ជាតិ
កម្ពុជា​អាចឡើងកម្ដៅដល់៤១អង្សា និងបរិមាណទឹកភ្លៀងតិច នារដូវប្រាំងឆ្នាំ២០២៤
22, Dec 2023 , 6:59 pm        
រូបភាព
ការកើនឡើងកម្ដៅនៅរដូវប្រាំង។ រូបភាព៖ អង្គការ សន្សំម្លប់ព្រៃ
ការកើនឡើងកម្ដៅនៅរដូវប្រាំង។ រូបភាព៖ អង្គការ សន្សំម្លប់ព្រៃ
ភ្នំពេញ៖ កម្ពុជា អាចទទួលរងកម្ដៅរហូតដល់៤១អង្សា និងមានបរិមាណទឹកភ្លៀងតិច នៅរដូវប្រាំងឆ្នាំ ២០២៤ ដោយសារបាតុភូតសកលអែលនីញ៉ូ និងអែនសូ។ ផ្អែកតាមស្ថានភាពនេះ ក្រសួងធនធានទឹក បានក្រើនរំឭកដល់សាធារណជនឱ្យជួយសន្សំសំចៃទឹក ជាពិសេស អ្នកនៅតំបន់ដាច់ស្រយាល។



តាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីខែកុម្ភៈ ដល់ដើមខែឧសភា ឆ្នាំ២០២៤ កម្ដៅនឹងកើនឡើងជាលំដាប់។ ក្នុងនោះ ចន្លោះពីខែមេសា ដល់ដើមខែឧសភា កម្ដៅអាចកើនឡើងខ្លាំង ជាមួយនឹងសីតុណ្ហភាព៣៨អង្សា ហើយក្នុងថ្ងៃខ្លះអាចឡើងដល់៤១អង្សា។ ក្នុងពេលដែលកម្ដៅកើនឡើងនោះ បរិមាណទឹកភ្លៀងកក់ខែ ក៏ធ្លាក់ក្នុងចំនួនតិចតួចជាងឆ្នាំ២០២៣ដែរ ហើយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់កើតច្រើន។
 
កម្ដៅដែលកើនឡើងក្នុងប្រាំងខាងមុខនេះ បណ្ដាលមកពីបាតុភូតសកលអែលនីញ៉ូ និងអែនសូ។ តាមការតាមដានរបស់ក្រសួងធនធានទឹក ចាប់ពីខែធ្នូ ឆ្នាំ២០២៣ ដល់មករា ឆ្នាំ២០២៤ បាតុភូតអែលនីញ៉ូគ្រប់ដណ្ដាប់១០០ភាគរយ។ នៅក្នុងខែកុម្ភៈ បាតុភូតអែលនីញ៉ូមាន ៩០ភាគរយ និងអែនសូ១០ភាគរយ។ ចំពោះខែមីនា បាតុភូតអែលនីញ៉ូ ៧០ភាគរយ និងអែនសូ៣០ភាគរយ។ ចំណែក នៅខែមេសា បាតុភូតអែលនីញ៉ូ ៥០ភាគរយ និងអែនសូ ៥០ភាគរយ។ 
 
អែលនីញ៉ូ (EI Nino) និងអែនសូ (ENSO) គឺជាបាតុភូតមួយ ដែលអាចបង្កឱ្យកើតមានគ្រោះរាំងស្ងួត អាកាសធាតុក្តៅ​ខ្លាំង​ និងភ្លៀងធ្លាក់មិនទៀតទាត់។ 
 
ជាមួយគ្នានេះ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងដល់ ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ឱ្យចូលរួមថែរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់បំផុត ជាពិសេសបណ្តាតំបន់ជនបទដាច់ស្រយាលនៅឆ្ងាយពីប្រភពទឹក។ ទន្ទឹមនោះ សាធារណជន ក៏ត្រូវយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលនឹងអាចកើតមានច្រើនក្នុងខែមេសា និងឧសភា ឆ្នាំ២០២៤ ខាងមុខ ផងដែរ៕ 

Tag:
 អាកាសធាតុ
  រដូវប្រាំង
  ក្រសួងធនធានទឹក
© រក្សាសិទ្ធិដោយ thmeythmey.com