សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ព្រោះគ្មានជម្រើស អឺរ៉ុបនៅតែពឹងផ្អែកឧស្ម័នរាវពីរុស្ស៊ីយ៉ាងច្រើន
07, Dec 2023 , 11:49 am        
រូបភាព
នាវាដឹកឧស្ម័នរាវនៅតំបន់ Yamal ។ រូបភាព ៖ Novatek
នាវាដឹកឧស្ម័នរាវនៅតំបន់ Yamal ។ រូបភាព ៖ Novatek
តាមទិន្នន័យពីក្រុមហ៊ុនថាមពល Kpler  នៅខែវិច្ឆិកាឆ្នាំ២០២៣  រុស្ស៊ីបាននាំចេញឧស្ម័នធម្មជាតិរាវ (LNG) ក្នុងបរិមាណដ៏ច្រើនទៅកាន់សហភាពអឺរ៉ុបប្រមាណ១,៧៥លានតោន។

 
បារាំង និងបែលហ្ស៊ិក ជាអ្នកបញ្ជាទិញឧស្ម័នរាវពីរុស្ស៊ីច្រើនជាងគេកាលពីខែមុន។ ប្រទេសទាំងពីរនេះបាននាំចូលឧស្ម័នរាវពីតំបន់ Yamal និង Vysotsk ដែលជាកន្លែងផលិតឧស្ម័នធំទីពីររបស់រុស្ស៊ី។
 
នៅខែវិច្ឆិកា ការនាំចេញឧស្ម័នរាវរបស់ទីក្រុងមូស្គូបានឡើងដល់ ២,៩១៤លានតោន ដែលកើន៩,៣ភាគរយបើធៀបគ្រាដូចគ្នាឆ្នាំមុន។ ដូច្នេះហើយ អឺរ៉ុបបានទិញច្រើនជាង ៦០ភាគរយនៃទិន្នផលរបស់រុស្ស៊ីដែលលក់ទៅក្រៅប្រទេស។ 
 
យ៉ាងណាមិញ ការនាំចេញឧស្ម័នរាវរបស់រុស្ស៊ីទៅកាន់ចិនបានថយចុះយ៉ាងខ្លាំង ដោយធ្លាក់ចុះមកត្រឹម ០,១លានតោនក្នុងខែវិច្ឆិកា បើធៀបនឹង ០,៨លានតោនកាលពីខែតុលា។ 
 
រយៈពេល ១១ខែឆ្នាំនេះ រុស្ស៊ីបាននាំចេញឧស្ម័នរាវចំនួន ២៩,១លានតោនដែលថយចុះ ២,៥ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។
 
ចាប់តាំងពីជម្លោះអ៊ុយក្រែនផ្ទុះឡើង សហភាពអឺរ៉ុបបានព្យាយាមបញ្ចៀសការពឹងផ្អែកលើឧស្ម័នរបស់រុស្ស៊ី។ ប៉ុន្តែនៅឆ្នាំនេះការនាំចេញឧស្ម័នរបស់រុស្ស៊ីទៅកាន់តំបន់នេះបានកើនឡើងទៅវិញ។ ប្រទេសអឺរ៉ុបមួយចំនួនថែមទាំងបើកដៃឱ្យកំពង់ផែអនុញ្ញាតឲ្យកប៉ាល់ដឹកជញ្ជូនឧស្ម័នរបស់រុស្ស៊ីឡើងវិញទៀតផង។ 
 
ចំណែកជប៉ុន និងកូរ៉េខាងត្បូងបានបន្តទិញឧស្ម័នរាវពីរុស្ស៊ីក្រោមគម្រោង Sakhalin-2 ក្នុងកិច្ចសន្យារយៈពេលវែងជាមួយក្រុមហ៊ុន Gazprom។ នៅខែវិច្ឆិកា ការផ្គត់ផ្គង់ទៅជប៉ុនបានកើនឡើង២២ភាគរយធៀបគ្រាដូចគ្នាឆ្នាំមុនក្នុងបរិមាណ ០,៦៤លានតោន។ ទន្ទឹមនេះការនាំចេញទៅកូរ៉េបានកើនឡើង ៥០ ភាគរយដល់ ០,២៨ លានតោន៕ 
 

Tag:
 រុស្ស៊ី
  ឧស្ម័ន
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com