ជាតិ
យុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០២៣ រម្លឹកដល់អ្នកបោះចោលសំរាមផ្ដេសផ្ដាស ឱ្យងាកមើលគំរូ អ្នកទុកដាក់សំរាមត្រឹមត្រូវ
05, Dec 2023 , 12:00 pm        
រូបភាព
ភ្នំពេញ៖ យុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០២៣ ផ្តោត​សំខាន់​លើការជំរុញអនាម័យឱ្យកាន់តែស្អាត និងបណ្តុះគំនិតថែរក្សាបរិស្ថាន លើកកម្ពស់បរិស្ថានស្អាត។  «សីលធម៌យើង ប្រពៃណីយើង ថ្លាថ្លៃ» ជាពាក្យស្លោក នៃយុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០២៣ ដើម្បីការរំលឹកដល់អ្នកដែលនិយមបោះចោលសំរាមផ្តេសផ្តាស ឱ្យងាកត្រឡប់មកមើលគំរូ អ្នកដែលចូលរួមប្រមូលសំរាម។



យុទ្ធនាការភ្នំពេញស្អាត  បានអនុវត្តពេញមួយខែ ចាប់ពីថ្ងៃទី៣វិច្ឆិកា ដល់ថ្ងៃទី៣ធ្នូ ឆ្នាំ២០២៣ ដោយមានការចូលរួមពីក្រុមយុវជនសុច្ឆន្ទៈជាច្រើននាក់ និងក្រសួងស្ថាប័នរដ្ឋ ដើម្បីពង្រឹងការថែរក្សាបរិស្ថាន ការគ្រប់គ្រង និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវដល់សាធារណជន។ 
 
លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានលើកឡើងថា យុទ្ធនាការនេះ បង្កើតឡើងក្នុងគោលបំណង លើកកម្ពស់បរិស្ថាន និងការបញ្ច្រាបអំពីបញ្ហាប្រឈម នៃការទុកដាក់សំរាមមិនបានត្រឹមត្រូវ ដល់សាធារណជន។  បើតាមលោក ម៉ានី ការថែរក្សាបរិស្ថាន ឱ្យមានសំឡេងតែមួយ  គឺជាលើកកម្ពស់សោភណ្ឌភាពស្អាត ឱ្យកាន់តែប្រសើរឡើង។ 
 
បន្ថែមពីនេះ យុទ្ធនាការភ្នំពេញស្អាត បានផ្ដោតលើសកម្មភាពធំៗចំនួន៤  គឺ «ចិត្តខ្ញុំស្អាត ខ្មែរស្អាត»,«ការងារខ្ញុំស្អាត ខ្មែរស្អាត», «ខ្ញុំទំពាំងស្អាត ខ្មែរស្អាត» និង«ទីធុរកិច្ចយើងស្អាត ខ្មែរស្អាត»។  អ្នកស្រី ទេព កុលាប សហស្ថាបនិកគម្រោងស្អាត សង្ឃឹមថា គម្រោងស្អាតនេះ នឹងបន្តរួមចំណែកយុទ្ធនាការសាលារៀនគ្មានសំរាម និងរក្សាបរិស្ថានកាន់តែប្រសើរ។ យុទ្ធនាការភ្នំពេញស្អាតនេះ បានធ្វើឡើងជាលើកទី៧ហើយ។ 
 
ជម្រាបថា គម្រោងស្អាតនេះ ក៏បានបញ្ជ្រាបសារទៅកាន់ម្ចាស់អាជីវកម្ម ក្នុងគោលបំណងលើកកម្ពស់ការថែរក្សាអនាម័យ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្នុងការិយាល័យធ្វើការ ក៏ដូចជាជីវភាពរស់នៅប្រចាំថ្ងៃផងដែរ។ យុទ្ធនាការភ្នំពេញស្អាត បានបិទបញ្ចប់កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣៕

Tag:
 ភ្នំពេញស្អាត
© រក្សាសិទ្ធិដោយ thmeythmey.com