កីឡាជាតិ
ជាតិ
ស្រួង ភាវី មិននឹកស្មាន មានការរៀបចំឱ្យអង្គុយក្បែរប្រធានាធិបតីកូរ៉េខាងត្បូង ក្នុងកម្មវិធីសប្បុរសធម៌ប្រចាំឆ្នាំ
06, Dec 2023 , 8:59 pm        
រូបភាព
«ជាមហាកិត្តិយសដ៏ក្រៃលែងសម្រាប់កូនស្រីកម្ពុជាម្នាក់នេះ!»។ នេះជាសំណេររបស់អ្នកនាង ស្រួង ភាវី កីឡាការិនីប៊ីយ៉ាការរ៉ុមជម្រើសជាតិកម្ពុជា ក្រោយទទួលបានការអញ្ជើញឱ្យចូលរួមកម្មវិធីរបស់អង្គការ «កងទ័ពសង្គ្រោះ» ឬ ទាហានសម្រាប់ជួយសង្គ្រោះ ដោយបានអង្គុយក្បែរប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល។ ម្ចាស់មេដាយមាសស៊ីហ្គេម ផ្តាំស្ត្រីខ្មែរទាំងអស់ បំបាត់ភាពខ្មាសអៀន ហើយមានភាពក្លាហាន ក្នុងការបញ្ចេញសមត្ថភាពរបស់ខ្លួនឡើងវិញ។


 
អ្នកនាង ស្រួង ភាវី ក្នុងនាមជាទូតសុច្ឆន្ទៈរបស់អង្គការ «កងទ័ពសង្គ្រោះ» បានចូលរួមក្នុងកម្មវិធីការបរិច្ចាគ និងការចែករំលែក ដោយមានវត្តមានប្រធានាធិបតីកូរ៉េខាងត្បូងផង រួមជាមួយរដ្ឋមន្ត្រីធំៗ អង្គការនានា អ្នកជំនួញធំៗ សិល្បករ សិល្បការិនីល្បីៗលំដាប់ប្រទេសកូរ៉ខាងត្បូង ថែមទៀត។ កម្មវិធី រៀបចំដោយអង្គការ «កងទ័ពសង្គ្រោះ» នៅថ្ងៃទី៤ ខែធ្នូ ដែលមានមន្ត្រីមកពីអង្គការសប្បុរសធម៌ចំនួន ១៤ ចូលរួម ធ្វើឡើងដើម្បីចែករំលែក និងប្រាប់ពីទុកលំបាករបស់អង្គការ ខណៈរដ្ឋាភិបាលកូរ៉េខាងត្បូង និងអ្នកចូលរួមផ្សេងទៀត អង្គុយស្តាប់ និងដោះស្រាយបញ្ហាផ្សេងៗរបស់អង្គការនិមួយៗ តាមរយៈការបរិច្ចាគ។ 


 
អ្វីដែលអស្ចារ្យ ក្នុងកម្មវិធីដែលរៀបចំជារៀងរាល់មួយឆ្នាំម្តងក្នុងប្រទេសកូរ៉េខាងត្បូងនេះ ក៏មានវត្តមានស្ត្រីខ្មែរម្នាក់ផងដែរ ហើយថែមទាំងបានអង្គុយក្បែរប្រធានាធិបតីកូរ៉ខាងត្បូងលោក យូន សុកយ៉ល។ 
 
អ្នកនាងស្រួង ភាវី បានប្រាប់សារព័ត៌មានថ្មីៗ (ThmeyThmey) ទាំងក្តីរំភើបរីករាយថា ដោយសារអ្នកនាងជាទូតសុច្ឆន្ទៈរបស់អង្គការ «កងទ័ពសង្គ្រោះ» ផង និងភាពល្បីល្បាញរបស់ខ្លួន នៅទឹកដីកូរ៉េនេះផង ទើបត្រូវបានរៀបចំឱ្យអង្គុយក្បែរប្រធានាធិបតីកូរ៉ខាងត្បូង បែបនេះ។
 
«ដោយសារខ្ញុំជាជាទូតសុច្ឆន្ទៈរបស់អង្គការលំដាប់អន្តរជាតិ ហើយខ្ញុំក៏មានភាពល្បីល្បាញនៅទឹកដីកូរ៉េខាងត្បូង ហើយមន្ត្រីជាន់ខ្ពស់ភាគច្រើនស្គាល់ខ្ញុំ ទើបខ្ញុំបានអង្គុយជិតប្រធានាធិបតីកូរ៉េខាងត្បូង»។ នេះជាការបញ្ជាក់របស់ម្ចាស់មេដាយមាសស៊ីហ្គេមលើកទី៣២ មុនបន្ថែមថាខ្លួនក៏មិននឹកស្មានថាត្រូវបានគេរៀបចំឱ្យអង្គុយជិតមេដឹកនាំរបស់កូរ៉េដែរ ដ្បិតក្នុងកម្មវិធីនោះ មានការចូលរួមពីអ្នកជំនួញធំៗ និងតារាល្បីៗលំដាប់អន្តរជាតិ។


 
តាមរយៈកម្មវិធីនេះ អ្នកនាងភាវីបង្ហាញពីមោទកភាពរបស់ខ្លួនក្នុងនាមកូនខ្មែរដែលមានតួនាទី និងជាចំណែកមួយអាចបន្តទៅជួយដល់ប្រទេសកម្ពុជា។
ក្នុងកម្មវិធីនោះដែរ កីឡាការិនីកម្ពុជា ដែលទើបត្រូវបានជ្រើសរើសជាជ័យលាភីពានរង្វាន់ពិសេស Asia Special Award 2023 ថ្មីៗនេះ ក៏បានថ្លែងទៅកាន់អង្គពិធីថា ខ្លួនជាស្រ្តីមួយរូបមកពីប្រទេសកម្ពុជា បានដាក់កាយ ដាក់ចិត្ត បេះដូង និងហ៊ានពលីទាំងជីវិតក្នុងការចូលរួមចំណែកជួយសង្គ្រោះដល់មនុស្សក្នុងពិភពលោកដោយពុំរាថយឡើយ។
 
កីឡាការិនីប៊ីយ៉ាការ៉ុម មកពីខេត្តត្បូងឃ្មុំ ដ៏ល្បីល្បាញរូបនេះ ផ្តែផ្តាំទៅស្ត្រីខ្មែរទាំងអស់ បំបាត់ភាពខ្មាសអៀនដែលគិតថាខ្លួនមិនអាចធ្វើបាន ហើយមានភាពក្លាហាន ក្នុងការបញ្ចេញសមត្ថភាពដែលខ្លួនមានឡើងវិញ៕


 

Tag:
 ស្រួង ភាវី
© រក្សាសិទ្ធិដោយ thmeythmey.com