អន្តរជាតិ
សមាជិកបក្សសាធារណរដ្ឋខ្វែងគំនិតគ្នាថាតើលោក Trump នឹងក្លាយជា «ជនផ្ដាច់ការ» ឬក៏អត់ បើជាប់ឆ្នោត
20, Dec 2023 , 8:39 am        
រូបភាព
រូបឯកសារ៖ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក​ លោក Donald Trump ថ្លែងទៅកាន់​ក្រុម​អ្នកគាំទ្រ​រូប​លោក​ នៅក្នុងកម្មវិធីមួយ​ ក្នុង​ក្រុង Coralville រដ្ឋ Iowa សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។
រូបឯកសារ៖ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក​ លោក Donald Trump ថ្លែងទៅកាន់​ក្រុម​អ្នកគាំទ្រ​រូប​លោក​ នៅក្នុងកម្មវិធីមួយ​ ក្នុង​ក្រុង Coralville រដ្ឋ Iowa សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។
ដោយ: VOA
ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​របស់​លោក​ដើម្បី​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​មួយ​អាណត្តិ​ទៀត អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump និង​សម្ព័ន្ធមិត្ត​របស់​លោក​បាន​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ចក្ខុវិស័យ​នៃ​ការ​ដឹកនាំជា​ប្រធានាធិបតី​ជា​លើក​ទី​ពីរ​របស់​លោក ដែល​កំណត់​ដោយ​ការ​ប្រើប្រាស់​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​សហព័ន្ធ​ដើម្បី​ដាក់​ពិន័យ​លើ​សត្រូវ​នយោបាយ​របស់​លោក និង​ការ​រៀបចំ​រដ្ឋាភិបាល​សហព័ន្ធ​ឡើង​វិញ​តាម​វិធី​ដែល​អាច​ធ្វើ​ឱ្យ​ការ​អនុវត្ត​ការ​សម្រេចចិត្ត​គោល​នយោបាយ​របស់​លោក​មាន​ប្រសិទ្ធភាព​កាន់តែ​ខ្លាំង​ឡើង សូម្បីតែ​គោល​នយោបាយ​ដែល​គេ​មើល​ឃើញ​ថា​ជា​ការ​ងាក​ចេញ​ទាំងស្រុង​ពី​បទដ្ឋាន​បច្ចុប្បន្ន​ក៏ដោយ។



ខណៈ​ដែល​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ស្ទើរតែ​ទាំង​អស់​មាន​ក្ដី​បារម្ភ​អំពី​ការ​ដឹកនាំ​លើក​ទី​ពីរ​របស់​លោក Trump ដោយ​បាន​ព្រមាន​ថា​ ការ​ដឹកនាំ​នេះ​នឹង​ដូច​ទៅ​នឹង «ការ​ដឹកនាំ​បែប​ផ្ដាច់ការ» ប្រតិកម្ម​ក្នុង​ចំណោម​សមាជិក​គណបក្ស​សាធារណរដ្ឋ​ចំពោះ​ការ​ដឹកនាំ​លើក​ទី​ពីរ​របស់​លោក Trump នេះ​មាន​ភាព​ខុសៗ​គ្នាយ៉ាង​ខ្លាំង។ សមាជិក​គណបក្ស​សាធារណរដ្ឋ​ខ្លះ​បាន​លើកឡើង​អំពី​ក្ដី​បារម្ភ ចំណែក​ឯ​សមាជិក​គណបក្ស​សាធារណរដ្ឋ​ខ្លះ​ទៀត​ចាត់ទុក​វោហារសាស្ត្រ​របស់​លោក Trump ថា​មិន​សូវ​សំខាន់​ដោយ​និយាយ​ថា​ក្ដី​បារម្ភ​អំពី​រឿង​នេះ​ដូច​ជា​ជ្រុល​ហួសហេតុ​ពេក។
 
