សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
តម្លៃប្រេងពិភពលោកទំនងមិនអាចហក់ដល់ ១០០ដុល្លារក្នុងមួយបារ៉ែល
18, Dec 2023 , 7:29 pm        
រូបភាព
អណ្តូងប្រេងចម្ងាយ ២០០គីឡូម៉ែត្រ ភាគនិរតីទីក្រុង Shenzhen របស់ចិន។ រូបភាព ៖ Xinhua
អណ្តូងប្រេងចម្ងាយ ២០០គីឡូម៉ែត្រ ភាគនិរតីទីក្រុង Shenzhen របស់ចិន។ រូបភាព ៖ Xinhua
តម្លៃប្រេងនៅឆ្នាំក្រោយ អាចកើនឡើងឬថយចុះ អាស្រ័យនៅលើអង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត (OPEC+) ព្រមទាំងទីផ្សារប្រេងថ្មីដូចជាវ៉េណេស៊ុអេឡាជាដើម។ បើតាមក្រុមអ្នកវិភាគរបស់ Reuters តម្លៃប្រេងនៅឆ្នាំ២០២៤ អាចហក់ឡើងដល់ ៨៤,៤ដុល្លារក្នុងមួយប៉ារ៉ែល។

 
សម្រាប់ឆ្នាំនេះ ប្រេង Brent មានតម្លៃជាមធ្យម ៨០ដុល្លារក្នុងមួយបារ៉ែល។ ប៉ុន្តែនៅឆ្នាំ ២០២២ តម្លៃ​ប្រេង​បាន​ហក់​ឡើង​ដល់​ជាង ១០០ដុល្លារ បន្ទាប់​ពី​ការ​ផ្គត់ផ្គង់​ពី​រុស្ស៊ី​ត្រូវ​បាន​រំខាន​ដោយ​សារ​ជម្លោះ​នៅ​អ៊ុយក្រែន។
 
ការរក្សាតម្លៃប្រេងនៅឆ្នាំនេះ ដោយសារប្រាក់ដុល្លាររឹងមាំ ការធ្លាក់ចុះសេដ្ឋកិច្ចនៅក្នុងប្រទេសជាច្រើន និងការកើនឡើងនៃទិន្នផលប្រេងពីប្រទេសមិនមែន OPEC ទោះបីជាមានតម្រូវការខ្ពស់លើសពី ១០០លានបារ៉ែលក្នុងមួយថ្ងៃក៏ដោយ។ ជម្លោះ​នៅ​មជ្ឈិមបូព៌ា​ក៏មិន​ទាន់​ទាញ​តម្លៃ​ប្រេង​ត្រឡប់​ទៅ​កម្រិត​ខ្ពស់​ដូចកាល​ពី​ឆ្នាំ​មុន​ដែរ។
 
ចំណែកនៅឆ្នាំ ២០២៤ វិញការស្ទង់មតិដោយ Reuters ជាមួយអ្នកវិភាគជាង ៣០នាក់បង្ហាញថា តម្លៃប្រេង Brent អាចឡើងដល់ជាមធ្យម ៨៤,៤ដុល្លារក្នុងមួយបារ៉ែល។ 
 
ការរំពឹងទុកនេះកើតឡើងក្នុងបរិបទដែលតម្រូវការប្រេងនៅឆ្នាំក្រោយត្រូវបានព្យាករថា នឹងកើនឡើងចន្លោះពី ១,១លានប៉ារ៉ែលដល់ ២,២៥លានបារ៉ែលក្នុងមួយថ្ងៃ។ នេះបើតាមទីភ្នាក់ងារថាមពលអន្តរជាតិ និងអង្គការ OPEC ។ ទន្ទឹមនេះ ការផ្គត់ផ្គង់នៅឆ្នាំ២០២៤ ត្រូវបានគេព្យាករថា នឹងកើនឡើងចន្លោះពី ១,២លានប៉ារ៉ែលដល់១,៩លានបារ៉ែលក្នុងមួយថ្ងៃ។ 
 
នៅក្នុងកិច្ចប្រជុំខែវិច្ឆិកា អង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត (OPEC+) បានយល់ព្រមកាត់បន្ថយផលិតកម្មចំនួន ២,២លានបារ៉ែលក្នុងមួយថ្ងៃ នៅក្នុងត្រីមាសទី១ ឆ្នាំក្រោយ។ ក្រុមហ៊ុនហិរញ្ញវត្ថុ ANZ បាននិយាយថា ប្រសិនបើប្រទេសទាំងនេះអនុវត្តតាមកូតាកាត់បន្ថយនេះពិតមែន នោះទីផ្សារប្រេងពិភពលោកអាចខ្វះខាតប្រមាណ ៥០០ពាន់បារ៉ែលក្នុងមួយថ្ងៃ។
 
យ៉ាងណាមិញ នឹងមានទីផ្សារប្រេងថ្មីមកជំនួស ក្រោយការកាត់បន្ថយផលិតកម្មប្រេងរបស់ក្រុម OPEC។ ​​វ៉េណេស៊ុយអេឡា​បាន​វិល​ត្រឡប់​មក​កាន់​ទីផ្សារប្រេង​ពិភពលោក​វិញ​ហើយ បន្ទាប់​ពី​អាម៉េរិក​បាន​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​ប្រទេស​នេះ​កាលពី​ខែ​តុលា​នេះ ​ដែល​មាន​រយៈពេល​៦ខែ។
 
អ្នកវិភាគនៅធនាគារ JP Morgan មានសុទិដ្ឋិនិយមថា អាម៉េរិកអាចបន្តរយៈពេល ៦ខែទៀត ប្រសិនបើរដ្ឋាភិបាលរបស់ប្រធានាធិបតី Nicolas Maduro អនុវត្តបានត្រឹមត្រូវកិច្ចព្រមព្រៀងបោះឆ្នោតដូចដែលបានព្រមព្រៀងជាមួយគណបក្សប្រឆាំង។ ការដកទណ្ឌកម្មលើក្រុមហ៊ុនប្រេងរបស់រដ្ឋ PDVSA នឹងជួយឱ្យទិន្នផលប្រេងរបស់វ៉េណេស៊ុយអេឡាកើនឡើងពី ៧៦០ពាន់បារ៉ែលនៅឆ្នាំ ២០២៣ កើនដល់ ៨៨០ពាន់បារ៉ែលនៅឆ្នាំក្រោយ និង ៩៦៣ពាន់បារ៉ែលនៅឆ្នាំ ២០២៥៕

Tag:
 ប្រេង
  OPEC
© រក្សាសិទ្ធិដោយ thmeythmey.com