កីឡាអន្តរជាតិ
អន្តរជាតិ
Premier League លក់សិទ្ធិផ្សាយឱ្យទូរទស្សន៍ Sky និង TNT តម្លៃ ៨,៤៦ ពាន់លានដុល្លារ
05, Dec 2023 , 10:29 am        
រូបភាព
Premier League បានយល់ព្រមលក់សិទ្ធិផ្សាយឱ្យទូរទស្សន៍ក្នុងស្រុក Sky និង TNT ក្នុងតម្លៃ ៦,៧ ពាន់លានផោន (៨,៤៦ ពានលានដុល្លារ) ក្នុងកិច្ចសន្យារយៈពេល៤ឆ្នាំ។ កិច្ច​ព្រម​ព្រៀង​នេះក៏​រួម​បញ្ចូលឱ្យ BBC បន្ត​ធ្វើវីដេអូហាយឡាយ​ការ​ប្រកួត​ប្រចាំ​ថ្ងៃផងដែរ។


ក្រុមហ៊ុនលីគកំពូលអង់គ្លេស EPL អះអាងថាកិច្ចព្រមព្រៀងដែលមានរយៈពេល ៤ ឆ្នាំ គិតចាប់ពីរដូវកាល ២០២៥-២៦ តទៅ នឹងត្រូវផ្តល់សិទ្ធិឱ្យទូរទស្សន៍ Sky និង TNT ផ្សាយផ្ទាល់ការប្រកួត ដែលមានរហូតល់២៧០ប្រកួតក្នុងមួយរដូវកាល។
 
ទូរទស្សន៍ Sky ដ៏ល្បីរបស់អង់គ្លេស នឹងផ្សាយផ្ទាល់ការប្រកួតយ៉ាងតិច ២១៥ប្រកួត ក្នុងមួយរដូវកាល។ ក្នុងនោះរួមមានការប្រកួត នៅចុងសប្តាហ៍នាពេលព្រលប់ បូករួមទាំងការប្រកួតយប់ថ្ងៃច័ន្ទ និងថ្ងៃសុក្រ និងការប្រកួតពាក់កណ្តាលសប្តាហ៍ចំនួន៣ទៀត។
 
សម្រាប់ទូរទស្សន៍ TNT វិញ ទទួលបានសិទ្ធិផ្សាយផ្ទាល់ការប្រកួតយ៉ាងតិច ៥២ប្រកួត ក្នុងមួយរដូវកាល រួមទាំងការប្រកួតទាំងអស់នៅយប់ថ្ងៃសៅរ៍ និងការប្រកួតពាក់កណ្តាលសប្តាហ៍ចំនួនពីរ។
 
Sky Sports ក៏នឹងផ្សាយការប្រកួតទាំង ១០ នៅថ្ងៃចុងក្រោយនៃរដូវកាលនីមួយៗផងដែរ។ ដោយឡែក កិច្ចព្រមព្រៀងរបស់ទូរទស្សន៍ BBC រួមមាន MOTD2 និង Football Focus បូករួមទាំងសិទ្ធិឌីជីថលបន្ថែមសម្រាប់វេទិកាអនឡាញរបស់ខ្លួន។
 
ក្រុមហ៊ុន Amazon ដែលបានផ្សាយ ២០ ប្រកួតក្នុងមួយរដូវកាលក្រោមកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់លីគអង់គ្លេស មិនបានធានាសិទ្ធិក្នុងកិច្ចព្រមព្រៀងថ្មីនោះទេ។
 
នេះជាលើកទីមួយហើយដែលលីគ Premier League មានដំណើរការដេញថ្លៃសម្រាប់សិទ្ធិផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ របស់ខ្លួនចាប់តាំងពីឆ្នាំ ២០១៨មក។ កិច្ចព្រមព្រៀងសិទ្ធិទូរទស្សន៍ក្នុងតម្លៃ ៦,៣២ ពាន់លានដុល្លារបច្ចុប្បន្ន ដែលមានរយៈពេល ៣ រដូវកាល និងផុតកិច្ចសន្យានៅចុងរដូវកាល ២០២៤-២៥៕
 

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com