ទោះជា​យ៉ាងណា​ក៏ដោយ ភាព​ខុសប្លែក​គ្នា​ចម្បង​គឺ​ថា​សមាជិក​គណបក្ស​សាធារណរដ្ឋ​ភាគ​ច្រើន​ដែល​បាន​បង្ហាញ​ក្ដី​បារម្ភ​អំពី​ទំនោរ​ផ្ដាច់ការ​របស់​លោក Trump គឺ​លែង​ជា​សមាជិក​សភា​តទៅ​ទៀត​ឬ​ក៏​បាន​ប្រកាស​អំពី​ការ​ចូល​និវត្តន៍​របស់​ពួកគេ ដែល​នេះ​បង្ហាញ​ថា ​ការ​ប្រឆាំង​ចំពោះ​គោល​បំណង​ដែល​បង្ហាញ​ឡើង​របស់​លោក Trump ប្រហែលជា​មិន​មែន​ជា​គោល​ជំហរ​ដែល​អាច​ការពារ​បាន​នៅ​ក្នុង​គណបក្ស​សាធារណរដ្ឋ​សម័យបច្ចុប្បន្ននេះ​ទេ។
 

រូបឯកសារ៖ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក​លោក Donald Trump ថ្លែង​ទៅកាន់​សមាជិក​សភាអាមេរិក​ពី​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨។
 
ការ​សងសឹក​និង​ការ​តាម​ផ្ដន្ទាទោស
 
កាលពី​ពេល​ថ្មីៗ​នេះ លោក Trumpបាន​សន្យា​ចំពោះ​អ្នក​គាំទ្រ​របស់​លោក​ថា​លោក​នឹង​ធ្វើ «ការ​ផ្ដន្ទោទោស» ជំនួស​ពួកគេ ប្រសិនបើ​លោក​អាច​ធ្វើ​ជា​ប្រធានាធិបតី​ម្ដង​ទៀត ហើយ​លោក​បាន​ប្រើ​ភាសា​ស្រដៀង​ទៅ​នឹង​ភាសា​អាក្រក់​បំផុត​នៃ​របប​ហ្វាស៊ីស​នៅ​អឺរ៉ុប​នៅ​ទសវត្សរ៍ ១៩៣០ និង​ទសវត្សរ៍ ១៩៤០ ដោយ​លោក​បាន​ហៅ​គូ​ប្រជែង​នយោបាយ​របស់​លោក​ថា «មនុស្ស​ចង្រៃ» និង​បាន​ព្រមាន​ថា​ជន​អន្តោប្រវេសន៍ «កំពុង​បំពុល​ឈាម» របស់​សហរដ្ឋ​អាមេរិក។
 
លោក Trump ក៏​បាន​បង្ហាញ​អំពី​ចំណាប់​អារម្មណ៍​ផង​ដែរ​នៅ​ក្នុង​ការ​ចាត់​ថ្នាក់​ឡើង​វិញ​នូវ​មន្ត្រី​រដ្ឋការ​ស៊ីវិល​ជា​ច្រើន​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ជា​មន្ត្រី​ដែល​មាន​ឋានៈ «Schedule F» ដែល​លោក​អាច​បញ្ឈប់​តំណែង​មន្ត្រី​ទាំង​នេះ​ពេល​ណា​ក៏បាន​ប្រសិនបើ​លោក​ចង់។
 
សម្ព័ន្ធភាព​អង្គការ​ស្រាវជ្រាវ​គោល​នយោបាយ​អភិរក្ស​និយម​ដែល​ដឹកនាំ​ដោយ​អង្គការ Heritage Foundation នា​ពេល​បច្ចុប្បន្ន​នេះ «កំពុង​ពិនិត្យ» លើ​អ្នក​គាំទ្រ​លោក Trump រាប់​ពាន់​នាក់​ដែល​ចាប់​អារម្មណ៍​នៅ​ក្នុង​ការ​បម្រើការ​នៅ​ក្នុង​រដ្ឋបាល​លើក​ទី​ពីរ​របស់​លោក និង​ដែល​គេ​អាច​រំពឹង​ថា​នឹង​អនុវត្ត​តាម​គោល​បំណង​របស់​លោក​ដោយ​ស្មោះស្ម័គ្រ។
 
លោក Trump ក៏​បាន​សន្យា​ផង​ដែរ​ថា​នឹង​ចាត់​វិធានការ​ជាក់លាក់​មួយ​ចំនួន ដែល​ក្នុង​នោះ​រួម​មាន​ទាំង «ការ​តាម​ផ្ដន្ទាទោស» លោក​ប្រធានាធិបតី Joe Biden និង​ក្រុម​គ្រួសារ​របស់​លោក Biden ដោយ​ប្រើ «រដ្ឋអាជ្ញា​ពិសេស» ផង​ដែរ។ ជាង​នេះ​ទៀត លោក​បាន​បង្ហាញ​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ណា​ដែល​រិះគន់​លើ​លោក​គួរតែ​បំបិទ​មាត់។
 
