អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បក្សកាន់អំណាចរុស្ស៊ីគាំទ្រលោក ពូទីន ឈរឈ្មោះជាប្រធានាធិបតីម្តងទៀតនៅឆ្នាំក្រោយ
18, Dec 2023 , 8:29 pm        
រូបភាព
លោក វ្ល៉ឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ីបច្ចុប្បន្ន ។ រូបភាព ៖ TASS
លោក វ្ល៉ឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ីបច្ចុប្បន្ន ។ រូបភាព ៖ TASS
លោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានគណបក្សរួបរួមរុស្ស៊ីយល់ព្រមគាំទ្រជាបេក្ខជនប្រធានាធិបតីបន្តទៀតនៅឆ្នាំក្រោយ។ ការបោះឆ្នោតប្រធានាធិបតីនៅរស្ស៊ីគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០២៤។

 
យោងតាមទីភ្នាក់ងារសារព័ត៌មាន TASS នៅថ្ងៃទី១៧ ខែធ្នូ សមាជគណបក្សរួបរួមរុស្ស៊ីលើកទី២១ បានយល់ព្រមគាំទ្រលោក​ វ្ល៉ាឌីមៀ ពូទីន ដែលកំពុងកាន់អំណាចជាបេក្ខភាពចូលរួមបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅឆ្នាំ២០២៤ ។
 
លោក ឌីមីទ្រី ម៉េដវ៉េដេវ (Dmitry Medvedev) អនុប្រធានក្រុមប្រឹក្សាសន្តិសុខសហព័ន្ធ និងប្រធានបក្សរួបរួមរុស្ស៊ីបានអំពាវនាវឱ្យសមាជិកបក្សទាំងអស់ប្រមូលផ្តុំសកម្មជន ដើម្បីគាំទ្រលោក ពូទីន មុនពេលបោះឆ្នោត ដែលគ្រោងធ្វើឡើងនៅថ្ងៃទី ១៥-១៧ ខែមីនាឆ្នាំក្រោយ។ 
 
ថ្លែងក្រោយបញ្ចប់សមាជបក្ស លោក ពូទីន បាននិយាយថា ការគាំទ្ររបស់គណបក្សរួបរួមរុស្ស៊ីពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់រូបលោក ហើយថាស្ថានភាពបច្ចុប្បន្នទាមទារឱ្យមានសាមគ្គីភាព និងការត្រៀមខ្លួនដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្សេងៗ។
 
នៅថ្ងៃទី៨ ខែធ្នូ លោកពូទីន បានប្រកាសថា ខ្លួនចង់ឈរឈ្មោះបោះឆ្នោតឡើងវិញ នៅខែមីនា ឆ្នាំក្រោយ។ អាណត្តិប្រធានាធិបតីបច្ចុប្បន្នរបស់លោក នឹងផុតកំណត់នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។
 
គួរបញ្ជាក់ថា លោក ពូទីន បានកាន់តំណែងជាប្រធានាធិបតីពីរអាណត្តិជាប់គ្នាពីឆ្នាំ ២០០០ ដល់ឆ្នាំ២០០៨។ បន្ទាប់មកលោកបានធ្វើជានាយករដ្ឋមន្ត្រី ហើយត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីម្តងទៀតក្នុងឆ្នាំ២០១២ និង២០១៨ ។
 
នៅឆ្នាំ ២០២០ ប្រធានាធិបតី ពូទីន បានចុះហត្ថលេខាលើច្បាប់ដែលអនុញ្ញាតឱ្យរូបលោកអាចឈរឈ្មោះជាប្រធានាធិបតីដល់ឆ្នាំ២០៣៦ បន្ទាប់ពីអាណត្តិបច្ចុប្បន្នរបស់លោកនឹងត្រូវបញ្ចប់នៅឆ្នាំ ២០២៤៕

Tag:
 រុស្ស៊ី
  ពូទីន
© រក្សាសិទ្ធិដោយ thmeythmey.com