ជាតិ
ប្រមុខរដ្ឋាភិបាល មិនឱ្យពលរដ្ឋណាម្នាក់ ជួបបញ្ហាសុខភាព ដោយសារគ្មានលទ្ធភាពបង់ថ្លៃសេវាឡើយ
05, Dec 2023 , 3:20 pm        
រូបភាព
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ រូបពី STPM
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ រូបពី STPM
ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីណែនាំឱ្យក្រសួងសុខាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ចិត្តទុកដាក់លើពលរដ្ឋ ដោយត្រូវធានាផ្នែកសុខភាពដល់ពួកគេ ។ ជាពិសេសមិនត្រូវឱ្យពលរដ្ឋ រងគ្រោះផ្នែកសុខភាព ដោយសារគ្មានលទ្ធភាពបង់ថ្លៃសេវាព្យាបាលឡើយ។

 
សម្តេច ហ៊ុន ម៉ាណែត បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «គោលការណ៍ណែនាំស្តីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និង​ គោលការណ៍ណែនាំស្តីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន» នាថ្ងៃទី៥ធ្នូ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។ 
 
ដើម្បីឱ្យកម្មវិធីគោលនយោបាយខាងលើ អនុវត្តទៅបានសម្រេច សម្ដេច ប្រាប់ទៅក្រសួងសុខាភិបាល យកចិត្តទុកដាក់បង្កើនប្រសិទ្ធភាព និងគុណភាពសេវាសុខាភិបាល និងភាពងាយស្រួល ក្នុងការអនុវត្តលក្ខខណ្ឌពិនិត្យសុខភាព។ ចំណុចនេះ សម្ដេច សង្កត់ធ្ងន់យ៉ាងដូច្នេះ៖ «ត្រូវធានាថាគ្មាន ពលរដ្ឋណាម្នាក់ ត្រូវបានបដិសេធការទទួលបានសេវាថែទាំសុខភាព ដោយសារគ្មានលទ្ធភាពបង់ថ្លៃសេវានោះឡើយ»។ 
 
ក្នុងកម្មវិធីនេះដែរ សម្ដេច ណែនាំទៅក្រសួងសេដ្ឋកិច្ច ឱ្យបន្តដឹកនាំប្រព័ន្ធកិច្ចគាំពារសង្គម ហើយក្រសួងសង្គមកិច្ច និងក្រសួងពាក់ព័ន្ធនានា រួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចូលរួមជួយជ្រោមជ្រែង គោលនយោបាយនេះ  តាមដែនសមត្ថកិច្ចរៀងខ្លួន។ 
 
ចំណែក ក្រសួងមហាផ្ទៃ ត្រូវជំរុញរដ្ឋបាលថ្នាក់រាជធានីខេត្ត ក្រុងស្រុក ឃុំសង្កាត់ ដែលនៅជិតពលរដ្ឋបំផុត ដើម្បីឱ្យពួកគេមានទំនុកចិត្ត និងសុទិដ្ឋនិយម ទៅលើរដ្ឋាភិបាល។ រីឯ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវសហការជាមួយក្រុមប្រឹក្សាជាតិគាំពារសង្គម ដើម្បីបង្កើនការជួយដល់ពលរដ្ឋនៅពេលមានគ្រោះអាសន្ន។ 
 
សម្ដេចអះអាងថា រដ្ឋាភិបាលអាណត្តិថ្មី នៅតែផ្ដោតសំខាន់លើមនុស្សជាចម្បង ដើម្បីឈានដល់គោលដៅ នៅឆ្នាំ២០៣០និង២០៥០។ ដោយឈរលើស្មារតីមិនបោះបង់ពលរដ្ឋណាម្នាក់ចោល រដ្ឋាភិបាល បានផ្ដល់កិច្ចអន្តរាគមន៍ដល់គ្រួសារក្រីក្រ ងាយរងគ្រោះ និងហានិភ័យ និងចាត់ចូលក្នុងកម្មវិធីគោលនយោបាយអាទិភាព។ 
 
បើតាមសម្ដេច អត្រាភាពក្រីក្រនៅកម្ពុជា បានកាត់បន្ថយជាបន្តបន្ទាប់ ក្នុងរយៈពេលជាង ១៥ ឆ្នាំចុងក្រោយនេះ។ ចាប់តាំងពីឆ្នាំ២០០៧មក អត្រាភាពក្រីក្រមានជាង ១៧ភាគរយ ធ្លាក់មកក្រោម១០ ភាគរយនៅឆ្នាំ២០១៧។ ប៉ុន្តែវិបត្តិកូវីដ-១៩ បានធ្វើឱ្យអត្រាភាព ក្រីក្រនៅកម្ពុជាកើនដល់ជាង១៧ ភាគរយឡើងវិញ។
 
 
យ៉ាងណា រាជរដ្ឋាភិបាលអាណត្តិទី៧ ប្ដេជ្ញាចិត្តបន្តអនុវត្តកម្មវិធីគោលនយោបាយជាតិជំនួយសង្គម ដើម្បីឆ្លើយតបបន្ទាន់ទៅនឹងបញ្ហាជីវភាព និងសុខភាពរបស់ប្រជាពលរដ្ឋ។ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការដាក់ឱ្យដំណើរការប្រព័ន្ធគាំពារសង្គមជាការចាំបាច់ ដើម្បីធានាប្រសិទ្ធភាព នៃលំនឹងជីវភាពប្រជាពលរដ្ឋ ក្នុងរយៈពេលវែង។ 
 
សូមជម្រាបថា ក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ នឹងចាប់ផ្ដើមអនុវត្តចាប់ពីខែមេសា ឆ្នាំ ២០២៤ ខាងមុខតទៅ៕ 
 

Tag:
 គោលនយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com