អ្នក​គាំទ្រ​ស្មោះស្ម័គ្រ​បំផុត​របស់​លោក Trump បាន​គាំទ្រ​ការ​គំរាម​ទាំង​នេះ​របស់​លោក។
 
នៅ​ក្នុង​កិច្ច​សម្ភាសន៍​កាលពី​ពេល​ថ្មីៗ​នេះ​ជាមួយ​នឹង​លោក Steve Bannon ទីប្រឹក្សា​សេតវិមាន​សម័យ​លោក Trump លោក Kash Patel ដែល​ធ្លាប់​ធ្វើ​ជា​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ក្នុង​រដ្ឋបាល​លោក Trump បាន​និយាយ​ថា នៅ​ក្នុង​អាណត្តិ​ទី​ពីរ​របស់​លោក Trump «យើង​នឹង​ស្វែងរក​អ្នក​ចូលរួម​ក្នុង​ផែនការ​ឃុបឃិត​សម្ងាត់​មិន​ត្រឹមតែ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​នៅ​ក្នុង​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទៀត​ផង។...ជា​ការពិត យើង​នឹង​តាម​ផ្ដន្ទាទោស​អ្នក​ដែល​ធ្វើ​ការ​នៅ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​កុហក​អំពី​ពលរដ្ឋ​អាមេរិកាំង ដែល​ជួយ​លោក Joe Biden ឱ្យ​លួច​បន្លំ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី។ យើង​នឹង​តាម​ផ្ដន្ទាទោស​អ្នក មិន​ថា​ផ្នែក​ព្រហ្មទណ្ឌ​ឬ​ផ្នែក​រដ្ឋប្បវេណី​នោះ​ទេ យើង​នឹង​គិតគូរ​ឱ្យ​ឃើញ​អំពី​រឿង​នេះ»។
 
លោក Bannon បាន​បន្ថែម​ទៅ​នឹង​ការ​លើកឡើង​របស់​លោក Patel ថា៖ «នេះ​មិនមែន​គ្រាន់តែ​ជា​ការ​និយាយ​បែប​វោហារសាស្ត្រនោះ​ទេ។ យើង​ពិតជា​មិន​លេង​សើច​នោះ​ឡើយ»។
 
មេដឹកនាំ​ផ្ដាច់ការ​មួយ​ថ្ងៃ?
នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​លោក Sean Hannity នៃ​ទូរទស្សន៍ Fox News កាលពី​ថ្ងៃ​ទី ៥ ខែ​ធ្នូ​កន្លង​ទៅ​នេះ លោក Trump មាន​ឱកាស​ស្រាយ​ក្ដី​កង្វល់​ដែល​ថា​លោក​នឹង​មាន​ឥរិយាបថ​ដូច​ជន​ផ្ដាច់ការ​ប្រសិនបើ​លោក​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ម្ដង​ទៀត។
 
លោក Hannity បាន​សួរ​ថា៖ «ចូរ​បញ្ជាក់​ឱ្យ​បាន​ច្បាស់ ប្រសិនបើ​លោក​ត្រូវ​បាន​ជ្រើសរើស​ជា​ប្រធានាធិបតី​ម្ដង​ទៀត តើ​លោក​មាន​ផែនការ​រំលោភ​អំណាច រំលោភ​ច្បាប់ ប្រើ​រដ្ឋាភិបាល​ដើម្បី​តាម​ផ្ដន្ទាទោស​គេ​ឯង​ឬ​ទេ?»។
 
លោក Trump បាន​ឆ្លើយតប​ដោយ​មិន​ផ្ដល់​ចម្លើយ​ចំពោះ​សំណួរ​នេះ​ថា៖ «អ្នក​ចង់​មាន​ន័យ​ថា​ដូច​អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ​នៅ​ពេល​ឥឡូវ​នេះ?»។
 
ប៉ុន្មាន​នាទី​ក្រោយ​មក លោក Hannity បាន​ព្យាយាម​សួរ​ម្ដង​ទៀត​ថា៖ «មិន​ថា​ក្រោម​កាលៈទេសៈ​ណា​នោះ​ទេ តើ​លោក​ហ៊ាន​សន្យា​ជាមួយ​នឹង​ពលរដ្ឋ​អាមេរិកាំង​នៅ​យប់​នេះ​ថា​លោក​នឹង​មិន​រំលោភ​អំណាច​ជា​ដាច់ខាត​ដើម្បី​តាម​ផ្តន្ទាទោស​នរណា​ម្នាក់​ឬ​ទេ?»។
 
