ្សែការពារក្រុម Spurs កីឡាករ Emerson Royal ប៉ះទង្គិចរូបគេនៅក្នុងរង្វង់កណ្តាលនៃទីលាន ប៉ុន្តែជើងរបស់គេបានបញ្ចូនបាល់ដែលជាបាល់អតិភាពដល់មិត្តរួមក្រុម Jack Grealish។ ខណៈដែល Grealish កំពុងតែបណ្តើរបាល់សំដៅទៅរកការស៊ុតបញ្ចូលទី ប៉ុន្តែបែរជាត្រូវលោក Simon Hooper ដែលជាអាជ្ញាកណ្តាលផ្លុំកញ្ចែរពិន័យទៅលើការប៉ះទង្គិចទៅវិញដែលជាហេតុធ្វើឱ្យខកខានឱកាសរបស់ក្រុម Man City។
 
ការសម្រេចចិត្តនោះក៏បង្កជាបញ្ហារវាង Haaland ទល់នឹងលោក Hooper រហូតខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំ ទទួលបានការពិន័យកាតលឿងថែមទៀត។ មកដល់ពេលនេះកីឡាករសញ្ជាតិន័រវែងកំពុងស្ថិតក្នុងស្ថានកាលគ្រោះថ្នាក់ពីទណ្ឌកម្មរបស់ FA ចំពោះការបង្ហោះនៅលើបណ្តាញសង្គម X របស់គេដែលធ្វើឱ្យមានការប៉ះពាល់ផងដែរ។
 
ការប្រតិកម្មរបស់ Haaland ក៏ត្រូវបានការពារដោយអ្នកចាត់ការក្រុមលោក Pep Guardiola ដោយលោកបានលើកឡើងថាជារឿងធម្មតា មិនធំដុំអ្វីឡើយ។ 
 
«វាធម្មតា ប្រតិកម្មរបស់គាត់គឺដូចគ្នាសម្រាប់កីឡាករ ១០នាក់ផ្សេងទៀត។ ច្បាប់គឺអ្នកមិនអាចនិយាយជាមួយនឹងអាជ្ញាកណ្តាល ឬមន្ត្រីទីបួនបានទេ ដូច្នេះយើងគួរតែត្រូវបណ្តេញចេញកីឡាករ ១០នាក់នៅថ្ងៃនេះ កាត់មានការខកចិត្តចំពោះរឿងនេះ។ ដូចគ្នាទៅនឹងអាជ្ញាកណ្តាល បើគាត់ជាកីឡាករលេងថ្ងៃនេះគាត់ក៏នឹងខកចិត្តដូចគ្នាសម្រាប់រឿងហេតុដែលកើតឡើង ពិតណាស់។»។ លោក Pep Guardiola បាននិយាយបែបនេះ។ 
 
បច្ចុប្បន្នក្រុម Man City ធ្លាក់មកឈរនៅចំណាត់ថ្នាក់លេខ ៣ ក្នុងពូលដោយមាន ៣០ពិន្ទុក្នុងដៃឈរពីក្រោមក្រុមលេង ២​ ​Liverpool មាន ៣១ពិន្ទុ និងក្រុម Arsenal ឈរកំពូលតារាងមាន ៣៤ពិន្ទុ។ Spurs ស្ថិតនៅចំណាត់ថ្នាក់លេខ ៥ មាន ២៦ពិន្ទុក្នុងដៃ៕

Tag:
 Erling Haaland
  Manchester City
© រក្សាសិទ្ធិដោយ thmeythmey.com