អន្តរជាតិ
ថៃ ឱ្យប្រជាជនត្រៀមអបអរការដាក់ពិធីសង្រ្កាន្តក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
05, Dec 2023 , 4:10 pm        
រូបភាព
ក្រសួងវប្បធម៌ថៃ បានអំពាវនាវឱ្យប្រជាជនទាំងអស់ចូលរួមអបអរសាទរការដាក់ពិធីសង្រ្កាន្ត ដែលជាប្រពៃណីអបអរចូលឆ្នាំថ្មីនៅថៃ នៅថ្ងៃទី៧ ខែធ្នូខាងមុខ។ សង្រ្កាន្តនៅថៃ ត្រូវបានរំពឹងខ្ពស់ថា នឹងត្រូវបានដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការ UNESCO នៅថ្ងៃទី៦ ខែធ្នូ។

អង្គការ UNESOC នឹងប្រកាសពីការដាក់សង្រ្កាន្តនៅថៃទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៅក្រុង Kasane ប្រទេសបុតស្វាណា នៅម៉ោង៥ល្ងាច ក្នុងថ្ងៃទី៦ ខែធ្នូ (ម៉ោងនៅក្នុងស្រុក)។ 
 
ក្រសួងវប្បធម៌ថៃ បានស្នើ «សង្រ្កាន្តនៅថៃ ពិធីចូលឆ្នាំប្រពៃណីថៃ» ទៅ UNESCO សម្រាប់ការចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីកាលពីឆ្នាំ២០២០។ 
 
ទាក់ទិននឹងការចុះបញ្ជីនេះ អ្នកនាំពាក្យក្រសួងវប្បធម៌ លោកស្រី Penpisut Jintasophon បានអះអាងថា រដ្ឋមន្រ្តីក្រសួងវប្បធម៌ បានអញ្ជើញប្រជាជនថៃទាំងអស់ឱ្យចូលរួមអបអរពិធីសង្រ្កាន្តនៅក្នុងតំបន់ Lan Khon Muang ដែលទល់មុខសាលាក្រុងបាងកក។ ក្នុងពិធីនេះ លោកនាយករដ្ឋមន្រ្តី សេដ្ឋា ថាវីស៊ីន រួមទាំងសមាជិករដ្ឋាភិបាលផ្សេងទៀត នឹងចូលរួមផងដែរ។ 
 
បើតាមអ្នកនាំពាក្យរូបនេះ ថៃបានទទួលការជូនដំណឹងក្រៅផ្លូវការរួចហើយពីពិធីចុះសង្រ្កាន្តទៅក្នុងបញ្ជី UNESCO។ ដើម្បីអបអរ ថៃគ្រោងរៀបចំកម្មវិធីវប្បធម៌របស់ខ្លួនក្នុងរយៈពេល១ខែពេញនៅខែមេសាខាងមុខថែមទៀត៕
 

Tag:
 ថៃ
  យូនីស្កូ
© រក្សាសិទ្ធិដោយ thmeythmey.com