ជាតិ
រដ្ឋផ្តល់​សេវាឡាន​ក្រុង១០គ្រឿង​ដោយឥតគិត​ថ្លៃទៅ​មក​រវាង​រុន​តាឯក និង​ក្រុង​សៀមរាប
08, Dec 2023 , 11:29 am        
រូបភាព
ដោយ: រួបរួម
សម្តេច ហ៊ុន ម៉ាណែត ឱ្យ​រដ្ឋបាល​ខេត្ត​សៀមរាប ចាត់ចែង​សេវា​ដឹកជញ្ជូនពលរដ្ឋទៅ​មក​រវាង​ក្រុងសៀមរាប និង​តំបន់ធម្ម​ជាតិ​រុន​តាឯក ដែល​នឹងក្លាយជា​ទីក្រុងថ្មីមួយទៀត​នាពេលខាងមុខ។ នាជំនួ​ប សំណេះ សំណាល​ជាមួយពលរដ្ឋជិត​៣០០០នាក់ រស់នៅភូមិធម្មជាតិរុនតាឯក និងតំបន់ពាក់ស្នែង ព្រឹកថ្ងៃសុក្រ ទី​៨ ខែធ្នូ សម្តេច​នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ជា​សេវា​ដឹកជញ្ជូន​ដោយឥតគិតថ្លៃ។

«ដោយសារទីតាំងឆ្ងាយ ហើយ​បង្ករការលំបាក​ខ្លះ​ក្នុងការធ្វើដំណើរ​ទៅក្រុង ខ្ញុំសូមឱ្យ​ខេត្ត​រៀបចំឡាន Bus ១០គ្រឿង សម្រាប់ជួយដឹកពេល​ព្រឹក ទៅហើយនិងមក ខេត្ត​សៀមរាប ដោយឥតគិតថ្លៃ»។ សម្តេច​បាន​ណែនាំ​ឱ្យ​រដ្ឋបាល​ខេត្ត​សៀមរាប កំណត់​ពេលវេលា​ច្បាស់​លាស់​នៃការ​ចេញដំណើរប្រចាំថ្ងៃ។
 
សម្តេច ហ៊ុន ម៉ាណែត បាន​បញ្ជាក់ថា សេវា​ឡាន​ក្រុងដោយឥតគិតថ្លៃនេះ អាចជួយ​សម្រាល​បន្ទុក​បាន​ខ្លះ ជាពិសេស​ដែល​រស់នៅ​ក្នុងក្រុងសៀមរាប ហើយ​ត្រូវធ្វើ​ដំណើរ​ទៅ​មក។ សម្តេចបាន​បញ្ជាក់ថា៖ «​ ចំនួននេះមិនច្រើនទេតែយើង​ខិតខំតាមលទ្ធភាព បើអ្នកណាទារលុយ ទៅ​រកមុខ​​ផ្ទះចៅហ្វាយ​ខេត្ត»។
 
ទាក់​ទង​នឹង​ការ​អនុវត្ត​ខុស​គោលការណ៍ ប្រមុខ​រដ្ឋាភិបាល​ទទួលស្គាល់ថា ពេល​ខ្លះធ្វើ​ដោយអចេតនា ហើយ​ពេល​ខ្លះ​មានចន្លោះ​ប្រហោង ដោយរដ្ឋាភិបាល​ត្រូវកែសម្រួល និង​កែលម្អ ហើយ​បច្ចុប្បន្ន ពលរដ្ឋ​មិន​ចាំបាច់ធ្វើ​ដំណើរ​រាប់រយ​គីឡូម៉ែត្រទៅ​តវ៉ា​ដល់ផ្ទះ​សម្តេចនោះឡើយ ពោលគឺសម្រេច​អាច​ដឹងបានភ្លាមៗ តាម​បណ្តាញស​ង្គម ជាពិសេស​ហ្វេសប៊ុក។
 
ភូមិធម្មជាតិរុនតាឯក ស្ថិតនៅក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី និងតំបន់ពាក់ស្នែង ស្ថិតស្ថិតនៅក្នុងឃុំ ពាក់​ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ជាភូមិឋានថ្មី សម្រាប់ពលរដ្ឋដែល​បានផ្លាស់ទី​ចេញពី​ដី​រមណីយដ្ឋានអង្គរ តំបន់​បេតិកភណ្ឌពិភពលោក។
 
សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានរៀបចំ​ចាត់ចែង​ចំពោះ​ការផ្លាស់ប្តូរទីលំនៅទៅកាន់ភូមិឋានថ្មី។  «ខ្ញុំជឿថា លោកតា លោកយាយ បើគិតថា សម្តេចតេជោ មាន​បំណង​អាក្រក់​ទុច្ចរិតឱ្យប្រជាពលរដ្ឋចេញដើម្បីយកដីកន្លែងនោះ តំបន់នៅអង្គរនោះទៅលក់ឱ្យអ្នក​វិនិយោគធ្វើអាគារមួយ​ជាន់ខ្ញុំគិត​ថា លោកតា លោកយាយមិន​មកទេ»។ សម្តេច ហ៊ុន ម៉ាណែត ដែល​ជានាយករដ្ឋមន្ត្រី​បន្ត​វេន បាន​លើកឡើងយ៉ាងដូច្នេះ។
 
សម្តេច ហ៊ុន ម៉ាណែត ទទួល​ស្គាល់ថា ការ​ផ្លាស់ប្តូរទីតាំងរស់នៅ ពិតជាជួប​ផល​លំបាក​រយៈពេល​ខ្លះ ប៉ុន្តែ​រដ្ឋាភិបាលខិតខំ​ដោះស្រាយ​បញ្ហាជាបន្ត​បន្ទាប់ ដោយ​ប្តូរពី​តំបន់មីន ទៅជា​តំបន់​មាន​ផ្លូវរាប់ខ្សែប្រវែងជាង​១៦០គីឡូម៉ែត្រ មាន​ផ្លូវ​បេតុង ​ប្រព័ន្ធទឹក​ស្អាត អគ្គិសនី ពលរដ្ឋពី​មាន​កម្មសិទ្ធិ​តូច ទៅមានដីសមរម្យ មាន​ផ្ទះសម្បែង កម្មសិទ្ធិឯកជន មាន​សាលារៀន វត្ត មន្ទីរពេទ្យ៕

Tag:
 រុនតាឯក
© រក្សាសិទ្ធិដោយ thmeythmey.com