កីឡាអន្តរជាតិ
អន្តរជាតិ
លោកចូកូវី៖ ឥណ្ឌូណេស៊ី ចាប់ដៃសិង្ហបុរី រៀប U-20 World Cup ឆ្នាំ២០២៥
05, Dec 2023 , 9:29 am        
រូបភាព
លោកប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូវី ដូដូ នៅថ្ងៃទី៤ ខែធ្នូ បង្ហាញបំណងរបស់ខ្លួនទៅកាន់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ដោយចង់ឱ្យ ឥណ្ឌូណេស៊ី សហការជាមួយសិង្ហបុរី រួមគ្នារៀបចំការប្រកួត U-20 FIFA World Cup ឆ្នាំ ២០២៥។



«លិខិតដែលមានចុះហត្ថលេខាពីសំណាក់សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) និង សិង្ហបុរី (FAS) ដែលបង្ហាញពីចំណាប់អារម្មណ៍រៀបកីឡាបាល់ទាត់ពិពភលោកបុរសអយុក្រោម២០ឆ្នាំបានប្រកាសរួចហើយ។ លោក វិដូដូ បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សាការតាដូច្នេះ ដោយដាក់ការជឿជាក់ថាប្រទេសទាំងពីរនឹងធ្វើម្ចាស់ U20 World Cup បានយ៉ាងល្អ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
 
ស្របពេលគ្នានេះដែរ FAS ក៏បានបង្ហាញលិខិតបំណងពិភាក្សា និងពិចារណារួមគ្នាក្នុងការធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកអាយុក្រោម ២០ និងក្រោម ១៧ឆ្នាំ នៅឆ្នាំ ២០២៥ ឬ បន្ទាប់ពីនេះ ដាក់ជូនទៅកាន់ស្ថាប័ន FIFA រួចហើយដែរ។
 
«ការបង្ហាញចេតនារៀបចំបាល់ទាត់ពិភពលោកដោយមានលិខិតស្នាម និងបន្តទៅរកការដេញថ្លៃ បានដំណើរការបន្ថែមទៀតជាមួយ FIFA និង PSSI។ នេះជាការបញ្ជាក់របស់ FAS ដោយស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់សិង្ហបុរី ក៏ពេញចិត្តនឹងការសហការនេះ។
 
កាលពីខែមីនា ឥណ្ឌូណេស៊ីត្រូវបាន FIFA ដកហូតសិទ្ធិធ្វើម្ចាស់ផ្ទះ U-20 World Cup ឆ្នាំ ២០២៣ ដោយសារតែមានការប្រឆាំងពីមន្ត្រីរដ្ឋាភិបាលមួយចំនួនចំពោះការចូលរួមរបស់អ៊ីស្រាអែល។ ហើយការសម្រេចរបស់ FIFA ក៏បានកើតឡើងត្រឹមតែរយៈពេល៦ខែ បន្ទាប់ពីអ្នកទស្សនាចំនួន ១៣៥ នាក់បានស្លាប់នៅក្នុងការរត់ជាន់គ្នាក្នុងការប្រកួតលីគក្នុងស្រុកឥណ្ឌូណេស៊ី បន្ទាប់ពីប៉ូលីសបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើហ្វូងមនុស្ស ដែលបង្ករជាគ្រោះដ៏ធំបំផុតមួយក្នុងកីឡា។ ហើយ U-20 World Cup នៅទីបំផុតត្រូវធ្លាក់ទៅអាហ្សង់ទីនរ៉ាប់រង ដោយអ៊ុយរូហ្គាយជាម្ចាស់ជើងឯក។
 
យ៉ាង​ណា​ក៏​ដោយ ​ឥណ្ឌូណេស៊ី​ នៅតែអាច​ធ្វើ​ម្ចាស់​ផ្ទះ​ World Cup U-17 ដែល​ទើប​បញ្ចប់​​ថ្មីៗ​នេះ ដោយអាល្លឺម៉ង់គ្រងតំណែងជើងឯក ក្រោយឈ្នះបារាំងវគ្គផ្តាច់ព្រ័ត្រ។
 
U-20 World Cup ជាព្រឹត្តិការណ៍ដែលត្រូវធ្វើឡើង២ឆ្នាំម្តង ខណៈ U-17 World Cup នឹងក្លាយជាការប្រកួតប្រចាំឆ្នាំ ចាប់ពីឆ្នាំ ២០២៥ តទៅ៕
 

Tag:
 U-20 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com