លោក Trump បាន​ឆ្លើយ​ថា៖ «ខ្ញុំ​ចូលចិត្ត [ការ​សួរ​របស់] លោក។ លោក​សួរ​ខ្ញុំ​ថា «ខ្ញុំ​នឹង​មិន​ធ្វើ​ជា​មេដឹកនាំ​ផ្ដាច់ការ​ទេ មែន​ទេ?» ខ្ញុំ​និយាយ​ថា «ទេ» ក្រៅ​ពី​ថ្ងៃ​ទី​មួយ​ដែល​យើង​នឹង​បិទ​ព្រំដែន​និង​ខួង​យក​ប្រេង។ បន្ទាប់​មក ខ្ញុំ​នឹង​លែង​ជា​មេដឹកនាំ​ផ្ដាច់ការ​ទៀត​ហើយ យល់​ឬ​ក៏​អត់?»។
 
យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក Trump មិន​បាន​ឆ្លើយតប​ចំពោះ​សំណើ​តាម​អ៊ីមែល​ដែល​សុំ​ឱ្យ​មាន​ការ​បញ្ជាក់​ឱ្យ​បាន​ច្បាស់​អំពី​ការ​លើកឡើង​របស់​លោក Trump នេះ​ទេ។
 

រូបឯកសារ៖ អតីតអភិបាល​រដ្ឋ New Jersey លោក Chris Christie អតីតអភិបាល​រដ្ឋ South Carolina អ្នកស្រី Nikki Haley អភិបាលរដ្ឋ​ Floriday លោក Ron DeSantis និង​សហគ្រិន​លោក Vivek Ramaswamy ​ជជែក​ដេញដោល​គ្នានៅ​ក្រុង Tuscaloosa រដ្ឋ Alabama កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣។
គណបក្ស​សាធារណរដ្ឋ​ចេញ​ការ​ព្រមាន
 
នៅ​ក្នុង​ការ​ជជែក​ដេញដោល​បឋម​របស់​បេក្ខជន​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​កាលពី​ថ្ងៃ​ទី ៦ ខែ​ធ្នូ​កន្លង​ទៅ​នេះ អតីត​អភិបាល​រដ្ឋ New Jersey លោក Chris Christie បាន​បង្ហាញ​នូវ​រូបភាព​ដ៏​អាក្រក់​នៃ​អ្វី​ដែល​លោក​គិត​ថា​ជា​ការ​ដឹកនាំ​មួយ​អាណត្តិ​ទៀត​របស់​លោក Trump។
 
លោក Christie បាន​និយាយ​ថា៖ «នេះ​ជា​បុរស​កំណាច​ពោរពេញ​ដោយ​កំហឹង​ដែល​ឥឡូវ​នេះ​ចង់​ធ្វើ​ជា​ប្រធានាធិបតី​ម្ដង​ទៀត​ដោយសារតែ​លោក​ចង់​តាម​ផ្ដន្ទាទោស​លើ​នរណា​ដែល​ប្រឆាំង​នឹង​លោក នរណា​ដែល​បាន​ព្យាយាម​ធ្វើ​ឱ្យ​លោក​ទទួល​ខុសត្រូវ​ចំពោះ​ទង្វើ​របស់​លោក ហើយ​រាល់​គោល​នយោបាយ​ទាំង​នេះ​ដែល​លោក​បាន​លើកឡើង​គឺ​អំពី​ការ​បន្ត​ផែនការ​តាម​ផ្ដន្ទាទោស»។
 
