អន្តរជាតិ
អូស្ត្រាលីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាមួយប៉ាពូអាស៊ីនូវែលហ្គីណេ
13, Dec 2023 , 8:39 am        
រូបភាព
នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese លើកដៃ ខណៈថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយជាមួយនាយករដ្ឋមន្ត្រីប៉ាពូអាស៊ីនូវែលហ្គីណេលោក James Marape នៅទីក្រុង Canberra ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។
នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese លើកដៃ ខណៈថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយជាមួយនាយករដ្ឋមន្ត្រីប៉ាពូអាស៊ីនូវែលហ្គីណេលោក James Marape នៅទីក្រុង Canberra ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។
ដោយ: VOA
ប្រទេស​អូស្ត្រាលី​និង​ប្រទេស​ប៉ាពូអាស៊ីនូវែលហ្គីណេ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ ​ដើម្បី​ឱ្យ​អូស្ត្រាលី​ជួយ​បណ្ដុះបណ្ដាល​មន្ត្រី​ប៉ូលិស​ថ្មី​រាប់​ពាន់​នាក់​នៅ​ក្នុង​ប្រទេស​ប៉ាពូអាស៊ីនូវែលហ្គីណេ។ កិច្ច​ព្រមព្រៀង​ទ្វេភាគី​នេះ​ត្រូវ​បាន​គេ​ហៅ​ជា​ផ្លូវការ​ថា​ជា​ក្របខ័ណ្ឌ​សម្រាប់​ទំនាក់ទំនង​សន្តិសុខ​ជិតស្និទ្ធ​ជាង​មុន (Framework for Closer Security Relations)។



ប្រទេស​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ទាំង​ពីរ​នេះ​ស្ថិត​នៅ​ឆ្ងាយ​ពី​គ្នា​តែ​ប៉ុន្មាន​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ដោយ​ខណ្ឌ​ចែក​ពី​គ្នា​ដោយសារ​ច្រក​សមុទ្រ Torres ប៉ុន្តែ​កិច្ចព្រមព្រៀង​សន្តិសុខ​ទូលំទូលាយ​នេះ​បាន​ធ្វើ​ឱ្យ​ប្រទេស​ទាំង​ពីរ​មាន​ភាព​ជិតស្និទ្ធ​ជាមួយ​គ្នា​ផ្នែក​នយោបាយ។
 
កិច្ច​ព្រមព្រៀង​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Anthony Albanese និង​នាយករដ្ឋមន្ត្រី​ប៉ាពូអាស៊ីនូវែលហ្គីណេ​លោក James Marape នៅ​ក្នុង​ទីក្រុង​កង់បេរ៉ា​នៃ​ប្រទេស​អូស្ត្រាលី ហើយ​ត្រូវ​បាន​លោក Albanese ហៅ​ថា​ជា​កិច្ចព្រមព្រៀង «ដ៏​ទូលំទូលាយ​និង​ជា​ប្រវត្តិសាស្ត្រ» នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​អូស្ត្រាលី។
 
នៅ​ក្រោម​កិច្ចព្រមព្រៀង​នេះ អូស្ត្រាលី​និង​ជួយ​ផ្ដល់​ថវិកា​ដល់​ការ​ជ្រើសរើស​មន្ត្រី​ប៉ូលិស​រាប់​ពាន់​នាក់​បន្ថែម​ទៀត​នៅ​ក្នុង​ប្រទេស​ប៉ាពូអាស៊ីនូវែលហ្គីណេ​និង​ជួយ​ពង្រឹង​សេវា​តុលាការ​និង​ពន្ធនាគារ​របស់​ប្រទេស​នេះ។
 
កិច្ចព្រមព្រៀង​នេះ​រួម​មាន​នូវ​ខ​មួយ​ដែល​ចែង​ថា​ប្រសិនបើ​ប្រទេស​ណា​មួយ​ក្នុង​ចំណោម​ប្រទេស​ទាំង​ពីរ​ជឿ​ថា​ខ្លួន​កំពុង​ប្រឈម​នឹង​ការ​គំរាមកំហែង​ផ្នែក​សន្តិសុខ​នៅ​ក្នុង​តំបន់ នោះ​ភាគី​ទាំង​ពីរ​នឹង​ប្រឹក្សា​យោបល់​និង​សម្របសម្រួល​ធ្វើ​ការ​ឆ្លើយតប​ចំពោះ​រឿង​នេះ។ កិច្ចព្រមព្រៀង​នេះ​មិន​បាន​រារាំង​ប្រទេស​ប៉ាពូអាស៊ីនូវែលហ្គីណេ​មិន​ឱ្យ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិសុខ​ជាមួយ​ប្រទេស​ផ្សេង​ទៀត​នោះ​ទេ។
 
