កីឡាអន្តរជាតិ
អន្តរជាតិ
Haaland រួចខ្លួនជុំវិញប្រតិកម្មលើអាជ្ញាកណ្តាល តែក្លិប Man City នៅតែរងពិន័យពី FA
06, Dec 2023 , 11:29 am        
រូបភាព
ខ្សែប្រយុទ្ធ Erling Haaland គេចផុតពីការពិន័យពីសំណាក់សមាគមបាល់ទាត់អង់គ្លេស (FA) សម្រាប់ប្រតិកម្មទៅលើការកាត់ក្តីមិនសមរម្យរបស់លោកអាជ្ញាកណ្តាល Simon Hooper នៅលើបណ្តាញសង្គម X អតីត Twitter អំឡុងការប្រកួតក្រុម Manchester City ស្មើ ៣-៣ Tottenham Hotspur កាលពីសប្តាហ៍មុន។ ទោះកីឡាករគេចផុត ប៉ុន្តែក្លិបរហស្សនាមមេឃខៀវ ត្រូវរងពិន័យដដែលចំពោះការបរាជ័យក្នុងគ្រប់គ្រងអាកប្បកិរិយារបស់កីឡាករ។​



Haaland បានឆ្លើយតបទៅលើវីដេអូឃ្លីប ដោយបានសរសេរអក្សរ​ «Wtf» ដែលត្រូវសង្ស័យថាជាការប្រមាថ ដោយវីដេអូនោះ បង្ហាញអំពីរូបគេបានស្រែកប្រកែកគ្នាជាមួយនឹងលោក Hooper ចំពោះការសម្រេចចិត្តផ្លុំកញ្ចែរពិន័យទៅលើការប៉ះគ្នារបស់រូបគេជាមួយនឹងកីឡាករក្រុម Spurs ស្របពេលដែលមិត្តរួមក្រុម Jack Grealish កំពុងមានឱកាសអូសបាល់សំដៅរកការស៊ុតបញ្ចូលទីរកគ្រាប់បាល់។
 
យោងតាមប្រភពពី FA ប្រាប់ទៅកាន់ទូរទស្សន៍ ESPN ខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំ មិនបានល្មើសច្បាប់អ្វីឡើយចំពោះការបង្ហោះបញ្ចេញមតិនៅលើបណ្តាញសង្គមអ្វីឡើយ។
 
ទោះជាកីឡាករបានរួចខ្លួនពីការចោទប្រកាន់ និងការដាក់ពិន័យ តែយ៉ាងណាទង្វើររបស់កីឡាករក្រុម Man City រួមទាំងរបស់ Haaland បានធ្វើឱ្យ FA សម្រេចចិត្តបែរទៅដាក់ពិន័យចំពោះក្លិប Man City ទៅវិញដោយចាត់ទុកថាក្លិបបានបរាជ័យក្នុងការគ្រប់គ្រងអាកប្បកិរិយារបស់កីឡាករខ្លួនក្នុងការប្រកួត។ Man City ល្មើសច្បាប់របស់ FA ច្បាប់មាត្រា E20.1 ទាក់ទងនឹងអាកប្បកិរិយាកីឡាករ។
 
​Haaland ដែលរួមជាមួយនឹងកីឡាករខ្សែការពារ Ruben Diaz និង Mateo Kovacic បានចោមរោមទៅលើលោក Hooper សម្រាប់តវ៉ាការសម្រេចចិត្តពិន័យ។
 
«Manchester City ត្រូវបានពិន័យចំពោះការល្មើសច្បាប់របស់ ​FA ច្បាប់ E20.1 បន្ទាប់កីឡាករបានចោមរោមលើមន្ត្រីអាជ្ញាកណ្តាលការប្រកួតអំឡុងការប្រកួតក្នុងក្របខណ្ឌ Premier League ទល់នឹងក្រុម Tottenham Hotspur កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០២៣។ Man City នៅសល់ពេលវេលារហូតដល់ថ្ងៃទី៧ ខែធ្នូ សម្រាប់ការឆ្លើយតបទៅលើបញ្ហាទាំងអស់។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ FA។ 
 
បើតាមប្រភពពី FA បានបញ្ជាក់ថាក្រុមកីឡាករ និងក្រុមគ្រូបង្វឹក បុគ្គលិករបស់ក្លិបមិនត្រូវបានរងការពិន័យឡើយ៕
 

Tag:
 Manchester City
  Erling Haaland
© រក្សាសិទ្ធិដោយ thmeythmey.com