ជាតិ
ពន្យល់ពាក្យ
ចិត្ត, ខ្លោចចិត្ត, ចិត្តចោរ, ចិត្តចង្អៀត, ចិត្តច្រើន​, ចិត្តជា, ចិត្តធ្ងន់, ចិត្តស្លុយ​, ដាច់ចិត្ត, ទាន់ចិត្ត
05, Feb 2024 , 7:30 am        
រូបភាព
«ចិត្ត» មានន័យថា ធម្មជាតសម្រាប់សន្សំអារម្មណ៍, សម្រាប់គិត គឺវិញ្ញាណ :  ចិត្តត្រង់, ចិត្តវៀច; ចិត្តល្អ, ចិត្តអាក្រក់។ល។  នេះបើតាម​ការពន្យល់​ក្នុង​វចនានុក្រម​ខ្មែរ​សម្តេចព្រះសង្ឃរាជ ជួន ណាត និង​វចនានុក្រម​ខ្មែរ​២០២២​របស់​ក្រុម​ប្រឹក្សាជាតិ​ភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា។

 
បន្ថែមពីនេះ «ចិត្ត» សំដៅ​លើ​សមត្ថភាពគិត យល់ដឹង ពិចារណា វិនិច្ឆ័យ និងសម្រេចចិត្តរបស់មនុស្ស។ លើសពីនេះទៀតចិត្តក៏ជាមជ្ឈមណ្ឌលនៃញាណ ដែលបង្កើតការគិត អារម្មណ៍ គំនិត ប្រត្យក្សារម្មណ៍ និងជាកន្លែងផ្ទុកពុទ្ធិនិងការចងចាំ :  ផ្លូវចិត្ត, ចិត្តនិងកាយ។  សម្រាប់ថ្នាក់ពាក្យជាកិរិយាសព្ទ​វិញ «ចិត្ត» មានន័យថា អត់ធ្មត់ ពូកែទ្រាំ ស៊ូទ្រាំ :  កីឡាករប្រដាល់នេះចិត្តណាស់ គេវាយបែកមុខហើយនៅមិនព្រមចុះចាញ់។  រីឯន័យមួយទៀតគឺ​ ឆាប់ប្រកាន់ ឆាប់ងរង៉ក់ ឆេវឆាវ :  កូននេះចិត្តណាស់ ម្ដាយបន្ទោសបន្តិចបន្តួច លែងស៊ីបាយ។  
 
ខាងក្រោមនេះ ជាកូនពាក្យ​ទាក់ទង​នឹង «ចិត្ត»៖
 
- ខ្លោចចិត្ត [គុ.] ដែលអាណិតយ៉ាងខ្លាំង, ដែលអាណិតរកអ្វីធៀបមិនបាន :  អាណិតខ្លោចចិត្ត។  
 
- គាប់ចិត្ត [គុ., គុ.កិ.] ដែលត្រូវចិត្តឬពេញចិត្តនឹងនរណាម្នាក់ឬអ្វីមួយ :  លទ្ធផលគាប់ចិត្ត, ទេសភាពស្រស់ស្អាតគាប់ចិត្តទេសចរ, គាត់គាប់ចិត្តនឹងជីវិត។  
 
- ចិត្តខ្មៅ [គុ.] ដែលមានចិត្តអាក្រក់ ដែលមានចិត្តទុរយស ចិត្តសាវា :  មនុស្សចិត្តខ្មៅ។  
 
- ចិត្តខ្លាំង [គុ.] ដែលមានចិត្តមានះ ដែលចូលចិត្តប្រឆាំងតបត :  វាចិត្តខ្លាំងណាស់ ខំប្រឆាំងទទឹងទិស។  
 
- ចិត្តចង្អៀត [គុ.] ដែលមិនចេះសន្តោសប្រណី ចូលចិត្តចាប់កំហុស :  ថៅកែចិត្តចង្អៀត។  
 
- ចិត្តចោរ [គុ.] ដែលមានចិត្តកេងប្រវ័ញ្ច កឹបកេង លួចបន្លំ :  […] ឱ!ឪវាអើយ ខ្ញុំទើបនឹងដឹងរឿងថៅកែយើងចិត្តចោរជាមនុស្សអាក្រក់ណាស់។ […] (រឿងថៅកែចិត្តចោរ)។  
 
