កីឡាអន្តរជាតិ
អន្តរជាតិ
AP Bren ក្រុមជើងឯក M5 បានប្រាក់ ៣០ម៉ឺនដុល្លារ ឯ See You Soon របស់កម្ពុជា បាន៤ម៉ឺនដុល្លារ
19, Dec 2023 , 2:59 pm        
រូបភាព
AP Bren របស់ម្ចាស់ផ្ទះហ្វីលីពីនជាម្ចាស់ជើងឯកការប្រកួតកីឡាអេឡិចត្រូនិកពានរង្វាន់ M5 World Championship ក្រោយពួកគេបានយកឈ្នះ ONIC Esports របស់ឥណ្ឌូណេស៊ីនៅវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ៤-៣។ លើកពានរង្វាន់ M-Series ជាលើកទីពីរក្រុម AP Bren ទទួលបានប្រាក់រង្វាន់ ៣០ម៉ឺនដុល្លារ, ក្រុម ONIC លេខ ២ ទទួលបាន ១២ម៉ឺនដុល្លារ ចំណែកក្រុមតំណាងកម្ពុជា See You Soon ដែលបញ្ចប់លេខ ៦ ទទួលបាន ៤ម៉ឺនដុល្លារ។



ឈ្នះការប្រកួតដោយលទ្ធផលប្រដេញគ្នា ដោយលទ្ធផល ៤-៣ នៅទីតាំងប្រកួត ​Rizal Memorial Coliseum ក្រុម AP Bren បានបំបែកកំណត់ត្រាក្នុងនាមជាក្រុមម្ចាស់ផ្ទះដែលឈ្នះពានរង្វាន់ក្នុងផ្ទះដោយផ្ទាល់លើកដំបូង និងជាក្រុមដំបូងដែលឈ្នះពានរង្វាន់ពិភពលោក ២លើក។ AP Bren ជាក្រុមជើងឯកពានរង្វាន់ចំនួន ២លើក M2 World Championship និង M5 World Championship។
 
ការប្រកួតពានរង្វាន់ M-Series ចំនួន ៥លើក ៤លើកហើយ ដែលក្រុមមកប្រទេសហ្វីលីពីនគ្រង់ជើងឯក ហើយកាលពីប្រកួតពានរង្វាន់ M1 World Championship ក្រុមមកពីប្រទេសឥណ្ឌូណេស៊ីជាម្ចាស់ពានកាលនោះ។ 
  


បន្ទាប់ពីឈ្នះពានរង្វាន់ជើងឯកពិភពលោករួចមក ក្រុម AP Bren នឹងទទួលបានប្រាក់រង្វាន់ ៣០ម៉ឺនដុល្លារពីការប្រកួត ចំណែកក្រុមលេខ ២ ONIC Esports ទទួលបានប្រាក់រង្វាន់ ១២ម៉ឺនដុល្លារ ក្រុមលេខ ៣ ទទួលបានប្រាក់រង្វាន់ចំនួន ៨ម៉ឺនដុល្លារ។ ចំណែកក្រុម See You Soon តំណាងកម្ពុជាដែលបញ្ចប់ចំណាត់ថ្នាក់ត្រឹមលេខ ៦ នៅក្នុងការប្រកួត នឹងទទួលបានប្រាក់រង្វាន់ ៤ម៉ឺនដុល្លារ។ 
 
ការប្រកួតពានរង្វាន់ M5 World Championship មានប្រាក់រង្វាន់សរុបប្រមាណ ៩០ម៉ឺនដុល្លារ សម្រាប់បែងចែកទៅកាន់ក្រុមទាំង ២៤ ដោយរាប់បញ្ចូលទាំងនៅវគ្គជម្រុះ M5 Wild Card ដែលមាន ៨ក្រុម និងវគ្គចែកពូលដែលមាន ១៦ក្រុម៕



Tag:
 កីឡាអេឡិចត្រូនិក
  See You Soon
© រក្សាសិទ្ធិដោយ thmeythmey.com