អន្តរជាតិ
កូរ៉េខាងត្បូង និងកម្ពុជា បិទបញ្ចប់សមយុទ្ធយោធាដំបូងដែលជួយពង្រឹងសមត្ថភាពកងរក្សាសន្តិភាព
04, Dec 2023 , 9:59 pm        
រូបភាព
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការពារជាតិកម្ពុជា ជាមួយលោក Park Jung-Wook ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា នៅថ្ងៃទី១ ខែធ្នូ។ រូបភាព Facebook_មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការពារជាតិកម្ពុជា ជាមួយលោក Park Jung-Wook ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា នៅថ្ងៃទី១ ខែធ្នូ។ រូបភាព Facebook_មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព
កូរ៉េខាងត្បូង​ និងកម្ពុជា បានបិទបញ្ចប់សមយុទ្ធកងវិស្វកម្មយោធាលើកដំបូង ដែលបានធ្វើឡើងចាប់តាំងពីខែវិច្ឆិកាមក ក្នុងគោលបំណងពង្រឹងសមត្ថភាពកងរក្សាសន្តិភាព ដែលស្ថិតនៅក្រោមឆត្រអង្គការសហប្រជាជាតិ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូងនៅថ្ងៃទី៤ ខែធ្នូ។

 
ចាប់តាំងពីថ្ងៃទី៦ ខែវិច្ឆិកា ដល់ថ្ងៃទី១​ ខែធ្នូ កងកម្លាំងវិស្វកម្មយោធាកូរ៉េខាងត្បូងចំនួន ១០រូប ត្រូវបានបញ្ជូនមកហ្វឹកហ្វឺនកម្លាំងវិស្វកម្មរបស់កម្ពុជាចំនួន ៣២នាក់ ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងចក្រធុនធ្ងន់កម្រិតមធ្យមនៅក្បែរក្រុងភ្នំពេញ។ ទន្ទឹមនេះ ជប៉ុន និងអូស្រ្តាលី ក៏បានចូលរួមផងដែរ ក្នុងនាមជាអ្នកសង្កេតការណ៍ផងដែរ។ 
 
ក្រោមកម្មវិធី Triangular Partnership Program របស់អង្គការសហប្រជាជាតិ (UN) សមយុទ្ធនេះ ធ្វើឡើងក្នុងគោលបំណងពង្រីកសមត្ថភាពកងរក្សាសន្តិភាពនៅក្នុងផ្នែកវិស្វកម្ម, ថ្នាំពេទ្យ និងវិស័យផ្សេងទៀតតាមរយៈប្រតិបត្តិការគាំទ្រ និងហ្វឹកហ្វឺន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។
 
តាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូង ចេញនៅថ្ងៃទី៤ ខែធ្នូ ក្រោមកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលត្រូវបានចុះហត្ថលេខានៅក្នុងឆ្នាំ២០២២ កូរ៉េខាងត្បូង បានបញ្ជូនគ្រឿងបរិក្ខារយោធា មកកម្ពុជា នៅក្នុងខែកុម្ភៈកន្លងមក។ ទន្ទឹមនេះ កូរ៉េខាងត្បូង គ្រោងផ្តល់គ្រឿងបរិក្ខារធ្ងន់ៗបន្ថែមទៀត ក្នុងនោះរួមមាន រថយន្តប្រភេទ Graders, រថយន្តសម្រាប់ឈូសឆាយ Bulldozers និងរថយន្តសម្រាប់បង្ហាប់ដីជាដើម។ 
 
បន្ថែមពីនេះ ក្រសួងការពារជាតិ បានប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ដូចជា ហ្វីលីពីន, វៀតណាម, ឥណ្ឌូណេស៊ី និងថៃជាដើម។
 
កន្លងមក កម្ពុជា បានបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពចំនួន ៨៩៥១នាក់ទៅ ចូលរួមក្នុងបេសសកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដែលមានវត្តមាននៅក្នុងបណ្តាប្រទេសជាច្រើនដូចជា ស៊ូដង់, ស៊ូដង់ខាងត្បូង, ឆាដ, លីបង់, ស៊ីប និងបណ្តាប្រទេសផ្សេងទៀត៕ 

Tag:
 កូរ៉េខាងត្បូង
  កម្ពុជា
  កងរក្សាសន្តិភាព
© រក្សាសិទ្ធិដោយ thmeythmey.com