លោក Christie បាន​បន្ត​ថា៖ «តើ​ខ្ញុំ​គិត​ថា​លោក [Trump] និយាយ​លេង​នៅ​ពេល​ដែល​លោក​ថា​លោក​ជា​មេដឹកនាំ​ផ្ដាច់ការ​ឬ? អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​មើល​លើ​ប្រវត្តិសាស្ត្រ ហើយ​ហេតុ​ដូច្នេះ​ហើយ​ការ​មិន​បាន​និយាយ​ប្រឆាំង​នឹង​លោក [Trump] ការ​រក​លេស​ឱ្យ​លោក ការ​ធ្វើ​ពុត​ថា​ការណ៍​ដែល​លោក​ជា​ជន​រងគ្រោះ​បាន​ធ្វើ​ឱ្យ​លោក​កាន់តែ​ហ៊ាន​ឡើង...គឺ​ថា​ខ្ញុំ​សូម​និយាយ​ឱ្យ​បាន​ច្បាស់ ទង្វើ​របស់​លោក​គឺ​មិន​អាច​ទទួល​យក​បាន​នោះ​ទេ។ លោក​មិន​សក្ដិសម​នឹង​ធ្វើ​ជា​ប្រធានាធិបតី​នោះ​ឡើយ។ ចូរ​ប្រុង​ប្រយ័ត្ន​ឱ្យ​ហើយ​ទៅ​ថា​អ្នក​នឹង​ទទួល​បាន​អ្វី​នៅ​ពេល​ដែល​លោក Trump កាន់​អំណាច​ម្ដង​ទៀត។ លោក​នឹង​ឱ្យ​អ្នក​ដឹង​ថា​លោក​នឹង​ដើរ​តួ​ជា​អ្នក​ផ្ដន្ទាទោស​ជំនួស​អ្នក»។
 
លោក Trump មិន​បាន​ស្ថិត​នៅ​លើ​ឆាក​ជជែក​ដេញដោល​នោះ​ទេ ដោយ​លោក​បាន​បដិសេធ​មិន​ចូលរួម​នៅ​ក្នុង​ការ​ជជែក​ដេញដោល​បឋម​ណា​មួយ។
 
បេក្ខជន ៣ រូប​ទៀត​ខាង​គណបក្ស​សាធារណរដ្ឋ​ដែល​មាន​វត្តមាន​នៅ​លើ​ឆាក​ជជែក​ដេញដោល​នៅ​ពេល​នោះ​គឺ​អតីត​អភិបាល​រដ្ឋ South Carolina អ្នកស្រី Nikki Haley អភិបាល​រដ្ឋ Florida លោក Ron DeSantis និង​ពាណិជ្ជករ​លោក Vivek Ramaswamy។ បេក្ខជន​ទាំង ៣ រូប​បាន​ជៀសវាង​ធ្វើ​យ៉ាង​ណា​មិន​រិះគន់​ខ្លាំងក្លា​លើ​លោក Trump។ លោក Trump នៅតែ​នាំមុខ​នៅ​ក្នុង​ការ​ស្ទង់មតិ​លើ​អ្នក​ដែល​ទំនងជា​អ្នក​បោះឆ្នោត​នៃ​ការ​បោះឆ្នោប​បឋម។
 
«ការមមើ​ដើរ​ចូល​ទៅ​ក្នុង​ភាព​ផ្ដាច់ការ»
ក្ដី​បារម្ភ​របស់​លោក Christie ត្រូវ​បាន​សមាជិក​គណបក្ស​សាធារណរដ្ឋ​ផ្សេង​ទៀត​គាំទ្រ​ដូចជា​លោក Mitt Romney ដែល​ជា​សមាជិក​ព្រឹទ្ធសភា​តំណាង​រដ្ឋ Utahនិង​ជា​បេក្ខជន​ប្រធានាធិបតី​ឆ្នាំ ២០១២ ជាដើម ដែល​លោក​បាន​ប្រាប់​កាសែត Washington Post កាលពី​ពេល​ថ្មីៗ​នេះ​ថា មូលដ្ឋាន​គាំទ្រ​លោក Trump ហាក់ដូចជា​ចង់​ឱ្យ​លោក​មាន​ឥរិយាបថ​ដូចជា​ជន​អាជ្ញាធិបតេយ្យ។
 
លោក Rommey បាន​និយាយ​ថា៖ «មូលដ្ឋាន​គាំទ្រ​លោក​ចូលចិត្ដ​ទំនោរ​ដឹកនាំ​បែប​អាជ្ញាធិបតេយ្យ។ ខ្ញុំ​គិត​ថា​ពួកគេ​ចូលចិត្ត​គំនិត​ដែល​ថា​លោក​អាច​ប្រើ​យោធា​នៅ​ក្នុង​កិច្ចការ​ក្នុង​ប្រទេស និង​ថា​លោក​នឹង​សងសឹក​និង​តាម​ផ្តន្ទាទោស។ ហេតុ​ដូច​នេះ​ហើយ​បាន​ជា​លោក​លើកឡើង​អំពី​រឿង​នេះ​និង​នាំមុខដាច់​គេ​ក្នុង​ការ​ក្លាយជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ»។
 
