កីឡាអន្តរជាតិ
អន្តរជាតិ
លីគតួកគី នឹងចាប់ផ្តើមវិញថ្ងៃទី១៩ ធ្នូ ក្រោយផ្អាកដោយសារប្រធានក្លិបវាយអាជ្ញាកណ្តាល
14, Dec 2023 , 7:59 am        
រូបភាព
លោកអាជ្ញាកណ្តាល Halil Umut Meler ស្ថិតនៅមន្ទីរពេទ្យ ក្រោយត្រួវមួយដៃរបស់ប្រានក្លិប Ankaragucu
លោកអាជ្ញាកណ្តាល Halil Umut Meler ស្ថិតនៅមន្ទីរពេទ្យ ក្រោយត្រួវមួយដៃរបស់ប្រានក្លិប Ankaragucu
សហព័ន្ធបាល់ទាត់តួកគី (TFF) នៅថ្ងៃទី១៣ ខែធ្នូ អនុញ្ញាតឱ្យលីគតួកគីទាំងអស់ដំណើរការប្រកួតឡើងវិញនៅថ្ងៃទី១៩ ខែធ្នូ បន្ទាប់ពីត្រូវបានផ្អាក់ដោយសារប្រធានក្លិបបាល់ទាត់ ចូលទៅដាល់អាជ្ញាកណ្តាលដល់ក្នុងលើទីលានប្រកួត។ នេះជាការបញ្ជាក់របស់ប្រធាន TFF លោក Mehmet Büyükekşi។



TFF សម្រចផ្អាកការប្រកួតលីគទាំងអស់ក្នុងប្រទេស ដោយគ្មានកំណត់ បន្ទាប់ពីប្រធានក្លិប Ankaragucu លោក Faruk Koca ចូលទៅដាល់អាជ្ញាកណ្តាល Halil Umut Meler ចំមុខក្នុងទីលាន ក្រោយបញ្ចប់ការប្រកួតក្របខណ្ឌ Super Lig ទល់នឹងក្រុម Rizespor កាលពីថ្ងៃទី១១ ខែធ្នូ។
 
មួយថ្ងៃបន្ទាប់ ពោលគឺនៅថ្ងៃទី១២ ខែធ្នូ តុលាការប្រទេសតួកគី បានបញ្ជាឱ្យចាប់ខ្លួនលោក Faruk Koca ហើយជនសង្ស័យពីររូបទៀត ក៏ត្រូវបានឃុំខ្លួនពាក់ព័ន្ធនឹងអំពើហិង្សាលើអាជ្ញាកណ្តាលនេះ។
  
លោកអាជ្ញាកណ្តាល Halil Umut Meler ចេញពីមន្ទីរពេទ្យវិញ

អាជ្ញាកណ្តាលលោក Halil Umut Meler ដែលរងរបូសត្រង់ភ្នែកក្រោយរងកណ្តាប់ដៃលោក Koca នៅពេលនេះបានចាកចេញពីមន្ទីរពេទ្យហើយនៅថ្ងៃទី១៣ ខែធ្នូ។ នៅថ្ងៃជាមួយគ្នានេះដែរ បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ប្រធាន TFF លោក Büyükekşi ក៏បានសម្រេចឱ្យលីគទាំងអស់ដំណើរការប្រកួតវិញធម្មតា នៅថ្ងៃទី១៩ ខែធ្នូ។
 
ក្រុម Ankaragucu បច្ចុប្បន្នស្ថិតនៅចំណាត់ថ្នាក់ទី១១ ក្នុងតារាងលីគកំពូលតួកគី Super Lig ដោយរកបាន១៨ពិន្ទុ ស្របពេល Rizespor ស្ថិតនៅលេខរៀងទី៨ មាន២២ពិន្ទុ ពីការប្រកួត១៥លើកដូចគ្នានៅរដូវកាល ២០២៣-២៤នេះ៕
 

Tag:
 Faruk Koca
  Ankaragucu
© រក្សាសិទ្ធិដោយ thmeythmey.com