- ចិត្តច្រើន [គុ.] ដែលចូលចិត្តងរង៉ក់ ដែលឆាប់ខឹងឬអន់ចិត្ត :  មនុស្សចិត្តច្រើន។  
 
- ចិត្តជា [គុ.] ដែលល្អ ស្មោះត្រង់ ឥតសៅហ្មង :  […] សុរិយាចិត្តជា បំភ្លឺរាល់គ្នា ដល់អស់ញាតិផង ឱ្យបានសុខុម ផុតទុក្ខសៅហ្មង ជួយដោះចំណង ទុក្ខសោកប្រជា។ […]។  
 
- ចិត្តទូលាយ [គុ.] ដែលចេះសន្តោសប្រណី មិនប្រកាន់ទោស :  មនុស្សចិត្តទូលាយ។  
 
- ចិត្តធ្ងន់ [គុ.] (សំនួន.) ដែលពូកែអត់ធ្មត់ មិនងាយខឹងផ្ដេសផ្ដាស :  គ្រូជាអ្នកមានចិត្តធ្ងន់។  
 
- ចិត្តធំ [គុ.] ដែលហ៊ានជ្រុល ដែលព្រហើន ថ្លើមធំ :  មនុស្សចិត្តធំ, ចោរចិត្តធំ។  
 
- ចិត្តពាល [ន., គុ.] ចិត្តដែលនៅឆោតល្ងង់ ទន់ជ្រាយ ចិត្តដែលកំណាចឃោរឃៅ, ដែលមានចិត្តកំណាចឃោរឃៅ :  ចិត្តពាលមកពីសេចក្ដីល្ងង់ខ្លៅ, ជនដៃដល់ចិត្តពាល។  
 
- ចិត្តព្រះ [ន.] ចិត្តដែលប្រកបដោយក្ដីសន្តោសប្រណី អធ្យាស្រ័យល្អ និងភាពអត់ធ្មត់។  
 
- ចិត្តសាមាន្យ [ន., គុ.] ចិត្តដែលអាក្រក់ឃោរឃៅ, ដែលមានចិត្តអាក្រក់ឃោរឃៅ :  ចិត្តសាមាន្យមកពីអវិជ្ជា, ចោរចិត្តសាមាន្យ។  
 
- ចិត្តសោមនស្ស [ន.] ចិត្តដែលមានអំណរសប្បាយរីករាយ :  ចិត្តសោមនស្សនៅពេលបានធ្វើអំពើល្អ។  
 
- ចិត្តស្រាល [គុ.] (សំនួន.) ងាយខឹង ដែលមានចិត្តឆេវឆាវ :  មកពីចិត្តស្រាល បានជាគាត់ប្រើអំពើហិង្សា។  
 
- ចិត្តស្លុយ [គុ.] (សំនួន.) ដែលមិនរារែកចិត្ត ដែលហ៊ានប្រថុយធ្វើអ្វីមួយ, ចិត្តដាច់ :  យុវជនចិត្តស្លុយប្រថុយនឹងគ្រោះថ្នាក់។  
 
- ចិត្តហានក្លា ឬ ចិត្តមុត [ន.] (ព.ប្រ.) ចិត្តហានក្លា គឺចិត្តហ៊ានប្រថុយមិនញញើត។  
 
- ចិត្តអប្រិយ [ន.] ចិត្តដែលមិនល្អមិនគួរជាទីពេញចិត្តអ្នកដទៃ :  តាជូជកគឺជាតួអង្គកំណាច លោភលន់ និងមានចិត្តអប្រិយ។  
 
- ដាច់ចិត្ត [កិ.] អស់ចិត្តអាល័យ សម្រេចចិត្តក្រោយការរារែក :  គាត់ដាច់ចិត្តទៅចោលប្រពន្ធកូន។  
 
- ទាន់ចិត្ត [គុ.កិ., គុ.] ដែលរហ័ស ឆាប់ លឿន ភ្លាមៗដោយក្ដីគាប់ចិត្ត :  សេវាកម្មទាន់ចិត្ត៕
 

© រក្សាសិទ្ធិដោយ thmeythmey.com