កីឡាជាតិ
ជាតិ
អន្តរជាតិ
Dave Leduc ថាខ្លួនតឱ្យកីឡាករ ព្រំ សំណាង អំឡុងការប្រកួតនៅក្នុងប្រទេសកម្ពុជា
11, Dec 2023 , 9:10 pm        
រូបភាព
ការប្រកួតរវាងកីឡាករស្តេចប្រដាល់ឡេតវេមីយ៉ាន់ម៉ា Dave Leduc ជាមួយនឹងព្រំ សំណាង កាលពីថ្ងៃទី៥ ខែវិច្ឆិកា បានបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា បន្ទាប់ពីការប្រកួតបែប Mas-Fight ៩នាទីយកឈ្នះចាញ់ក្រោយការផ្តួលគូប្រកួតឱ្យសន្លប់ ប៉ុន្តែគ្មានកីឡាករណាម្នាក់សន្លប់ឡើយក្នុងការប្រកួតនោះ។ ជាក់ស្តែង ស្តេចប្រដាល់ភូមា Leduc ហាក់មានប្រៀបនៅក្នុងការប្រកួតទៅលើកីឡាករព្រំសំណាង។



រយៈពេលជាងមួយខែរួចមក Dave Leduc បន្តបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសបុករបស់ខ្លួនជុំវិញការប្រកួតទល់នឹងព្រំ សំណាង ហើយការបង្ហោះសារមួយនៅថ្ងៃទី១១ ខែធ្នូ កីឡាករសញ្ជាតិមីយ៉ាន់ម៉ា បានបង្ហើបថាខ្លួនបានផ្តល់ឱកាសដល់ព្រំ សំណាង ដោយមិនព្រមវាយផ្តួលឱ្យសន្លប់ឡើយ។
  


Dave Leduc បានបង្ហោះសារនៅបណ្តាញសង្គមហ្វេសបុករបស់ខ្លួនដូច្នេះ ៖ «អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា​ខ្ញុំ​ផ្តល់​ឱកាសដល់​សំណាង​ហើយ​មិនបានធ្វើឱ្យគាត់សន្លប់ទេ ព្រោះ​ការ​ប្រកួត​របស់​យើង​ជា​ការ​ប្រកួត​មិត្តភាព​ការទូតរវាង​មីយ៉ាន់ម៉ា-កម្ពុជា។ ខ្ញុំ​បន្ថយ​ល្បឿន​បន្ទាប់​ពីការ​ដួល​លើក​ទី​មួយ នៅពេល​ខ្ញុំ​ដឹង​ថា​ខ្ញុំ​ខ្លាំង​ពេក។ ខ្ញុំ​ចង់​ឲ្យ​យើង​ទាំង​ពីរ​នាក់បញ្ចប់​ការ​ប្រកួត​ដោយ​ឈរ​ជើងជាប់នៅលើសង្វៀនទាំងអស់គ្នា ហើយ​អាច​លើក​ទង់ជាតិ​មីយ៉ាន់ម៉ា និង​កម្ពុជា​ឲ្យ​ផុតពី​អាកាស! ខ្ញុំ​មិន​អាច​លើក​ទង់​ជាតិ​បាន​ទេ ​ប្រសិន​បើ​គូ​ប្រកួត​ខ្ញុំ​ដេក​លើសង្វៀន។ ខ្ញុំ​មាន​មោទនភាព​យ៉ាង​ខ្លាំង​ដែល​បាន​នាំ​យក​ការ​ចាប់​អារម្មណ៍​ពី​អន្តរជាតិ​ជុំវិញ​ពិភពលោក​មក​លើ​កម្ពុជា «គុន​ខ្មែរ» និង​មីយ៉ាន់ម៉ា «ឡេតវេ»។ ដោយសារតែឈ្មោះខ្ញុំ ពួកយើងបានបំបែកកំណត់ត្រាអ្នកទស្សនានៅកម្ពុជា។ ការប្រកួតរបស់ពួកយើងមានអ្នកមើលផ្ទាល់ជាង ១៨លាននាក់! ព្រឹត្តិការណ៍ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជា។»។
 
ក្រៅពីនេះ Leduc លើកឡើង ក៏ដូចជាការឌឺដង ពីការលេចឮដំណឹងដែលថាកីឡាករ ព្រំ សំណាង ទទួលបានប្រាក់រង្វាន់ឧបត្ថម្ភច្រើនដល់ទៅ ៥មុឺនដុល្លារ ព្រមទាំងដីមួយកន្លែងដែលមានតម្លៃ ១មុឺនដុល្លារថែមទៀត៕
 


© រក្សាសិទ្ធិដោយ thmeythmey.com