កាលពី​ខែ​កញ្ញា លោក Romney បាន​ប្រកាស​ថា​លោក​នឹង​មិន​ឈរ​ឈ្មោះ​បោះឆ្នោត​នៅ​ឆ្នាំ​ក្រោយ​នោះ​ទេ។
 
អតីត​សមាជិក​រដ្ឋសភា​ខាង​គណបក្ស​សាធារណរដ្ឋ​តំណាង​រដ្ឋ Wyoming អ្នកស្រី Liz Cheney ដែល​បាន​រិះគន់​មិន​សំចៃ​មាត់​លើ​លោក Trump និង​ធ្លាប់​បម្រើ​ការ​នៅ​ក្នុង​គណៈកម្មាធិការ​រដ្ឋសភា​ដែល​ស៊ើប​អង្កេត​លើ​ការ​វាយ​ប្រហារ​ថ្ងៃ​ទី ៦ ខែ​មករា ឆ្នាំ ២០០១ លើ​វិមាន​សភា​សហរដ្ឋ​អាមេរិក បាន​ប្រាប់​ទូរទស្សន៍ CBS News កាលពី​ពេល​ថ្មីៗ​នេះ​ថា អ្នកស្រី​មើល​ឃើញ​យ៉ាង​ច្បាស់​ថា​ការ​ដឹកនាំ​លើក​ទី​ពីរ​របស់​លោក Trump នឹង​ទៅ​ជា​យ៉ាង​ណា។
 
អ្នកស្រី​បាន​និយាយ​ថា៖ «រឿង​មួយ​ដែល​យើង​ឃើញ​កំពុង​កើតឡើង​នៅ​ពេល​បច្ចុប្បន្ន​គឺ​ការ​មមើ​ដើរ​ចូល​ទៅ​ក្នុង​ភាព​ផ្ដាច់ការ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក»។
 

រូបឯកសារ៖ អតីតប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump និង​ប្រធានាធិបតីចិនលោក Xi Jinping ចាប់ដៃគ្នាក្នុង​កិច្ច​ប្រជុំ​មួយនៃអំឡុង​កិច្ចប្រជុំកំពូល G-20 នៅទីក្រុង Osaka ប្រទេសជប៉ុន កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩។
 
មិន​មែន​ជា​ការ​គំរាម​កំហែង​ធ្ងន់ធ្ងរ​ទេ
 
អ្នក​កាន់​តំណែង​បច្ចុប្បន្ន​ខាង​គណបក្ស​សាធារណរដ្ឋ​ដែល​គាំទ្រ​លោក Trump ជា​រឿយៗ​ចាត់ទុក​ថា​មិន​សូវ​សំខាន់​ចំពោះ​ការ​លើកឡើង​របស់​លោក​ដែល​ថា​លោក​នឹង​ប្រើ​ឃ្នាស់​អំណាច​រដ្ឋាភិបាល​ដើម្បី​ដាក់​ទោស​អ្នក​រិះគន់​លោក។
 
នៅ​ក្នុង​អំឡុង​ការ​ជជែក​ដេញដោល​កាលពី​ថ្ងៃ​ទី ៦ ខែ​ធ្នូ លោក DeSantis បាន​ច្រានចោល​ក្ដី​កង្វល់​ដែល​ថា​លោក Trump នឹង​មាន​ឥរិយាបថ​ដូច​ជន​ផ្ដាច់ការ​នៅ​ក្នុង​ការ​ដឹកនាំ​លើក​ទី​ពីរ​ប្រសិនបើ​លោក Trump ជាប់​ឆ្នោត។
 
លោក DeSantis បាន​និយាយ​ថា៖ «ចូរ​មើល​ទៅ! ប្រព័ន្ធ​ផ្សព្វផ្សាយ​កំពុង​ចាត់ទុក​ថា​ធំដុំ​ខ្លាំង​ចំពោះ​អ្វី​ដែល​លោក Trump បាន​និយាយ​អំពី​ការ​លើកឡើង​ទាំង​នេះ​មួយ​ចំនួន។ ខ្ញុំ​ចង់​រំឭក​ប្រជាពលរដ្ឋ​ថា​នោះ​មិន​មែន​ជា​របៀប​ដែលលោក Trump ​បានដឹកនាំ​នោះ​ទេ»។
 
សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​តំណាង​រដ្ឋ South Carolina លោក Lindsey Graham បាន​និយាយ​ជា​សាធារណៈ​ថា លោក​ជឿ​ថា​ការ​លើកឡើង​របស់​លោក Trump ទៅ​កាន់​លោក Hannity ចង់​មាន​ន័យ​បែប «កំប្លែង​លេងសើច» ប៉ុណ្ណោះ។
 
នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​នឹង​បណ្ដាញ​ព័ត៌មាន CNN កាលពី​ថ្ងៃ​ទី ៣ ខែ​ធ្នូ លោក Graham បាន​ជំទាស់​ទៅ​នឹង​ការ​អះអាង​របស់​អ្នកស្រី Cheney អំពី​របៀប​ដែល​លោក Trump នឹង​ដឹកនាំ​ប្រសិនបើ​លោក Trump នឹង​ជាប់​ឆ្នោត​ជា​លើក​ទី​ពីរ ដោយ​បាន​និយាយ​ថា ការ​អះអាង​ទាំង​នេះ​គឺ​កើត​ចេញ​ពី​គំនុំ​ផ្ទាល់​ខ្លួន​របស់​អ្នកស្រី​ជាមួយ​នឹង​លោក Trump។
 
លោក Graham បាន​និយាយ​ថា៖ «ព្រំដែន​របស់​យើង​គឺ​បាក់បែក​ខូចខាត។ មនុស្ស​តែ​ម្នាក់​គត់​ដែល​ពិតជា​នឹង​ជួសជុល​ព្រំដែន​បាក់បែក​ខូចខាត​នោះ​គឺ​លោក Donald Trump។ នៅ​ពេល​លោក​ធ្វើ​ជា​ប្រធានាធិបតី គ្មាន​បញ្ហា​សង្គ្រាម​កើតឡើង​នៅ​អ៊ុយក្រែន​ទេ។ ក្រុម​ហាម៉ាស់ (Hamas) និង​ក្រុម​ភេរវកម្ម​ផ្សេង​ទៀត​ខ្លាច​លោក Trump»។
 
នៅ​ពេល​សួរ​ឱ្យ​បញ្ចេញ​មតិ​អំពី​ការ​លើកឡើង​របស់​លោក Trump ដែល​ថា​លោក​នឹង​ធ្វើ​ជា​មេដឹកនាំ​ផ្ដាច់ការ​មួយ​ថ្ងៃ សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​តំណាង​រដ្ឋ North Carolina លោក Thom Tillis បាន​និយាយ​ថា៖ «លោក [Trump] បាន​និយាយ​ថា​លោក​នឹង​ធ្វើ​រឿង​ពីរ គឺ​លោក​នឹង​បិទ​ព្រំដែន​និង​ខួង​ប្រេង។ នរណា​ក៏​អាច​និយាយ​បាន​ដែរ​ថា​នេះ​ជា​ការ​រំលោភ​អំណាច។ ខ្ញុំ​គិត​ថា​នោះ​គឺ​ជា​ការ​ប្រើប្រាស់​អំណាច​យ៉ាង​ត្រឹមត្រូវ ហើយ​លោក​ប្រធានាធិបតី Biden បាន​បរាជ័យ​នៅ​ក្នុង​រឿង​នេះ»។
«ជន​អត្តាធិបតេយ្យ​តែង​ប្រាប់​អ្នក​ថា​ពួកគេ​ជា​នរណា»
 
អ្នកស្រី Ruth Ben-Ghiat ដែល​ជា​សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ New York University និង​ជា​អ្នក​និពន្ធ​សៀវភៅ «បុរស​ខ្លាំង៖ ពី​សម័យ​លោក Mussolini ដល់​បច្ចុប្បន្ន (Strongmen: From Mussolini to the Present)» បាន​រំឭក​អំពី​គ្រោះថ្នាក់​នៃ​ការ​មិន​ចាត់ទុក​វោហារសាស្ត្រ​របស់​លោក Trump ថា​ម៉ឺងម៉ាត់​នោះ។
 
