ជាតិ
សេដ្ឋកិច្ច
រាល់ថ្ងៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម​ ត្រូវការឈាមជាង៣០០ប្លោក ដើម្បីសង្គ្រោះជីវិតអ្នកជំងឺទូទាំងប្រទេស
22, Dec 2023 , 7:59 pm        
រូបភាព
 អ្នកស្រី វេជ្ជបណ្ឌិត មើក សាមាន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម កំពុងផ្តល់ការសម្ភាសឱ្យក្រុមអ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី២២ធ្នូ។
អ្នកស្រី វេជ្ជបណ្ឌិត មើក សាមាន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម កំពុងផ្តល់ការសម្ភាសឱ្យក្រុមអ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី២២ធ្នូ។
មួយថ្ងៃៗ មជ្ឈមណ្ឌលជាតិផ្តល់ឈាម  ត្រូវការឈាមប្រមាណ៣៥០ប្លោក  ដើម្បី​ជួយ​សង្គ្រោះ​ជនរង​គ្រោះ និង​​​​​​​​អ្នកជំងឺនៅទូទាំងប្រទេស។ នេះបើតាមការលើកឡើងរបស់អ្នកស្រី វេជ្ជបណ្ឌិត មើក សាមាន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម​។ លោកស្រីបានបញ្ជាក់ថា  ​ក្នុងនោះ គ្រាន់តែនៅភ្នំពេញ គឺត្រូវការឈាមរហូត​១៥០ប្លោកហើយ​ ខណៈបច្ចុប្បន្ន ប្រភពពី​អ្នកស្ម័គ្រចិត្តផ្តល់ឈាម​សម្រាប់​ជួយ​សង្គ្រោះជីវិតមនុស្សដែលត្រូវការឈាមបន្ទាន់នោះ គឺមានចំនួនតិចតួចនៅឡើយ។

 
​«យើង​ត្រូវការឈាមបន្ថែមទៀត ​ដើម្បីសង្គ្រោះ​ជីវិតមនុស្ស​បន្ទាន់»។  ​លោកស្រីវេជ្ជបណ្ឌិត មើក សាមាន បាននិយាយប្រាប់ក្រុមសារព័ត៌មានយ៉ាងដូច្នេះ ដោយបន្តអំពាវ​នាវដល់ប្រជាពលរដ្ឋខ្មែរ​ទូទាំងប្រទេស ជា​ពិសេស​​​ក្រុម​យុវជនឱ្យចូលរួមបរិច្ចាគឈាម ដើម្បីជួយជនរងគ្រោះដែលត្រូវការឈាមជាចាំបាច់។​
 
នាឱកាស ដែលបុគ្គលិកធនាគារអេស៊ីលីដា ភីអិលស៊ី​ គ្រប់លំដាប់ថ្នាក់ចូលរួមបរិច្ចាគឈាម នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម  នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣​ ​លោកស្រីវេជ្ជបណ្ឌិត មើក សាមាន បានបង្ហាញនូវការកោតសរសើរខ្ពស់ហើយបាន ចាត់ទុកថាសកម្មភាពនេះ គឺពិតជាចូលរួមចំណែកយ៉ាងខ្លាំង ដល់ការជួយសង្រ្គោះជីវិតមនុស្ស។ 
 


អនុមជ្ឈមណ្ឌលជាតិផ្តល់ឈាមរូបនេះបានបន្ថែមថា ៖ «​បើសិនជាគ្មាន ការចូលរួមពីសប្បុរស​ជនស្ម័គ្រចិត្តទាំងឡាយនោះទេ​ មជ្ឈមណ្ឌលជាតិផ្តល់ឈាម និងមន្ទីរពេទ្យ ទាំងអស់ ព្រមទាំងគ្រួសារអ្នកជំងឺ ពិតជាមានការលំបាក ដោយសារឈាមមានប្រភពពីក្នុងចំណោមប្រជាជនយើង។  ដូច្នេះ ការ​ចូលរួមរបស់​បងប្អូន​ពិត​ជា​មានសារៈ​សំខាន់​យ៉ាងខ្លាំងណាស់»។  
 
