កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldinho៖ Mbappe អាចឈ្នះ Ballon d’Or ជាមួយក្រុមដទៃ តែខ្ញុំចង់ឃើញគេឈ្នះនៅ PSG
06, Dec 2023 , 9:29 pm        
រូបភាព
Ronaldinho អតីតវីរបុរសប្រេស៊ីល និង Barcelona បាននិយាយថាខ្សែប្រយុទ្ធ Kylian Mbappe អាចនឹងឈ្នះពានរង្វាន់កីឡាករកំពូលប្រចាំឆ្នាំ Ballon d’Or ជាមួយនឹងក្រុមណាមួយក្រៅពី Paris Saint Germain។ យ៉ាងណា Ronaldinho ចង់ឃើញខ្សែប្រយុទ្ធសញ្ជាតិបារាំងឈ្នះ Ballon d’Or ជាមួយ PSG។


 
ប៉ុន្មានឆ្នាំចុងក្រោយកីឡាករវ័យ ២៤ឆ្នាំ បានបង្ហាញសមត្ថភាពដ៏ខ្លាំងនៃទេពកោសល្យរបស់គេទៅកាន់ពិភពលោកបាល់ទាត់ រហូតរូបគេអាចមានឈ្មោះល្បីល្បាញខ្លាំងហៀបនឹងស្មើទៅនឹងកីឡាករល្បីលំដាប់ៗពិភពលោក Cristiano Ronaldo និង Lionel Messi ជាដើម។ Mbappe ត្រឹមវ័យ ១៨ឆ្នាំ បានជួយក្រុមជម្រើសជាតិបារាំងឈ្នះពានរង្វាន់ World Cup 2018 ហើយនៅឆ្នាំ ២០២២ ខ្សែប្រយុទ្ធរូបនេះនៅតែធ្វើបានល្អដោយបានជួយនាំក្រុមជម្រើសជាតិបារាំងវិលត្រឡប់ទៅកាន់វគ្គផ្តាច់ព្រ័ត្រសារជាថ្មី ប៉ុន្តែបញ្ចប់ត្រឹមចំណាត់ថ្នាក់ជើងឯករង។ 
 
បច្ចុប្បន្ន Mbappe ជាកីឡាករជំនាន់ក្រោយដែលមានទេពកោសល្យខ្លាំងបំផុតលើសកីឡាករដទៃ ហើយជាមួយសមត្ថភាពរបស់គេ ក៏ត្រូវបានអ្នកគាំទ្រលើពិភពលោកបានចាត់ទុកគេជាកីឡាករដ៏ខ្លាំងសម្រាប់ជំនាន់ក្រោយ បន្ទាប់ពីរដ្ជកាលរបស់ Ronaldo និង Messi នៅក្នុងតំបន់អឺរ៉ុប។ 
 
ត្រឹមវ័យ ២៤ឆ្នាំ Mbappe បានឈ្នះពានរង្វាន់ទាំងនៅក្លិបក្នុងប្រទេសបារាំងដូចជា AS Monaco និង PSG មិនត្រឹមតែប៉ុណ្ណោះឈ្នះ World Cup ជាមួយនឹងក្រុមជម្រើសជាតិបារាំង ព្រមទាំងពានរង្វាន់ឯកត្តជនជាច្រើន បានធ្វើឱ្យអតីតកីឡាករក្រុម PSG លោក Ronaldinho មើលឃើញពីឱកាសឈ្នះ Ballon d’Or របស់គេនៅពេលអនាគត។
 
«ជាកីឡាករដ៏អស្ចារ្យដូចរូបគេ គេអាចនឹងមានឱកាសឈ្នះពានរង្វាន់ Ballon d’Or សម្រាប់ក្រុមណាទាំងអស់ ប៉ុន្តែខ្ញុំស្រលាញ់ PSG ខ្ញុំចង់ឃើញគេឈ្នះវាជាមួយនឹងក្លិប PSG។»។ វីរៈបុរសបាល់ទាត់ប្រេស៊ីល និង Barca បាននិយាយបែបនេះប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP។
 
កាលពីប៉ុន្មានខែមុន Mbappe បានបញ្ចប់ចំណាត់ថ្នាក់លេខ ៣ ដោយរូបគេឈរពីក្រោយកីឡាករ Erling Haaland របស់ក្រុម Manchester City ដែលគេបានជួយក្រុមឈ្នះពានចំនួន ៣ ក្នុងមួយរដូវកាល ហើយខ្សែប្រយុទ្ធ Lionel Messi ឈ្នះពានរង្វាន់ Ballon d’Or លើកទី៨ ក្នុងអាជីពរបស់ខ្លួន។ 
 
អំឡុង World Cup 2022 ខ្សែប្រយុទ្ធវ័យក្មេងរកបានឈ្នះពានរង្វាន់ស្បែកជើងមាសដោយគេបានស៊ុតបាល់បញ្ចូលទីច្រើនជាងគេក្នុងការប្រកួតដល់ទៅ ៨គ្រាប់ ហើយនៅក្នុងវគ្គផ្តាច់ព្រ័ត្រគេស៊ុតបាល់ ៣គ្រាប់ម្នាក់ឯងតាមស្មើក្រុមអាហ្សង់ទីន តែបែរជាចាញ់បាល់កាត់សេចក្តី ១១ម៉ែត្រ។ 
 
ជាមួយនឹងក្រុម PSG មកដល់ពេលនេះ Mbappe រកបានគ្រាប់បាល់ចំនួន ២៣០គ្រាប់ជាមួយនឹងក្រុមជើងឯក Ligue 1 បារាំង ហើយបានកសាងកេរ្តិ៍ឈ្មោះរបស់គេខ្លាំងរួចសម្រេចនៅប្រទេសបារាំង និងនៅពិភពលោក៕

Tag:
 Kylian Mbappe
  Ronaldinho
© រក្សាសិទ្ធិដោយ thmeythmey.com