កីឡាជាតិ
ជាតិ
រៀបចំប្រណាំងកង់ថ្នាក់ជាតិ នៅកំពង់ឆ្នាំង ដើម្បីជ្រើសកីឡាករចូលជម្រើសជាតិ និងផ្សាយតំបន់ទេសចរណ៍
13, Dec 2023 , 3:59 pm        
រូបភាព
សហព័ន្ធខ្មែរកីឡាទោចក្រយាន នឹងរៀបចំការប្រកួតកីឡាប្រណាំងកង់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ នៅខេត្តកំពង់ឆ្នាំង។ លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរទោចក្រយាន អះអាងថាការរៀបចំកីឡាប្រណាំងកង់ ប្រចាំឆ្នាំនៅខេត្តកំពង់ឆ្នាំង ក្នុងគោលបំណងលើកស្ទួយវិស័យទេសចរណ៍ផង និងបញ្ជ្រាបវិស័យកីឡាកង់ ដល់ក្មេងៗ និងយុវជនក្នុងខេត្តនេះផង។ អត្តពលិកដែលមានលទ្ធផលលេចធ្លោក្នុងព្រឹត្តិការណ៍នេះ នឹងត្រូវជ្រើសរើសចូលហ្វឹកហាត់ក្នុងក្រុមចម្រើសជាតិ ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ នៅថៃ។


ដោយមើលឃើញពីសក្តានុពលហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកំពង់ឆ្នាំង ដែលសមស្របសម្រាប់ការប្រណាំងកង់គួក និងកង់ភ្នំ សហព័ន្ធខ្មែរកីឡាទោចក្រយាន ក្រោមគម្រោងជំនួយពីក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចរៀបប្រកួតប្រណាំងកង់ជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៣ ក្នុងខេត្តនេះ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤។ ព្រឹត្តិការណ៍នេះ មាន២វិញ្ញាសា ក្នុងនោះមាន កង់គួក ចែកជា៣ប្រភេទ កង់គួកបុរសថ្នាល បុរសឈុតធំ និងឈុតវ័យលើស៤០ឆ្នាំ ហើយនិងកង់ភ្នំ មានកង់ភ្នំថ្នាល បុរសឈុតធំ និងបុរសវ័យ៤០ឡើង។
 
លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរទោចក្រយាន បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗ (ThmeyThmey) ថាព្រឹត្តិការណ៍ប្រណាំងកង់ប្រចាំឆ្នាំនេះ មិនត្រឹមពង្រីកវិសាលភាពវិស័យកីឡាកង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងគោលដៅផ្សព្វផ្សាយតំបន់ទេសចរណ៍តាមបណ្តាខេត្ត ក្នុងប្រទេសកម្ពុជាផងដែរ។
 
«មូលហេតុដែលយើង ជ្រើសយកខេត្តកំពង់ឆ្នាំង ដោយសារខេត្តនេះមានតំបន់ដែលមានទីតាំងសក្តិសម សម្រាប់រៀបកីឡាប្រណាំងកង់កម្រិតថ្នាក់ជាតិមិនថាផ្លូវរៀប និងផ្លូវភ្នំ»។ នេះជាការបញ្ជាក់របស់លោកអគ្គលេខាធិការ មុនបន្ថែមថា សហព័ន្ធនឹងរៀបព្រឹត្តិការណ៍កីឡានេះនៅតាមបណ្តាខេត្តផ្សេងទៀតជាលក្ខណៈវិលជុំ ដើម្បីជំរុញ និងលើកស្ទួយវិស័យទេសចរណ៍ ក៏ដូចជាបញ្ជ្រាបវិស័យកីឡាកង់ ដល់ក្មេងៗ និងយុវជនក្នុងខេត្តទាំងនោះ។
 
មួយវិញទៀត កីឡាប្រណាំងកង់ថ្នាក់ជាតិឆ្នាំ២០២៣ នៅកំពង់ឆ្នាំងនេះ ក៏ដើម្បីជ្រើសរើសយកកីឡាករដែលទទួលបានលទ្ធផលល្អ ដើម្បីយកទៅចូលក្រុមជម្រើសជាតិ ត្រៀមហ្វឹកហាត់ចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅថៃ។  
 
លោក នូ ចំរើន បញ្ជាក់ថា៖«ដោយសារក្រុមកីឡាករប្រណាំងកង់ជម្រើសជាតិបានរំសាយហើយតាំងចប់ស៊ីហ្គេមលើកទី៣២ ដូច្នេះកម្មវិធីប្រណាំងកង់នៅកំពង់ឆ្នាំងនេះ សហព័ន្ធនឹងពិនិត្យមើលបេក្ខភាពណាដែលមានភាពលេចធ្លោយកទៅចូលជម្រើសជាតិជាថ្មី ដោយពួកគេនឹងទទួលបានប្រាក់បៀវត្សរ៍ប្រចាំខែ ពីក្រសួងអប់រំផងដែរ»។
 
ក្នុងនោះដែរ ក្រៅពីកីឡាករអាជីព អ្នករៀបចំកម្មវិធី ក៏បើកឱ្យមានការចុះឈ្មោះប្រកួតប្រជែងផងដែរ សម្រាប់អ្នកចង់ចូលរួមដ៏ទៃទៀត ដែលមានអាយុលើសពី៤០ឆ្នាំ។
 
វិញ្ញាសាកង់គួកទាំង៣ប្រភេទ នឹងចាប់ផ្តើមការប្រកួតនៅព្រឹកថ្ងៃទី៦ ខែមករា នៅទីរួមខេត្តកំពង់ឆ្នាំង និងបញ្ចប់ទីនៅទល់មុខបញ្ជាការកងរាជអាវុធហត្ថខេត្ត ដោយប្រកួតក្នុងរយៈចម្ងាយ ១៣០គីឡូម៉ែត្រ ដែលមាន៥ជុំ។
 
សម្រាប់កង់ភ្នំ នឹងរៀបចំនៅព្រឹកថ្ងៃទី៧ ខែកមរា នៅជើងភ្នំត្រោក ស្ថិតនៅភូមិត្រោក ឃុំត្រោក ស្រុករលាប្អៀរ ដែលមានចម្ងាយប្រមាណ៦គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ឆ្នាំង។
 
អ្នកចង់ចូលរួមប្រកួតប្រជែងនេះ សហព័ន្ធខ្មែរកីឡាទោចក្រយាន ចាប់ផ្តើមទទួលពាក្យពីថ្ងៃទី១៣ ខែធ្នូ រហូតដល់ថ្ងៃទី២៩ ខែធ្នូ នៅទីស្នាក់ការសហព័ន្ធតែម្តង នៅក្នុងអាគារគណៈកម្មការធិការជាតិអូឡាំពិកកម្ពុជា។​ ដោយឡែក សម្រាប់កីឡាករ-ការិនី នៅតាមបណ្តាខេត្តអាចចុះឈ្មោះប្រកួតតាមរយៈលេខទំនាក់ទំនង ០៨៦ ៦៨៤៤១៥ និង ០៩៩ ៩២៦ ១៩២៕
 

Tag:
 កីឡាទោចក្រយាន
  នូ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com