អន្តរជាតិ
មេដឹកនាំតួកគីព្រមាននាយករដ្ឋមន្ត្រីអុីស្រាអែលថា នឹងអាចត្រូវកាត់ទោសជាឧក្រិដ្ឋជនសង្គ្រាម
05, Dec 2023 , 3:39 pm        
រូបភាព
ប្រធានាធិបតីតួកគី លោក តៃយីប អ៊ែរដូហ្កាន់ (ស្តាំ) ជាមួយលោកនាយករដ្ឋមន្ត្រីអុីស្រាអ៊ែល ល នៅមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងខែកញ្ញា ឆ្នាំ២០២៣។ រូបភាព AFP
ប្រធានាធិបតីតួកគី លោក តៃយីប អ៊ែរដូហ្កាន់ (ស្តាំ) ជាមួយលោកនាយករដ្ឋមន្ត្រីអុីស្រាអ៊ែល ល នៅមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងខែកញ្ញា ឆ្នាំ២០២៣។ រូបភាព AFP
ប្រធានាធិបតីតួកគី លោក តៃយីប អ៊ែរដូហ្កាន់ នាថ្ងៃទី៤ ខែធ្នូ បានប្រើពាក្យធ្ងន់ៗថា នៅទីបញ្ចប់ នាយករដ្ឋមន្ត្រីអុីស្រាអែល លោកបេនចាមីន ណេតាន់យ៉ាហ៊ូ នឹងត្រូវបានកាត់ទោសជាឧក្រិដ្ឋជនសង្គ្រាម។ ការព្រមានបែបនេះ ធ្វើឡើងស្របពេលអុីស្រាអែល បានពង្រីកប្រតិបត្តិការយោធារបស់ខ្លួននៅទូទាំងតំបន់កាហ្សា ដើម្បីបោសសម្អាតក្រុមហាម៉ាស បើទោះមានក្តីបារម្ភពីករណីស្លាប់របស់ប្រជាជនស៊ីវិល។

 
តួកគីដែលជាប្រទេសគាំទ្រដំណោះស្រាយរដ្ឋពីរសម្រាប់ជម្លោះរាប់សិបឆ្នាំមកនេះ បានរិះគន់អុីស្រាអ៊ែល តាំងពីដើមមកចំពោះយុទ្ធនាការក្នុងតំបន់កាហ្សាប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស។ តាមក្រសួងសុខាភិបាលរបស់ក្រុមហាម៉ាស មនុស្សច្រើនជាង១៥៥០០នាក់ ត្រូវបានសម្លាប់ក្រោមការវាយប្រហាររបស់អុីស្រាអ៊ែលតាមអាកាស ផ្លូវទឹក និងដីគោក។
 
«លើសពីជាឧក្រិដ្ឋជនសង្គ្រាម លោកណេតាន់យ៉ាហ៊ូដែលជាអ្នកសម្លាប់មនុស្សនៅតំបន់កាហ្សា នឹងត្រូវបានកាត់ទោសជាឃាតករនៅតំបន់កាហ្សាដូចលោក Milosevic»។ លោកអ៊ែរដូហ្កាន់ បានថ្លែងបែបនេះនៅក្នុងសុន្ទរកថាទៅកាន់កិច្ចប្រជុំគណៈកម្មាធិការនៃអង្គការសហប្រតិបត្តិការឥស្លាម (OIC) នៅទីក្រុងអ៊ីស្តង់ប៊ុល។ 
 
លោក Slobodan Milosevic ជាអតីតប្រធានាធិបតីយូហ្គោស្លាវី ដែលត្រូវបានកាត់ទោសពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម នៅតុលាការក្នុងទីក្រុងឡាអេពាក់ព័ន្ធនឹងសង្រ្គាមនៅបូស្ន៊ី, សង្រ្គាមទាមទារឯករាជ្យរបស់ក្រូអាស៊ី និង សង្រ្គាមនៅកូសូវ៉ូ។
 