ជាមួយគ្នានេះ លោក លី ថៃ អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិអភិបាលកិច្ច នៃធនាគារអេស៊ីលីដា ភីអិលស៊ី បានលើកឡើងថា ការបរិច្ចាគឈាមពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជួយសង្គ្រោះ​ជន​រង​គ្រោះ និង​​អ្នក​​ជំ​ងឺ​​ដែលត្រូវការ​ឈាម ដើម្បីព្យាបាលជំងឺ។ លោកបានបញ្ជាក់ថា ​ការចូលរួមចំណែកក្នុងកិច្ចការសង្គមដ៏មានសារៈសំខាន់មួយនេះ កម្មករ​និយោជិតរបស់ ធនាគារ អេស៊ីលីដា ចូល​រួម​បរិច្ចាគ​ឈាមដោយ​ស្ម័គ្រចិត្ត​បាន ចំនួន៦ដង រួចមកហើយ។​​ ដោយឡែក សកម្មភាពចូលរួមបរិច្ចាគ​ឈាម នាថ្ងៃនេះ  គឺលើកទី៧ បន្ទាប់ពី ស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាល។  

លោក លី ថៃ អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិអភិបាលកិច្ច នៃធនាគារអេស៊ីលីដា ភីអិលស៊ី កំពុងផ្តល់ការសម្ភាសឱ្យក្រុមអ្នកសារព័ត៌មាន នៅមជ្ឈមណ្ឌជាតិផ្តល់ឈាម នាព្រឹកថ្ងៃទី២២ធ្នូ។​

បើតាម លោក លី ថៃ ការចូលរួមបរិច្ចាកឈាមលើកទី៧​នេះ គឺមានកម្មករ​និយោជិត​​ធនាគារ អេស៊ីលីដា គ្រប់​លំដាប់ថ្នាក់ នៅការិយាល័យកណ្តាល និងសាខាជុំវិញរាជធានីភ្នំពេញចំនួន១៧៨នាក់។​ ក្នុងនោះស្ត្រីមាន ៦៩នាក់ បានបន្តចូលរួមបរិច្ចាគឈាម ដើម្បីរួមចំណែកក្នុងសកម្មភាពសង្គម​ និង​​មនុស្សធម៌ សម្រាប់បំពេញតម្រូវការកង្វះឈាមក្នុងការជួយសង្គ្រោះអាយុជីវិត ជូនដល់​មជ្ឈមណ្ឌលជាតិ​ផ្តល់​ឈាម ក្នុងការ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ និង​​អ្នក​​ជំ​ងឺ​​ដែលត្រូវការ​ឈាមជាចាំបាច់​ ជាពិសេស​សម្រាប់ជួយជីវិត​មនុស្ស ដែលត្រូវការសង្គ្រោះបន្ទាន់។ ដោយឡែក សម្រាប់កម្មករនិយោជិត ធនាគារ អេស៊ីលីដា នៅតាមបណ្តាសាខា​ខេត្តចំនួន ៤១០នាក់ ក្នុងនោះស្រ្តីមានចំនួន ៩៣នាក់ ក៏បានចូលរួមបរិច្ចាគឈាមនៅតាមមន្ទីរពេទ្យបង្អែក​នៃ​ខេត្តនីមួយៗ ផងដែរ។
 
គិតត្រឹមដំណាច់ ខែកញ្ញា ឆ្នាំ២០២៣ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុប ចំនួនជាង ៩,៤០ប៊ីលានដុល្លារអាម៉េរិក, សមតុល្យឥណទានសរុបចំនួន ៦,៥៧ប៊ីលាន ដុល្លារអាម៉េរិក និងប្រាក់បញ្ញើពីអតិថិជនមាន៦,៩២ប៊ីលានដុល្លារអាម៉េរិក និងមានអតិថិជនប្រមាណជាង ៤,៤៣ លាននាក់។ ធនាគារ អេស៊ីលីដា មានចំនួនអ្នកប្រើប្រាស់ អេស៊ីលីដាម៉ូបាល ៣,១៣លាននាក់ និងមានដៃគូអាជីវកម្ម ចំនួន ៣១១.១៦៦ គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២៣៕ 
 

Tag:
 មជ្ឈមណ្ឌលជាតិផ្តល់ឈាម
© រក្សាសិទ្ធិដោយ thmeythmey.com