កីឡាជាតិ
ជាតិ
អ្នកលេងគុនល្បុក្កតោ ណាង សុវណ្ណ មិនរំពឹងខ្ពស់ព្រោះលទ្ធផលនឹងបង្ហាញលើសង្វៀន«អ្នកលេងគុន»
10, Dec 2023 , 2:29 pm        
រូបភាព
កីឡាករ ណាង សុវណ្ណ
កីឡាករ ណាង សុវណ្ណ
កីឡាករ ណាង សុវណ្ណ ម្ចាស់មេដាយមាសគុនល្បុក្កតោជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ មិនរំពឹងខ្ពស់ពេកក្នុងការត្រៀមប្រកួតជាមួយ កីឡាករ Pham Van Giang អ្នកលេង គុនល្បុក្កតោមកពីវៀតណាម លើទម្ងន់ ៥១គីឡូក្រាម ព្រោះមិនទាន់ច្បាស់ពីសមត្ថភាព និងបច្ចេកទេសគូប្រកួត។ ទោះជាយ៉ាងនេះក្តី សុវណ្ណ បញ្ជាក់ថា ខ្លួននឹងប្រឹងប្រែងប្រកួតឲ្យល្អ ព្រោះបានហ្វឹកហាត់ ត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍«អ្នកលេងគុន»នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។


 
ណាង សុវណ្ណ ម្ចាស់មេដាយមាសគុនល្បុក្កតោ ៤សម័យ និងជាម្ចាស់មេដាយមាសជើងឯកគុនល្បុក្កតោ ឆ្នាំ២០២៣ មិនមានអំនួត និងមិនមើលស្រាលគូប្រកួតឡើយ ដោយរូបគេ គ្រាន់តែប្រាប់ថា នឹងប្រឹងអស់ពីសមត្ថភាព យកជ័យជម្នះលើគូប្រកួតឲ្យបាន ក្នុងព្រឹត្តិការណ៍«អ្នកលេងគុន»។ កីឡាករគុនល្បុក្កតោរូបនេះ បន្ថែមទៀតថា លទ្ធផលឈ្នះ-ចាញ់ នឹងដឹងច្បាស់លើសង្វៀនអ្នកលេងគុន នាថ្ងៃទី១៥ ខែធ្នូ។
 
«ខ្ញុំ បានត្រៀមខ្លួន សម្រាប់ប្រកួតតាំងពីខែកញ្ញា។ ខ្ញុំ បានហ្វឹកហាត់បច្ចេកទេស ស្នៀតប្រយុទ្ធ និងការពង្រឹងកាយសម្បទា។ ខ្ញុំ មិនហ៊ានរំពឹងខ្ពស់ប៉ុន្មានទេ ដោយសារតែព្រោះ យើងមកប្រកួតតំណាងជាតិ ដូចគ្នា។ ដូច្នេះ កីឡាករម្នាក់ៗ សុទ្ធតែមានសមត្ថភាពខ្លាំងៗ។ យើង ពិបាកប៉ាន់ស្មានពីកម្រិតរបស់គេណាស់។»។ កីឡាករ ណាង សុវណ្ណ បាននិយាយដូច្នេះ។
កីឡាករគុនល្បុក្កតោរូបនេះ ក៏សូមឲ្យអ្នកគាំទ្រចូលរួមទស្សនា ដោយផ្ទាល់ ព្រោះការគាំទ្ររបស់ពួកគេ គឺជាកម្លាំងចិត្ត និងជាស្មារតីរបស់កីឡាករគុនល្បុក្កតោកម្ពុជា។
 
គួរបញ្ជាក់ថា ព្រឹត្តិការណ៍«អ្នកលេងគុន» នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ម៉ោង ៦:៣០យប់ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ការប្រកួតនេះ មាន ៧គូ៖ ពេជ្រ ពន្លឺ ប្រកួតជាមួយ Honggvixay sivilay កីឡាករមកពីឡាវ លើទម្ងន់ ៥៤គីឡូក្រាម, ពេជ្រ ខាំតៃ ប៉ះជាមួយ Hoang Phuc Thuan កីឡាករវៀតណាម លើទម្ងន់ ៥៣គីឡូក្រាម, ស៊ូ កក្កដា ត្រូវតតាំងជាមួយ Muhammad yunus dhae atu កីឡាករឥណ្ឌូណេស៊ី លើទម្ងន់ ៦៣គីឡូក្រាម។ ចំណែក ណាង សុវណ្ណ ប្រកួតជាមួយ Pham Van Giang លើទម្ងន់ ៥១គីឡូក្រាម, កីឡាករ មាស រាជៈ ជួបជាមួយ SanJaya Hutagaol កីឡាករឥណ្ឌូណេស៊ី លើទម្ងន់ ៦០គីឡូក្រាម។ រីឯ រិន សារ័ត្ន ត្រូវស្វាគមន៍ Jiar Orlando Castillo លើទម្ងន់ ៦៥គីឡូក្រាម។ គូចុងក្រោយ កីឡាករ ចាន់ រតនា ត្រូវប្រកួតជាមួយ John Mc Leary Ornido កីឡាករហ្វីលីពីន លើទម្ងន់ ៦២គីឡូក្រាម៕
 

Tag:
 ណាង សុវណ្ណ
  ល្បុក្កតោ
  អ្នកលេងគុន
© រក្សាសិទ្ធិដោយ thmeythmey.com