កីឡាអន្តរជាតិ
អន្តរជាតិ
អាម៉េរិក បង្ហាញទីក្រុង និងកីឡដ្ឋានទំនើបទាំង១៤ ទទួល Copa America ឆ្នាំ ២០២៤
06, Dec 2023 , 9:29 am        
រូបភាព
សហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង (CONMEBOL) ប្រកាសនៅថ្ងៃទី៤ ខែធ្នូ ប្រកាសថា ព្រឹត្តិការណ៍ Copa America ឆ្នាំ២០២៤ នឹងធ្វើឡើងនៅទីក្រុងចំនួន ១៤ របស់សហរដ្ឋអាម៉េរិក ដោយវគ្គផ្តាច់ព្រ័ត្រនឹងធ្វើនៅកីឡដ្ឋាន Hard Rock ក្នុងទីក្រុង Miami Gardens រដ្ឋ Florida ដែលផ្ទុកទស្សនិកជនជិត៧ម៉ឺននាក់។



ការប្រកួតពានរង្វាន់កីឡាបាល់ទាត់ប្រចាំតំបន់អាម៉េរិកខាងត្បូង នឹងចាប់ពីថ្ងៃទី ២០ ខែមិថុនា ដល់ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៤ ដោយមាន១៦ក្រុមចូលរួម ក្នុងនោះ ១០ក្រុមមកពី CONMEBOL និង ៦ មកពី (CONCACAF) ដែលមានអាម៉េរិកខាងជើង កណ្តាល និងតំបន់ការាបៀន។
 
ដើម្បីដំណើរការប្រកួត Copa America ឆ្នាំ ២០២៤ ម្ចាស់ផ្ទះអាម៉េរិក នឹងប្រើប្រាស់កីឡដ្ឋានចំនួន១៤ ដែលស្ថិតនៅទីក្រុងចំនួន១៤ផ្សេងគ្នា។ ជំនួបបើកឆាកនឹងធ្វើនៅកីឡដ្ឋាន Mercedes-Benz ក្នុងទីក្រុង Atlanta រដ្ឋ Georgia និងវគ្គផ្តាច់ព្រ័ត្រធ្វើនៅកីឡដ្ឋាន Hard Rock ក្នុងទីក្រុង Miami Gardens រដ្ឋ Florida។
 
វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងធ្វើនៅកីឡដ្ឋាន MetLife ក្នុងក្រុង East Rutherford រដ្ឋ New Jersey ជាមួយនឹងកីឡដ្ឋាន Bank of America ក្នុងទីក្រុង Charlotte រដ្ឋ North Carolina ខណៈ៨ក្រុងចុងក្រោយនឹងធ្វើនៅកីឡដ្ឋាន Arlington, Houston, Las Vegas និង Glendale។
 
ទីក្រុងម្ចាស់ផ្ទះផ្សេងទៀតរួមមាន Las Vegas, Orlando, Santa Clara, Inglewood, Kansas City, Missouri និង Kansas City, Kansas។
 
ការចាប់ឆ្នោតរើសពូលសពានរង្វាន់ Copa America ឆ្នាំ ២០២៤ នឹងធ្វើឡើងនៅថ្ងៃទី៧ ខែធ្នូ។ ដោយឡែក ចំណោមក្រុមទាំង១៦ គេរកឃើញ១៤ក្រុមហើយ ក្នុងនោះ២ក្រុមទៀតត្រូវឆ្លងកាត់ប្រកូត play-off។ 
 
ទាំង១៤ក្រុមរួមមានក្រុម CONMEBOL ចំនួន១០ មានម្ចាស់ការពារជើងឯកអាហ្សង់ទីន បូលីវី ប្រេស៊ីល ស៊ីលី កូឡុំប៊ី អេក្វាទ័រ ប៉ារ៉ាហ្កាយ ប៉េរូ អ៊ុយរ៉ូហ្កាយ និងវេណេស៊ុយអេឡា។ ៤ក្រុម ពី CONCACAF មានម្ចាស់ផ្ទះអាម៉េរិក ម៉ិកស៊ិក ប៉ាណាម៉ា និងហ្សាម៉ាអ៊ីក។
 
អាហ្សង់ទីន ជាក្រុមម្ចាស់ការពារតំណែងជើងឯក ក្រោយយកឈ្នះម្ចាស់ផ្ទះប្រេស៊ីលនៅ Copa America ឆ្នាំ ២០២១ ដែលជាពានរង្វាន់ធំដំបូងរបស់ពួកគេក្នុងរយៈពេល ២៨ ឆ្នាំ៕
 

Tag:
 Copa America
© រក្សាសិទ្ធិដោយ thmeythmey.com