កិច្ចព្រមព្រៀង​នេះ​ធ្វើ​ឡើង​នៅ​ចំ​ពេល​ដែល​មាន​ការ​ប្រជែង​គ្នា​កើនឡើង​ដើម្បី​ជះ​ឥទ្ធិពល​នៅ​ទូទាំង​តំបន់​ប៉ាស៊ីហ្វិក។
 
កាលពី​ឆ្នាំ​មុន ប្រទេស​ចិន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិសុខ​មួយ​ជាមួយ​នឹង​ប្រទេស Solomon Islands ដែល​ជា​ប្រទេស​ប្រជុំ​កោះ​យុទ្ធសាស្ត្រ​នៅ​ភាគ​ឦសាន​ប្រទេស​អូស្ត្រាលី។ អាជ្ញាធរ​ចិន​បាន​អញ្ជើញ​មន្ត្រី​ប៉ូលិស​ជាន់​ខ្ពស់​មកពី​ទូទាំង​តំបន់​ប៉ាស៊ីហ្វិក​ឱ្យ​ទៅ​ចូលរួម​ប្រជុំ​នៅ​ក្នុង​ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី ៨ ខែ​ធ្នូ ស្រប​ពេល​ដែល​ចិន​មាន​បំណង​ពង្រីក​ទំនាក់ទំនង​ផ្នែក​ពង្រឹង​ច្បាប់​នៅ​ទូទាំង​តំបន់​ប៉ាស៊ីហ្វិក។
 
លោក Henry Ivarature ព្រឹទ្ធបុរស​រង​មហាវិទ្យាល័យ​សន្តិសុខ​ប៉ាស៊ីហ្វិក​នៃ​សាកលវិទ្យាល័យ​ជាតិ​អូស្ត្រាលី (Australian National University) បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន ABC របស់​អូស្ត្រាលី​កាលពី​ថ្ងៃ​ទី ៨ ខែ​ធ្នូ​ថា កិច្ច​ព្រមព្រៀង​រវាង​ប៉ាពូអាស៊ីនូវែលហ្គីណេ​និង​អូស្ត្រាលី​នេះ​អាច​បង្កើន​ចំណាប់​អារម្មណ៍​របស់​ចិន​នៅ​ក្នុង​តំបន់។
 
លោក​ថ្លែង​ដូច្នេះ​ថា៖ «ការ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​គឺ​ពិតជា​បង្ក​ឱ្យ​មាន​ការ​ប្រជែង​គ្នា​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​នៅ​ក្នុង​តំបន់។ ចិន​ប្រហែល​ជា​អាច​ព្យាយាម​បង្កើន​សកម្មភាព​របស់​ខ្លួន​នៅ​ក្នុង​តំបន់។ ជា​ឧទាហរណ៍ [អាជ្ញាធរ] ចិន​បាន​អញ្ជើញ​មន្ត្រី​ប៉ូលិស​ជាន់​ខ្ពស់​នានា​ទៅកាន់​ប្រទេស​ចិន។ យើង​នឹង​ឃើញ​មាន​ការ​ប្រជែង​គ្នា​ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​បណ្ដា​មេដឹកនាំ​នៃ​ប្រទេស​ដីកោះ​ប៉ាស៊ីហ្វិក​នានា»។
 
គេ​ឃើញ​មាន​ភាព​តានតឹង​រវាង​អូស្ត្រាលី​និង​ចិន​ទាក់ទិន​នឹង​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​នានា​ដូចជា​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ទីក្រុង​ហុងកុង​និង​មហិច្ឆតា​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​និង​តំបន់​ប៉ាស៊ីហ្វិក​ជាដើម។
 
ទំនាក់ទំនង​ទ្វេភាគី​រវាង​អូស្ត្រាលី​និង​ចិន​មាន​ភាព​ប្រសើរ​ឡើង​តាំងពី​ពេល​ដែល​រដ្ឋាភិបាល​ឆ្វេង​និយម​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​បាន​ឡើង​កាន់​អំណាច​នៅ​ខែ​ឧសភា​ឆ្នាំ ២០២២ មក។ រដ្ឋាភិបាល​អូស្ត្រាលី​នេះ​មាន​បំណង​ចង់​ធ្វើ​ឱ្យ​ទំនាក់ទំនង​ជាមួយ​នឹង​ចិន​ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​ជាង​គេ​បង្អស់​របស់​អូស្ត្រាលី​មាន​ស្ថិរភាព​ឡើង​វិញ។
 
កាលពី​ខែ​ឧសភា ប្រទេស​ប៉ាពូអាស៊ីនូវែលហ្គីណេ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សន្តិសុខ​មួយ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​ធ្វើ​វិសិដ្ឋកម្ម​មូលដ្ឋាន​យោធា​ដែល​មាន​តម្លៃ​ប្រហែល ១០ លាន​ដុល្លារ​ផង​ដែរ៕

© រក្សាសិទ្ធិដោយ thmeythmey.com