ជាតិ
នំអត្តសញ្ញាណជនជាតិចាម្ប៍ «ផ្កា» មានក្បាច់ជាង ៨០
12, Dec 2023 , 8:29 am        
រូបភាព
ភ្នំពេញ៖ ទិវានំប្រពៃណីចាម្ប៍ ត្រូវបានរៀបចំឡើងជាលើកទី២ នៅកម្ពុជា ដើម្បីផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណីរបស់ជនជាតិចាម្ប៍។ លោក ពៀត ផល្លា ជាតំណាងក្រុមយុវជនជនជាតិចាម្ប៍ បានលើកឡើងថា នំសំខាន់ជាងគេក្នុងទិវានំប្រពៃណីចាម្ប៍ គឺនំផ្កា ហៅប៉ាក់។ នំនេះមានក្បាច់រហូតជាង៨០ និងត្រូវបានគេនិយមប្រើក្នុងពិធីមង្គលការ និងពិធីអបអរផ្សេងៗ។



ក្រុមយុវជនជនជាតិ​ចាម្ប៍​ បាន​បង្ហាញ​នំ​ចាម្ប៍ចំនួន៦មុខ ក្នុង​ទិវា​នំ​ប្រពៃណី​ចាម្ប៍លើកទី២ កាលរសៀល​ថ្ងៃទី ១០ខែធ្នូ ឆ្នាំ​២០២៣ នៅ​មជ្ឈមណ្ឌលបុប្ផាណា។ នំទាំង៦មុខ រួមមាន នំប៉ាក់, នំតាបៃជាល, នំលឺទ្រាំ, តប៉ៃក្រាស់, ក្រាម និងនំពុម្ព។ 
 
ជាមួយគ្នាលោក ពៀត ផល្លា ជាតំណាងក្រុមយុវជនជនជាតិចាម្ប៍ បានបន្តថា៖ «ទិវា​នំ​ប្រពៃណី​ចាម្ប៍​ ប្រារព្ធ​ឡើង​ក្នុង​គោលបំណង ដើម្បី​រឹតចំណង​មិត្តភាពរ​វា​ង​ជនជាតិ​ចាម្ប៍ ខ្មែរ និង​ជនជាតិ​ដទៃទៀត​។ ជាពិសេស​ការតាំង​បង្ហាញ ​នំផ្កា ឬហៅនំ​ប៉ាក់​ ដែលជា​អត្តសញ្ញាណ​មួយ​របស់​ជនជាតិ​ចាម្ប៍​។ នំ​ចាម្ប៍​ដែល​យកមក​បង្ហាញ​នេះ ធ្វើ​ដោយ​ដៃ​ តាម​សហគមន៍​ជនជាតិ​ចាម្ប៍​ ដែលមកពីដូចជា​ខេត្តកំពង់ឆ្នាំង និងខេត្តត្បូងឃ្មុំ»។ 
 
ទន្ទឹមនឹងនោះ ​ក្នុង​កម្មវិធី​នេះ ក៏​ឃើញ​មានការ​ប្រគំ​ភ្លេង ដើម្បី​ដង្ហែ​ផងដែរ​។ ភ្លេង​ប្រគំ​នេះ ត្រូវបាន​គេ​ហៅថា «​រ៉ា​បា​ណា​» ដែល​អ្នកចូលរួម​ដង្ហែ វាយ​ស្គរ​ផង និង​ច្រៀង​ផង​ ដែលជា​ភ្លេង​ប្រពៃណី​មួយ​របស់​ជនជាតិ​ចាម្ប៍មួយផងដែរ។ លោក ពៀត ផល្លា ចង់ឱ្យយុវជនចូលរួម និងថែរក្សាប្រពៃណីរបស់ខ្លួនឱ្យបានល្អ ទាំងម្ហូបអាហារ ឬការស្លៀកពាក់ក៏ដោយ។ 
 
ក្រៅពីនេះ  លោក ផល្លា សង្ឃឹមថានៅឆ្នាំខាងមុខ នឹងអាចប្រារព្ធទិវានំប្រពៃណីចាម្ប៍ ដោយមានសាធារណជន ចូលរួមគាំទ្រ និងស្វែងយល់ពីវប្បធម៌ចាម្ប៍។ តាមរយៈកម្មវិធីនេះ រំពឹងថាអាច​បណ្ដុះ​ស្មារតីយុវជន​​ជន​ជាតិ​ចាម្ប៍ និង​យុវជន​សហគមន៍​ផ្សេង​ៗ​ទៀត មាន​ការ​សហគ្នា​ទៅ​វិញ​ទៅ​មកផងដែរ៕

Tag:
 លោក ពៀត ផល្លា
  ទិវានំប្រពៃណីចាម្ប៍
© រក្សាសិទ្ធិដោយ thmeythmey.com