ជាតិ
សេដ្ឋកិច្ច
រដ្ឋ បន្តបោះលក់បណ្ណបំណុល ៤៤ម៉ឺនលានរៀល សម្រាប់ឆ្នាំ២០២៤ ​
12, Dec 2023 , 12:09 pm        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត
ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​នឹងបន្តកៀរគររកកម្ចីក្នុងស្រុកចំនួន ៤៤ម៉ឺនលានរៀល  (ប្រមាណ១០០លានដុល្លារអាម៉េរិក) ពីការបោះលក់មូលបត្ររដ្ឋ(បណ្ណបំណុល) ក្នុងឆ្នាំ២០២៤។​ នេះ ជាឆ្នាំទី៣ហើយ ដែលរដ្ឋាភិបាលសម្រេចបោះលក់មូលបត្ររដ្ឋ ក្នុងគោលដៅ​ប្រមូល​មូលនិធិ​កម្ចីបន្ថែម ​ពី​ទីផ្សារ​មូលធន​សម្រាប់​ការវិនិយោគ​សាធារណៈ​។​ ការបោះលក់មូលបត្ររដ្ឋនេះ នឹងធ្វើឡើងតាមរយៈ​ផ្លេ​ត​ហ្វ​ម​របស់​ធនាគារជាតិ​នៃ​កម្ពុជា។

 
ច្បាប់ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ ឆ្នាំ២០២៤ ដែលព្រះមហាក្សត្របានឡាយព្រះហត្ថអនុម័តលើព្រះរាជក្រម កាលពីថ្ងៃទី៧ ធ្នូ បានបញ្ជាក់ថា ការអនុញ្ញាតឱ្យរដ្ឋាភិបាលបោះលក់មូលបត្ររដ្ឋក្នុងទំហំទឹកប្រាក់៤៤ម៉ឺនលានរៀលនេះ គឺដើម្បីសងប្រាក់ដើម និងការប្រាក់នៃមូលបត្ររដ្ឋ ដែលបានបោះផ្សាយលក់​តាំងពីឆ្នាំ២០២២មក។ ជាពិសេស រដ្ឋបោះលក់មូលបត្រនេះ ក្នុងគោលដៅកៀរគរថវិកាពីផ្សារមូលបត្រ សម្រាប់ហិរញ្ញប្បទានលើគម្រោងដែលអាចផ្តល់ចំណូលត្រង់មករដ្ឋាភិបាល និងផ្តល់ផលរហ័ស ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការវិនិយោគ ដែលមានចីរភាពក្នុងការគ្រប់គ្រងបំណុលសាធារណៈ និងថវិកាជាតិ។​
 
ជាមួយនឹងការបន្តបោះលក់មូលបត្រនេះ រដ្ឋាភិបាលក៏កំពុងអនុវត្តនូវក្របខ័ណ្ឌគោលនយោបាយស្តីពីការអភិវឌ្ឍមូលបត្ររដ្ឋ ២០២៣-២០២៨ សម្រាប់ជួយកម្ពុជាក្នុងការទទួលបាន​នូវប្រភពហិរញ្ញប្បទានដែលមានចីរភាព ផងដែរ។​ គោលដៅនៃការអភិវឌ្ឍមូលបត្ររដ្ឋនេះ  គឺដើម្បីធ្វើពិពិធកម្មប្រភពហិរញ្ញប្បទាន តាមរយៈការកៀរគរទុនពីទីផ្សារ មកបំពេញតម្រូវការវិនិយោគសាធារណៈ និងរួមចំណែកអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុ សំដៅពង្រឹងភាពប្រកួតប្រជែង និងជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ន។ 
 
ដើម្បីសម្រេចនូវទិសដៅនេះឱ្យបាននៅត្រឹមឆ្នាំ២០២៨ ក្របខ័ណ្ឌគោលនយោបាយស្តីពី ការអភិវឌ្ឍមូលបត្ររដ្ឋនេះ​ បានដាក់ចេញវិធានការគោលនយោបាយក្នុងការកសាងនូវប្រព័ន្ធគ្រប់គ្រងមួយដ៏រឹងមាំ និងគ្រប់ជ្រុងជ្រោយ សម្រាប់ការបោះផ្សាយ និងជួយជួញមូលបត្ររដ្ឋក្នុងប្រទេស និងការត្រៀមលក្ខណៈក្នុងការបោះផ្សាយលក់មូលបត្ររដ្ឋនៅប្រទេស។  
 