ទន្ទឹមនេះ មេដឹកនាំតួកគី បានសង្កត់ធ្ងន់ថា ការជួយជ្រោមជ្រែងរបស់បណ្ដាប្រទេសលោកខាងលិច សម្រាប់អុីស្រាអែល និងព្រមទាំងការធ្វើមិនដឹងឮអំពីការស្លាប់របស់ប្រជាជនស្លូតត្រង់ដោយ ទម្លាក់លើក្រុមហាម៉ាស បង្ហាញពីការបាត់បង់ទាំងស្រុងនៃមនុស្សជាតិ។ ខុសពីសម្ព័ន្ធមិត្តលោកខាងលិច និងសមាជិកណាតូ តួកគីមិនយល់ឃើញថា​ ក្រុមហាម៉ាស ជាក្រុមភេរវករឡើយ។
 
​លោកអ៊ែរដូហ្កាន់ក៏បានទទូច​ឱ្យមានការវាយតម្លៃជាដាច់ខាតពីក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) និងតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ក្នុងបញ្ហានេះ ខណៈ ឃ្លាំងអាវុធនុយក្លេអ៊ែររបស់អុីស្រាអែលមិនត្រូវបំភ្លេចចោលនោះឡើយ។
 
ម្ដងហើយម្តងទៀត លោកអ៊ែរដូហ្កាន់តែងតែបានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) ធ្វើ កំណែទម្រង់ ដើម្បីឱ្យមានភាពរួមបញ្ចូលកាន់តែច្រើន។ ចំពោះជម្លោះនេះផងដែរ លោក សម្គាល់ថា UN បានបរាជ័យក្នុងការសាកល្បងនៅតំបន់កាហ្សា ហើយអំពាវនាវឱ្យមានកំណែទម្រង់ជាបន្ទាន់ ខណៈសមាជិកអចិន្ត្រៃយ៍ទាំង៥ របស់ក្រុមប្រឹក្សាសន្តិសុខ ដែលមាន អាម៉េរិក រុស្ស៊ី ចិន អង់គ្លេស និងបារាំង មិនតំណាងឱ្យពិភពលោកនោះទេ។ 
 
ក្រោយកិច្ចព្រមព្រៀងបទឈប់បាញ់ត្រូវបានបញ្ចប់ អុីស្រាអែល បង្កើនការវាយប្រហារលើតំបន់កាហ្សាទាំងមូលទាំងម្តង។ យោធាអុីស្រាអែល នៅថ្ងៃទី៤ ខែធ្នូ បានបញ្ជូនរថក្រោះជាច្រើនគ្រឿងទៅក្នុងតំបន់ភាគខាងត្បូង ដែលភាគជាច្រើនជាកន្លែងប្រជាជនប៉ាឡេស្ទីនភៀសខ្លួន ដើម្បីបោសសម្អាតក្រុមហាម៉ាសឱ្យអស់ ក្នុងគោលបំណងធានាសន្តិសុខ និងមិនមានការវាយប្រហារមកលើខ្លួនជាថ្មី។ 
 
នៅក្បែរក្រុង Khan Younis ដែលស្ថិតនៅតំបន់កាហ្សាភាគខាងត្បូង យោធាអុីស្រាអែលបានពង្រាយរថក្រោះ រថយន្តពាសដែក និងឡាន Bulldozer។
 
ជុំវិញការពង្រីកប្រតិបត្តិការនៅភាគខាងត្បូងនេះ តំណាងអុីស្រាអែល និងប៉ាឡេស្ទីន នៅអង្គការសហប្រជាជាតិក្នុងថ្ងៃទី៤ ខែធ្នូ បានចោទគ្នាទៅវិញទៅមក ពាក់ព័ន្ធការប្រល័យពូជសាសន៍ ដោយភាគីទាំងពីរ បានទាមទារឱ្យមានការឆ្លើយតបពីសហគមន៍អន្តរជាតិ៕ 

Tag:
 អុីស្រាអែល
  ប៉ាឡេស្ទីន
  តួកគី
  ហាម៉ាស
  កាហ្សា
© រក្សាសិទ្ធិដោយ thmeythmey.com