អន្តរជាតិ
សេតវិមានព្រមានថា រុស្ស៊ីនឹងឈ្នះអ៊ុយក្រែន បើសភាអាម៉េរិកមិនអនុម័តជំនួយយោធាបន្ថែមទៅអ៊ុយក្រែន
05, Dec 2023 , 9:59 am        
រូបភាព
យោធាអ៊ុយក្រែន។ រូបភាព AFP
យោធាអ៊ុយក្រែន។ រូបភាព AFP
សេតវិមាន នៅថ្ងៃទី៤ ខែធ្នូ បានជំរុញសភាអាម៉េរិកឱ្យអនុម័តជំនួយយោធាបន្ថែមទៅអ៊ុយក្រែន ប្រសិនបើមិនចង់ឱ្យរុស្ស៊ី ទទួលជ័យជម្នះ ក្រោយជំនួយត្រូវរីងស្ងួត។ ជាច្រើនខែមកហើយ សភាអាម៉េរិក មិនអាចអនុម័តជំនួយយោធាទៅអ៊ុយក្រែនបាននោះឡើយ ដោយសារមានការខ្វែងគំនិតគ្នា។

 
ជំនួយយោធាអាម៉េរិកទៅអ៊ុយក្រែន នឹងត្រូវអស់នៅត្រឹមដំណាច់ឆ្នាំ២០២៣នេះ ក្រោយសភា មិនអាចអនុម័តជំនួយយោធាបន្ថែម។ ប្រសិនបើជំនួយយោធាអាម៉េរិកអស់ អ៊ុយក្រែនអាចថមថយកម្លាំង និងខ្វះគ្រឿងបរិក្ខារយោធា ក្នុងការវាយបក រួមទាំងការពារពីកម្លាំងរុស្ស៊ី នៅក្នុងរដូវត្រជាក់ខាងមុខ។ ទាក់ទិននឹងបញ្ហានេះ សេតវិមាន បានទទូចឱ្យសភាអនុម័តជំនួយយោធាបន្ថែមមុនដំណាច់ឆ្នាំ។ 
 
«វាគ្មានជំនួយហិរញ្ញវត្ថុគ្រប់គ្រាន់ឡើយមកទល់ពេលនេះ។ យើងកំពុងតែអស់លុយ និងជិតអស់ពេលហើយ»។ លោកស្រី Shalanda Young នាយកការិយាល័យគ្រប់គ្រង និងថវិការបស់រដ្ឋាភិបាលលោកប្រធានាធិបតី ចូ បៃឌិន បានសង្កត់ធ្ងន់បែបនេះ នៅក្នុងលិខិតមួយទៅក្នុងប្រធានសភាតំណាង លោក Mike Johnson នៅថ្ងៃទី៤ ខែធ្នូ។ ត្រង់ចំណុចនេះ មន្រ្តីអាម៉េរិក បានព្រមានថា ប្រសិនបើជំនួយយោធាសម្រាប់អ៊ុយក្រែនត្រូវរីងស្ងួត វាប្រៀបដូចជាបំបាក់ជើងអ៊ុយក្រែន ក្នុងការប្រយុទ្ធជាមួយរុស្ស៊ី។ 
 
ទន្ទឹមនេះ លោកស្រី Young បានកត់សម្គាល់ថា យោធារុស្ស៊ី នឹងមានលទ្ធភាពខ្ពស់ ក្នុងការឈ្នះសង្រ្គាមមួយនេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
នៅក្នុងខែតុលា រដ្ឋបាលលោកបៃឌិន បានស្នើទៅកាន់សភាចំនួន ១០៦ពាន់លានដុល្លារ សម្រាប់ជាកញ្ចប់សន្តិសុខជាតិ ដោយក្នុងនោះរួមមានជំនួយយោធាសម្រាប់អ៊ុយក្រែន និងអ៊ីស្រាអែលផង។ ប៉ុន្តែទំហំថវិកាដ៏ច្រើនបែបនេះ ជាប់គាំងនៅសភាអាម៉េរិក ដោយសារសមាជិកសភាអាម៉េរិកមកពីបក្សសាធារណរដ្ឋអះអាងថា ត្រូវគិតគូរពីការចំណាយប្រកបដោយការទទួលខុសត្រូវ។ 
 
ជាការពិត ប្រធានសភាតំណាងអាម៉េរិក លោក Johnson នៅដើមខែវិច្ឆិកា បានអនុម័តកញ្ចប់ជំនួយយោធាសម្រាប់អ៊ីស្រាអែល ក្នុងទំហំ១៤,៥ពាន់លានដុល្លារ។ យ៉ាងណាមិញ លោក បៃឌិន បានច្រានចោលជំនួយនោះ ព្រោះមិនត្រូវនឹងសំណើ ហើយក៏មិនមានជំនួយសម្រាប់អ៊ុយក្រែនដែរ។ 
 
ចំណែកទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក Jake Sullivan ក្នុងថ្ងៃដដែល បានជំរុញសភាតំណាងអាម៉េរិកថា សភា ត្រូវសម្រេចថាតើត្រូវប្រយុទ្ធគាំទ្រសេរីភាពនៅអ៊ុយក្រែន ឬទុកចោល ហើយអនុញ្ញាតឱ្យលោកវ្ល៉ាឌីមៀ ពូទីនទទួលជ័យជម្នះ។ 
 
តាមរយៈសំណេរលើបណ្តាញសង្គម X ប្រធានសភាតំណាងអាម៉េរិក បានចេញមុខការពារថា រដ្ឋបាលលោកបៃឌិន បានបរាជ័យក្នុងការពារលើក្តីបារម្ភរបស់លោក ជុំវិញយុទ្ធសាស្រ្តនៅអ៊ុយក្រែន។ ទន្ទឹមនេះ ប្រធានសភាតំណាង បានទទូចឱ្យផ្តោតលើព្រំដែនជាមួយម៉ិកស៊ិក ដែលមានកំណើរជនភៀសខ្លួនមកអាម៉េរិកកាន់តែច្រើនឡើង៕ 
 

Tag:
 អាម៉េរិក
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com