កីឡាអន្តរជាតិ
អន្តរជាតិ
មានឈាមជ័រហ្វីលីពីន ម្ចាស់មេដាយអូឡាំពិក Sanchez ប្តូរសញ្ជាតិកាណាដា ដើម្បីតំណាងហ្វីលីពីន នៅអូឡាំពិកប៉ារីស
05, Dec 2023 , 5:09 pm        
រូបភាព
គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានអនុម័តសំណើក្នុងការផ្លាស់ប្តូរសញ្ជាតិអត្តពលិក៩រូប ដែលអាចអនុញ្ញាតឱ្យពួកគេមានសិទ្ធិចូលរួមប្រកួតប្រជែងសម្រាប់ប្រទេសថ្មី ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤។ កីឡាការិនីហែលទឹកកាណាដា Kayla Sanchez ដែលធ្លាប់ឈ្នះមេដាយអូឡាំពិកពីរ ក៏បានប្តូរសញ្ជាតិទៅហ្វីលីពីនផងដែរ។



Sanchez បានឈ្នះមេដាយអូឡាំពិកចំនួនពីរដែលតំណាងឱ្យប្រទេសកាណាដា ប៉ុន្តែបន្ទាប់ពីការប្រកួតជើងឯកពិភពលោកឆ្នាំ ២០២២ រូបនាងបានសម្រេចផ្លាស់ប្តូរសញ្ជាតិ ទៅហ្វីលីពីនវិញ ដើម្បីអាចតំណាងឱ្យប្រទេសតំបន់អាស៊ានមួយនេះ ប្រកួតនៅអូឡាំពិកក្រុងប៉ារីស ឆ្នាំ២០២៤។ 
 
កីឡាការិនីហែលទឹក វ័យ២២ឆ្នាំ ដែលជាសមាជិកក្រុមជម្រើសជាតិកម្រិតខ្ពស់របស់កាណាដាតាំងពីឆ្នាំ ២០១៧ បានកើតនៅសិង្ហបុរី ដែលមានឪពុកម្តាយ ជាជនជាតិហ្វីលីពីន។ ដោយមានឈាមជ័រហ្វីលីពីន និងទំនាក់ទំនងយ៉ាងខ្លាំងចំពោះប្រវត្តិគ្រួសាររបស់ខ្លួន ទីបំផុតបាននាំ Sanchez ទៅដល់ការសម្រេចចិត្តប្តូរសញ្ជាតិ។
 
នៅព្រឹត្តិការណ៍ អូឡាំពិកក្រុងតូក្យូឆ្នាំ២០២០ ដែលលើកពេលទៅឆ្នាំ ២០២២ ដោយសារកូវីដ-១៩ Sanchez ដែលតំណាងឱ្យកាណាដា បានឈ្នះមេដាយប្រាក់កីឡាហែលទឹក វិញ្ញាសា (leadoff leg) បណ្តាក់៤០០ម៉ែត្រ  និងមេដាយសំរឹទ្ធ វិញ្ញាសា (anchor leg) បណ្តាក់ ៤០០ម៉ែត្រ។
 
ក្នុងដំណើរការប្តូរសញ្ចាតិ សម្រាប់ Sanchez និងអត្តពលិក៨នាក់ផ្សេងទៀត ក្រុមប្រឹក្សាប្រតិបត្តិ IOC បានផ្តល់ការលើកលែងក្នុងការស្នើសុំដោយមិនចាំបាច់រង់ចាំដល់រយៈពេល ៣ ឆ្នាំដូចមុនឡើយ។ 
 
អត្តពលិកទាំង៩រូប ដែល IOC យលព្រមអនុញ្ញាតឱ្យប្តូរសញ្ជាតិដើម្បីអាចប្រកួតប្រជែងឱ្យប្រទេសផ្សេងបាននៅអូឡាំពិក ក្រុងប៉ារីស ឆ្នាំ២០២៤ រួមមាន៖
 
Jamie Copus កីឡាករប្រណាំងទូក ប្តូរពីអង់គ្លេស ទៅអាម៉េរិក
Luciana Diniz កីឡាករជិះសេះ ប្តូរពីព័រទុយហ្កាល់ ទៅប្រេស៊ីល
Valeriia Liubimova កីឡាការិនីជិះកង់ ប្តូរពីរុស្ស៊ី ទៅបារាំង
Oscar Nilsson-Julien កីឡាករប្រណាំងកង់ ប្តូរពីអង់គ្លេស ទៅបារាំង
Connor O’Leary  កីឡាករជិះស្គីក្តាបន្ទះ ប្តូរពីអូស្ត្រាលី ទៅជប៉ុន
Kayla Sanchez កីឡាការិនីហែលទឹក ប្តូរពីកាណាដា ទៅហ្វីលីពីន
Georgi Tiblov កីឡាករចំបាន់ ប្តូរពីរុស្ស៊ី ទៅស៊ែប៊ី
Acelya Toprak កីឡាការិនីយូដូ ប្តូរពីអង់គ្លេស ទៅអាស៊ែបៃហ្សង់
Mikhail Yakolev កីឡាករប្រណាំងកង់ ប្តូរពីរុស្ស៊ី ទៅអ៊ីស្រាអែល៕

Tag:
 IOC
  Kayla Sanchez
© រក្សាសិទ្ធិដោយ thmeythmey.com