អន្តរជាតិ
បារម្ភពីបញ្ហាសេដ្ឋកិច្ច យោធាមីយ៉ាន់ម៉ាជំរុញក្រុមជនជាតិភាគតិចដោះស្រាយវិបត្តិនយោបាយដើម្បីសន្តិភាព
05, Dec 2023 , 3:07 pm        
រូបភាព
លោក មីន អ៊ុងឡាំង មេដឹកនាំយោធាមីយ៉ាន់ម៉ា នៅថ្ងៃទី៤ ខែធ្នូ។ រូបភាព the Global New Light of Myanmar
លោក មីន អ៊ុងឡាំង មេដឹកនាំយោធាមីយ៉ាន់ម៉ា នៅថ្ងៃទី៤ ខែធ្នូ។ រូបភាព the Global New Light of Myanmar
លោកមីន អ៊ុងឡាំង មេដឹកនាំយោធាមីយ៉ាន់ម៉ា ជំរុញឱ្យក្រុមប្រដាប់អាវុធជនជាតិភាគតិចដោះស្រាយបញ្ហាមានលក្ខណៈនយោបាយរបស់ពួកគេ និងបញ្ឈប់ការវាយប្រហារ ខណៈជម្លោះនៅក្នុងប្រទេសធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងខ្លាំង ជាពិសេសវិស័យទេសចរណ៍។

 
ចាប់តាំងពីថ្ងៃទី២៧ ខែតុលា ក្រុមប្រដាប់អាវុធជនជាតិភាគតិចមីយ៉ាន់ម៉ា បានវាយប្រហារ និងគ្រប់គ្រងប៉ុស្តិ៍យោធា ហើយថែមទាំងបិទផ្លូវ ដែលយោធាមីយ៉ាន់ម៉ាធ្វើពាណិជ្ជកម្មជាមួយចិនថែមទៀត។
របបយោធាមីយ៉ាន់ម៉ារងផលប៉ះពាល់យ៉ាងខ្លាំង ខណៈប្រជាជនស៊ីវិលជាច្រើនម៉ឺននាក់ ក៏រងផលលំបាកផងដែរ។ 
 
ទាក់ទិននឹងបញ្ហានេះ លោក មីន អ៊ុងឡាំង អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា នៅថ្ងៃទី៤ ខែធ្នូ បានទទូចឱ្យក្រុមប្រដាប់អាវុធជនជាតិភាគតិចដោះស្រាយបញ្ហាលក្ខណៈនយោបាយ ​និងបញ្ឈប់ការវាយប្រហារ។
 
«លោក មីន អ៊ុងឡាំង បានចង្អុលបង្ហាញថា ជម្លោះនៅក្នុងប្រទេសអាចប៉ះពាល់ដល់សេដ្ឋកិច្ចរដ្ឋ និងវិស័យទេសចរណ៍»។ សារព័ត៌មានរដ្ឋ the Global New Lights of Myanmar ចុះផ្សាយបែបនេះ នៅថ្ងៃទី៥ ខែធ្នូ។ ទន្ទឹមនេះ​ នាយឧត្តមសេនីយ៍មីយ៉ាន់ម៉ា បានបន្តថា វិស័យទេសចរណ៍ អាចនឹងមានចំនួនភ្ញៀវច្រើនបាន លុះត្រាតែប្រទេសមានសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខពេញលេញ។ 
 
មិនតែប៉ុណ្ណោះ លោក មីន អ៊ុងឡាំង បានព្រមានថា ប្រសិនបើក្រុមប្រដាប់អាវុធជនជាតិភាគតិច នៅតែបន្តសកម្មភាពវាយប្រហាររបស់ខ្លួន ប្រជាជនស៊ីវិល នឹងរងផលប៉ះពាល់ដ៏អាក្រក់ ហើយពួកគេត្រូវតែពិចារណាពីជីវិតប្រជាជនស៊ីវិល។ 
 
ការវាយប្រហាររបស់កម្លាំងសម្ព័ន្ធបងប្អូន ចាប់តាំងពីថ្ងៃទី២៧ ខែតុលា ជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់យោធា បើគិតពីរដ្ឋប្រហារយោធា នៅឆ្នាំ២០២១ មក។ 
 
ក្រោយសេចក្តីថ្លែងការណ៍របស់មេដឹកនាំយោធា លោក Kyaw Zaw អ្នកនាំពាក្យរដ្ឋាភិបាលបង្រួបបង្រួមជាតិ បានច្រានចោលកិច្ចចរចាជាមួយយោធា លុះត្រាតែមានការលាលែងពីតួនាទីរបស់យោធានៅក្នុងនយោបាយ ហើយពួកគេស្ថិតនៅក្រោមរដ្ឋាភិបាលស៊ីវិល។
 
សូមបញ្ជាក់ថា ការវាយប្រហារនៅរដ្ឋភាគខាងជើងមីយ៉ាន់ម៉ា បានធ្វើឱ្យប៉ះពាល់ដល់ប្រជាជនស៊ីវិលយ៉ាងខ្លាំង។ តាមទិន្នន័យរបស់អង្គការសហប្រជាជាតិ ប្រជាជនជាច្រើនម៉ឺននាក់ បានភៀសខ្លួនរកកន្លែងសុវត្ថិភាព ដោយសារតែការប្រយុទ្ធគ្នា៕
 

Tag:
 មីយ៉ាន់ម៉ា
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com