អ្នកស្រី​បាន​សរសេរ​នៅ​ក្នុង​អ៊ីមែល​ឆ្លើយឆ្លង​ជាមួយ​នឹង VOA ថា៖ «អ្វីៗ​ទាំង​អស់​ដែល​លោក Donald Trump និយាយ​គួរតែ​យកចិត្តទុកដាក់​ឱ្យ​បាន​ហ្មត់ចត់។ ជន​អត្តាធិបតេយ្យ​តែង​ប្រាប់​អ្នក​ថា​ពួកគេ​ជា​នរណា​និង​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ។ នៅ​ក្នុង​ករណី​នេះ លោក Trump កំពុង​និយាយ​យ៉ាង​ច្បាស់​ថា​លោក​មាន​បំណង​ធ្វើ​ជា​មេដឹកនាំ​ផ្ដាច់ការ។ នេះ​គឺ​គ្មាន​អ្វី​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ទេ​ដោយសារតែ​លោក​ធ្លាប់​បាន​ញុះញង់​ឱ្យ​មាន​ការ​ធ្វើ​រដ្ឋប្រហារ​ដើម្បី​បាន​កាន់​អំណាច​ដោយ​ខុស​ច្បាប់​និង​ដោយសារតែ​ការ​អួត​សរសើរ​ដោយ​បើក​ចំហ​របស់​លោក​ចំពោះ​ក្រុម​មេដឹកនាំ​ដែល​ដូច​លោក​ដូចជា [ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir] Putin និង [ប្រធានាធិបតី​ចិន] លោក Xi [Jinping] ជាដើម»។
 
លោក Kurt Braddock សាស្ត្រាចារ្យ​ជំនួយ​ផ្នែក​សារគមនាគមន៍​នៃ​សាកលវិទ្យាល័យ American University ដែល​សិក្សា​ស្រាវជ្រាវ​អំពី​ទំនាក់ទំនង​រវាង​ភាសា​នយោបាយ​និង​អំពើ​ហិង្សា បាន​និយាយ​ថា ការ​ចាត់ទុក​វោហារសាស្ត្រ​របស់​លោក Trump ថា​មិន​សូវ​សំខាន់​ធ្វើ​ឱ្យ​អ្វីៗ​ភាគ​ច្រើន​ដែល​លោក Trump បាន​និយាយ​ក្លាយទៅជា​រឿង «ធម្មតា» នៅ​ក្នុង​ចំណោម​សាធារណជន​ទូទៅ។
 
លោក Braddock បាន​ប្រាប់ VOA ថា៖ «ពួកគេ​បាន​និយាយ​ថា​លោក [Trump] «គ្រាន់តែ​និយាយ​លេង​តែ​ប៉ុណ្ណោះ» អស់​រយៈពេល ៧ ឆ្នាំ​មក​ហើយ។ ហើយ​មិន​ថា​លោក [Trump] និយាយ​លេង​ឬ​ក៏​មែន​នោះ​ទេ គឺ​វា​មិន​សំខាន់​នោះ​ឡើយ។ [អ្វី​ដែល​សំខាន់​គឺ​ថា] មនុស្ស​មួយ​ចំនួន​យល់​ឃើញ​ថា​អ្វី​ដែល​លោក Trump និយាយ​គឺ​ជា​ការពិត»។
 
លោក Braddock បាន​និយាយ​ថា៖ «នៅ​ពេល​ដែល​មាន​អ្នក​ខ្លះ​ដែល​គោរព​នរណា​ម្នាក់​ខ្លាំង​ដូច​ទៅ​នឹង​អ្នក​ខ្លះ​ដែល​គោរព​លោក Trump នោះ យើង​ឃើញ​ថា​ការ​ធ្វើ​ឱ្យ​ភាសា​បែប​នេះ​ក្លាយទៅជា​ធម្មតា​គឺ​ជំរុញ​ឱ្យ​មាន​ឥរិយាបថ​វិជ្ជមាន​អំពី​អ្វី​ដែល​ភាសា​នេះ​ចង់​សំដៅ​លើ»។
 
លោក​បាន​បន្ថែម​ថា៖ «ដូច្នេះ នៅ​ពេល​ដែល​លោក [Trump] និយាយ​លេងសើច​អំពី​ការ​ធ្វើ​ជា​មេដឹកនាំ​ផ្ដាច់ការ ឬ​ក៏​និយាយ​លេងសើច​អំពី​អំពើ​ហិង្សា​លើ​សត្រូវ​នយោបាយ បើ​លោក​កាន់តែ​និយាយ នោះ​វា​នឹង​កាន់តែ​ក្លាយទៅជា​ផ្នែក​មួយ​នៃ​ពាក្យពេចន៍​ធម្មតា​របស់​យើង»៕

© រក្សាសិទ្ធិដោយ thmeythmey.com