អន្តរជាតិ
NOCC ជំរុញសហព័ន្ធកីឡាជាតិទាំងអស់ ពង្រឹងសមត្ថភាពអត្ដពលិកឡើងវិញ ត្រៀមស៊ីហ្គេមនៅថៃ
20, Dec 2023 , 12:14 pm        
រូបភាព
លោក វ៉ាត់ ចំរើន រូបពី NOCC
លោក វ៉ាត់ ចំរើន រូបពី NOCC
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ប្រាប់ឲ្យ សហព័ន្ធកីឡាជាតិទាំងអស់ ត្រូវពង្រឹង និងអភិវឌ្ឍសមត្ថភាព អត្ដពលិកឡើងវិញ ដើម្បីឲ្យសម្រេច បានលទ្ធផលល្អ ក្នុងស៊ីហ្គេម លើកទី៣៣​ នៅប្រទេសថៃ ឱ្យដូចសមិទ្ធផលដែលសម្រេចបាននៅកម្ពុជា ដែរ។



អគ្គលេខាធិការ NOCC បាននិយាយថា ស៊ីហ្គេម លើកទី៣២ អត្ដពលិកកម្ពុជា ធ្វើបានល្អ ដោយដណ្ដើមបានមេដាយ ២៨២ និងឈរនៅចំណាត់ថ្នាក់លេខ៤។ ដើម្បីបញ្ជាក់ថាការធ្វើម្ចាស់ផ្ទះ របស់កម្ពុជា ល្អ ដោយរៀបចំការប្រកួតសុក្រិត ហើយការឈ្នះមេដាយ អត្តពលិក បានមកដោយមិនមានការកាត់សេចក្ដីលំអៀង អគ្គលេខាធិការរូបនេះ ប្រាប់ឲ្យ សហព័ន្ធកីឡាជាតិទាំងអស់ ត្រូវពង្រឹង និងអភិវឌ្ឍសមត្ថភាព អត្ដពលិកជាតិឡើងវិញ ដើម្បីឲ្យសម្រេច បានលទ្ធផលល្អ ក្នុងស៊ីហ្គេម លើកទី៣៣។ 
 
ស៊ីហ្គេមលើកទី៣៣ នឹងត្រូវធ្វើនៅប្រទេសថៃ ដោយគ្រោងប្រព្រឹត្តទៅ នាអំឡុងខែធ្នូ ឆ្នាំ២០២៥។ អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជំរុញឲ្យសហព័ន្ធកីឡាជាតិទាំងអស់ ពង្រឹងនៅសមត្ថភាព និងការហ្វឹកហាត់របស់អត្ដពលិកជម្រើសជាតិឡើងវិញ ធ្វើយ៉ាងណា ឲ្យសម្រេចបានលទ្ធផលល្អ។ 
 
ដោយឡែក ស៊ីហ្គេម នៅកម្ពុជា ទទួលបានការសរសើរ ពីបណ្ដាលប្រទេសជាច្រើន ដោយរាប់បញ្ចូលពីបដិសណ្ឋារកិច្ចល្អ ការរៀបចំល្អ និងការកាត់សេចក្ដីត្រឹមត្រូវ។ លោក វ៉ាត់ ចំរើន បន្ថែមថា ចំនួនមេដាយ ២៨២ គឺជាសមិទ្ធផល ចេញពីសមត្ថភាពពិតរ​បស់អត្តពលិកកម្ពុជា។ ដើម្បីបញ្ជាក់ថាការធ្វើស៊ីហ្គេម នៅកម្ពុជា មានភាពត្រឹមត្រូវ មិនលំអៀង អគ្គលេខាធិការ NOCC រូបនេះ ណែនាំ សហព័ន្ធកីឡាជាតិទាំងអស់ ត្រូវយកចិត្តទុកដាក់ចំពោះការពង្រឹងសមត្ថភាព និងការហ្វឹកហាត់របស់កីឡាករ-កីឡាការិនី។ ប្រសិនជាអត្ដពលិកកម្ពុជា ធ្វើបានល្អ ក្នុងការប្រកួតស៊ីហ្គេម លើកទី៣៣ទេ នោះ គេនឹងយល់ថា ការធ្វើជាម្ចាស់ផ្ទះ របស់កម្ពុជា នឹងមានភាពល្អខ្លាំង។
 
ជាមួយនិងការជំរុញឲ្យពង្រឹងសមត្ថភាព និងការហ្វឹកហាត់ លោក វ៉ាត់ ចំរើន ក៏បានណែនាំ សហព័ន្ធកីឡាជាតិ ឲ្យមានការទាក់ទងជិតស្និតជាមួយសហព័ន្ធកីឡាអន្ដរជាតិ ដើម្បីសុំអាហារូបករណ៍ ជូនដល់កីឡាករ-កីឡាការិនី ទៅហ្វឹកហាត់នៅបរទេស។ ​អគ្គលេខាធិការ NOCC រូបនេះ បញ្ជាក់ថា ការហ្វឹកហាត់នៅក្រៅប្រទេស កម្ពុជា ចំណេញច្រើន ដោយសារ តែអត្ដពលិក អភិវឌ្ឍសមត្ថភាព គុណភាពបានខ្ពស់ និងឆាប់រហ័ស ព្រោះតែភាគច្រើននៅបរទេស មានវិន័យ កន្លែង ទីលានហ្វឹកហាត់ និងសម្ភារៈសុទ្ធតែល្អ។ ជាឧទាហរណ៍ នៅខេត្តយូណាន ប្រទេសចិន បានផ្ដល់អាហារូបករណ៍ ចំនួន៧ រយៈពេល ៣ឆ្នាំ សម្រាប់អត្តពលិកកម្ពុជា ទៅហ្វឹកហាត់នៅទីនោះ។
 
«ចំពោះស៊ីហ្គេម លើកទី៣៣ នៅប្រទេស យើង ត្រូវអនុវត្តពង្រឹងការហ្វឹកហាត់យើង ឡើងវិញ លើគ្រប់ប្រភេទកីឡាទាំងអស់។យើង នឹងស្នើរឲ្យសហព័ន្ធកីឡាជាតិ ទាក់ទងសុំសហព័ន្ធអន្ដរជាតិ ដើម្បីរកអាហារូបករណ៍ ដើម្បីឲ្យកីឡាករ-កីឡាការិនី ទៅហ្វឹកហាត់នៅក្រៅប្រទេស។ ការទៅហាត់ក្រៅប្រទេស គឺយើងចំណេញ។ បើធៀបហាត់ក្នុងស្រុក និងក្រៅប្រទេស គឺនៅក្រៅប្រទេសយើងចំណេញ ព្រោះយើង ដឹងតែពីការហ្វឹកហាត់ និងសម្រួចការហ្វឹកហាត់ ម្យ៉ាងវិញទៀត គេមានវិន័យ កន្លែងល្អ ដៃគូល្អ ទីលានហ្វឹកហាត់ និងសម្ភារៈសុទ្ធតែល្អ។»។ លោក វ៉ាត់ ចំរើន បាននិយាយដូច្នេះ។
 
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបើកកិច្ចប្រជុំ ការពង្រឹងអភិបាលកិច្ចល្អរបស់សហព័ន្ធកីឡាជាតិ និង រៀបរបបការងាររបស់សហព័ន្ធកីឡាជាតិ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ កិច្ចប្រជុំនោះ មានការចូលរួមពី ៥១សហព័ន្ធ ក្រោមអធិបតីភាព លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា៕

Tag:
 វ៉ាត់ ចំរើន
  NOCC
© រក្សាសិទ្ធិដោយ thmeythmey.com