​ការអនុវត្តនេះ មាន២ដំណាក់ផ្សេងគ្នា ដោយក្នុងនោះ ដំណាក់កាលទី១ ចាប់ពីឆ្នាំ២០២៣-២០២៦​ រដ្ឋាភិបាលត្រូវបង្កើតឱ្យបាននូវប្រព័ន្ធគ្រប់គ្រងពេញលេញសម្រាប់ការបោះផ្សាយ និងជួញដូរមូលបត្ររដ្ឋក្នុងប្រទេស។ ​ក្របខ័ណ្ឌគោលនយោបាយ ស្តីពី ការអភិវឌ្ឍមូលបត្ររដ្ឋនេះ​ បន្តរៀបរាប់ថា ក្នុងដំណាក់កាលនេះ រដ្ឋាភិបាលត្រូវបន្តពិនិត្យ និងរៀបចំលិខិតបទដ្ឋានគតិយុត្ត, រៀបចំគោលការណ៍ណែនាំពីការប្រើប្រាស់ទុនក្នុងការបោះលក់មូលបត្ររដ្ឋ, បន្តអភិវឌ្ឍទីផ្សារមូលបត្ររដ្ឋ ដោយរៀបចំនិម្មាបនកម្មទីផ្សារ(Market Architecture) តាមប្រព័ន្ធធនាគារជាតិនៃកម្ពុជាទាំងស្រុង សម្រាប់រាល់ប្រតិបតិ្តការបោះផ្សាយក្នុងទីផ្សារដំបូង, ជួញដូរក្នុងទីផ្សារបន្ទាប់, ទូទាត់ និងរក្សាទុកមូលបត្ររដ្ឋ។​
 
ជាមួយគ្នានេះ រដ្ឋាភិបាលត្រូវរៀបចំយន្តការសម្របសម្រួល ដើម្បីធ្វើឱ្យប្រសើរឡើងនូវចំណាត់ថ្នាក់ឥណទានរបស់ប្រទេស រួមទាំងសិក្សារៀបចំយន្តការបោះផ្សាយសញ្ញាបណ្ណបៃតងតាមវិស័យ និងការពង្រឹងសមត្ថភាពស្ថាប័ន និងធនធានមនុស្ស។ 
 
ដំណាក់កាលទី២នៃការអភិវឌ្ឍមូលបត្ររបស់កម្ពុជា​ គឺពីឆ្នាំ២០២៧-២០២៨ ដោយពិនិត្យឡើងវិញ និងកែលម្អប្រព័ន្ធគ្រប់គ្រងសម្រាប់ការបោះផ្សាយ និងជួញដូរមូលបត្ររដ្ឋនៅក្រៅប្រទេស។ 
 
គួររំឭក​ថា  រដ្ឋាភិបាលសម្រេចបោះលក់មូលបត្ររដ្ឋលើកដំបូងនៅឆ្នាំ២០២២ ដែលមានទំហំទឹកប្រាក់៣០០លានដុល្លារ និងឆ្នាំ២០២៣ ក្នុងទំហំទឹកប្រាក់២០០លានដុល្លារ។ ដោយឡែក នៅឆ្នាំ២០២៤ រដ្ឋត្រៀមបោះលក់បណ្ណបំណុលនេះ ក្នុងទំហំទឹកប្រាក់១០០លានដុល្លារ។
 
គិតត្រឹម​ដំណាច់ត្រីមាសទី៣ ឆ្នាំ២០២៣ បំណុលសាធារណៈរបស់កម្ពុជាកើនដល់ ១០,៧២ពាន់លានដុល្លារ ក្នុងនោះ មាន ១០,៦៧ពាន់លានដុល្លារ ជាបំណុលក្រៅប្រទេស ដែលមានចិនជាម្ចាស់បំណុលកម្ពុជាធំជាងគេ។ រីឯបំណុលក្នុងប្រទេសវិញមានត្រឹម ៥១,៩៩លានដុល្លារ ប៉ុណ្ណោះ៕ 

Tag:
 មូលបត្ររដ្ឋ
  ថវិកាជាតិឆ្នាំ២០២៤
© រក្សាសិទ្ធិដោយ thmeythmey.com