កីឡាជាតិ
កីឡាអន្តរជាតិ
ជាតិ
ONIC Esports-See You Soon ត្រូវប្រជែងគ្នាដណ្តើមតំណែងកំពូលតារាងពូល A នៅ M5
06, Dec 2023 , 4:59 pm        
រូបភាព
ការប្រកួតពានរង្វាន់កីឡាអេឡិចត្រូនិកវិញ្ញាសា Mobile Legends Bang Bang ក្នុងព្រឹត្តិការណ៍ M5 World Championship ដែលធ្វើឡើងនៅក្នុងប្រទេសហ្វីលីពីន ឈានដល់ការប្រកួតថ្ងៃទី៥ នៃការប្រកួតវគ្គចែកពូល នាថ្ងៃទី៦ ខែធ្នូ។ ជំនួបពូល A ក្រុមកម្ពុជា See You Soon នឹងត្រូវប្រជែងទល់នឹងក្រុមខ្លាំងមកពី ONIC Esports របស់ឥណ្ឌូណេស៊ី ដើម្បីសម្រេចរកក្រុមជើងខ្លាំងឈរកំពូលតារាង ដ្បិតក្រុមទាំងពីរ បានកក់កៅអីវគ្គ Playoffs រួច។


 
ជំនួបរវាងក្រុម See You Soon ទល់នឹង ONIC Esports នឹងកើតឡើងនៅវេលាម៉ោង ៥ល្ងាច ម៉ោងនៅកម្ពុជា ដើម្បីសម្រេចជោគវាសនារកក្រុមឈរតំណែងកំពូលតារាង។ បច្ចុប្បន្នក្រុមតំណាងកម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ ១ និង ONIC នៅលេខ ២ មាន ២ពិន្ទុស្មើគ្នា ក្រោយពីយកឈ្នះការប្រកួតទៅលើក្រុម Triple Esports លទ្ធផល ២-០ និង Bigetron Sons ២-០ ដូចគ្នានៅការប្រកួតវគ្គចែកពូល។ 


 
ការប៉ះគ្នារវាងក្រុម See You Soon នឹងក្រុម ONIC Esports នឹងក្លាយជាការប្រកួតដ៏តានតឹងមួយដើម្បីដណ្តើមយកឈ្នះ ព្រោះតែក្រុមទាំង ២ សុទ្ធសឹងតែជាក្រុមកំពុងតែមានទម្រង់នៃការលេងជាក្រុមល្អដូចគ្នា និងមានបច្ចេកទេសក្នុងការប្រកួត ប្រហាក់ប្រហែលគ្នា។
 
ក្រុមដែលឈ្នះលេខ ១ ពីពូលនីមួយៗ នឹងត្រូវឆ្លងទៅកាន់ការប្រកួតវគ្គជម្រុះ Playoffs ដោយត្រូវរង់ចាំជួបក្រុមដែលជាប់ចំណាត់ថ្នាក់លេខ ២ តាមពូលនីមួយៗប្រកួតគ្នាបន្តទៀត ដើម្បីស្វែងរកកៅអីទៅកាន់វគ្គផ្តាច់ព្រ័ត្រ។ ក្រុមដែលលេខ ១ ពូល A នឹងត្រូវជួបក្រុមលេខ ២ ពូល A សម្រាប់វគ្គជម្រះ Playoffs Upper Bracket ចំណែកក្រុមលេខ ២ពូល A នឹងត្រូវទៅជួបក្រុមលេខ ១ ពូល D។ 


 
បច្ចុប្បន្នក្រុមដែលរកបានកៅអីទៅកាន់វគ្គ Playoffs ទើបតែរកឃើញក្រុមចំនួន ៤ តែប៉ុណ្ណោះដែលរួមមានក្រុម See You Soon របស់កម្ពុជា ជាមួយនឹងក្រុម ONIC Esports ដែលនៅក្នុងពូល A ដូចគ្នា ។ ចំណែកក្រុមមកពីពូល B ជាក្រុម Blacklist International ហើយនឹងក្រុម Geek Fam របស់ប្រទេសឥណ្ឌូណេស៊ី ស្ថិតក្នុងពូល D។ ចំណែកក្រុមដទៃផ្សេងទៀត ត្រូវរង់ចាំឆ្លងកាត់ការប្រកួតបន្តទៀត ដើម្បីរកឃើញក្រុមដែលនឹងឡើងទៅកាន់វគ្គបន្ត ខណៈដែលពូល C ជាពូលដ៏តានតឹងមួយ។
 
M5 World Championship ការប្រកួតវគ្គចែកពូល ធ្វើឡើងចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែធ្នូ ការប្រកួតវគ្គជម្រុះ Playoffs ដំណាក់កាលទីមួយ (Phase 1) ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែធ្នូ និងការប្រកួតវគ្គជម្រុះ Playoffs ដំណាក់កាលទី២ (Phase 2) រហូតដល់វគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងចាប់ពីថ្ងៃ១៤ ដល់ថ្ងៃទី១៧ ខែធ្នូ៕

Tag:
 កីឡាអេឡិចត្រូនិក
  See You Soon
© រក្សាសិទ្ធិដោយ thmeythmey.com